Ramos៖ អត់​ Ronaldo ក៏​ Real នៅ​តែ​អាច​ឈ្នះ​ពាន​

  • 2018-08-15 03:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាកចេញ​របស់​ Cristiano Ronaldo ទៅ​កាន់​ Juventus មិន​អាច​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​ឈ្នះ​ពាន​របស់​ Real Madrid ​ទេ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​ក្រុម​ Sergio Ramos។

Ronaldo បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​ទៅ​កាន់​ក្រុម​ជើង​ឯក​ Serie A ក្នុង​តម្លៃ​១១២​លាន​អឺរ៉ូ​ក្រោយ​ចំណាយ​ពេល​៩​ឆ្នាំ​ និង​ជួយ​ក្រុម​ឈ្នះ​ Champions League ៣​រដូវ​កាល​ជាប់​ៗ​គ្នា។​ ក្រោយ​បាត់បង់​កម្លាំង​សំខាន់​ Real នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ថ្មី​មក​ជំនួស​នៅ​ឡើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Julen Lopetegui។

Real Madrid ត្រូវ​លេង​ពាន​ UEFA Super Cup នៅ​យប់​​ថ្ងៃ​ពុធ​នេះ​ក្នុង​នាម​ជា​ជើង​ឯក​ UEFA Champions League ដោយ​ត្រូវ​ប៉ះ​ Atletico Madrid ជា​ជើង​ឯក​ Europa។ នេះ​គឺ​ជា​ប្រកួត​ផ្លូវ​ការ​លើក​ដំបូង​របស់​ពួកគេ​ដែល​គ្មាន​វត្តមាន​របស់​ Ronaldo។ យ៉ាង​ណា​ Ramos បាន​សម្លឹង​ពី​ចំណុច​វិជ្ជមាន​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ដោយ​អះអាង​ថា​គ្មាន​ Ronaldo ក៏​ Real នៅ​តែ​អាច​ឈ្នះ​ពាន​។

“ការ​បាត់​បង់​កីឡាករ​សំខាន់​​ពិត​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ ប៉ុន្តែ​វា​មិន​​អាច​ជា​ហេតុផល​ធ្វើ​ឲ្យ​យើង​លែង​ឈ្នះ​ពាន​នោះ​ឡើយ។​ ចូរ​អ្នក​មើល​ទៅ​អតីត​កាល​ Real បាន​ឆ្លង​កាត់​រឿងរ៉ាវ​លំបាក​បែប​នេះ​ច្រើន​រាប់​មិន​អស់​ហើយ​ទី​បំផុត​យើង​នៅ​តែ​ឈ្នះ។​ កីឡាករ​ទាំង​អស់​ត្រូវ​តែ​ប្រឹងប្រែង​ដើម្បី​ក្រុម​មិន​ថា​មាន​រឿង​​អ្វី​កើត​ឡើង​ទេ"។ Ramos និយាយ​ដូច្នេះ៕ ​

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម