លុយ ​៥ ០០០ដុល្លារ​​​ កែ​ប្រែ​វាសនា​​​អតីត​ក្មេង​កំព្រា​ម្នាក់​ក្លាយ​ជា​ថៅកែ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដ៏​ធំមួយ

  • 2018-08-15 04:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ក្មេង​​​កំព្រា​ឪពុក ​និង​មាន​អតីត​កាល​រស់​នៅ​​ក្នុង​​ជីវភាព​ខ្សត់ខ្សោយ​​ជាង​គេ​បំផុត​​នៅ​​ក្នុង​ភូមិ ​ប៉ុន្តែ​ដោយ​ការ​ខិត​ខំប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​ ​ភាព​​អំណត់​ និង​ការ​​តស៊ូ​ក្នុង​ជីវិត បច្ចុប្បន្ន​លោក​​​បាន​វិវឌ្ឍ​ខ្លួន​ជា​ម្ចាស់​​ក្រុមហ៊ុន​​ផ្គត់​ផ្គង់​សម្ភារៈ​សំណង់​ឈានមុខ​​​នៅ​កម្ពុជា ​ជាមួយ​នឹង​ដើម​ទុន​ដំបូង​ត្រឹម​ ៥ ០០០ដុល្លារ​ប៉ុណ្ណោះ។ ទុន​៥ ០០០​ដុល្លារ​ មិន​​ច្រើន​ឡើយ​ សម្រាប់​អ្នក​ដែល​ចង់​រកស៊ី​ក្នុង​វិស័យ​នេះ។​​

លោក ហ៊ួត ជា

​កើត​នៅឆ្នាំ ១៩៨០​ នៅ​ភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ លោក ហ៊ួត ជា គឺជា​កូនពៅ ក្នុង​ចំណោម​បង​ប្អូន​ ៤នាក់​ ដែល​មាន​​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ប្រកប​រប​រ​ធ្វើ​អ្នក​ស្រែ​ និង​លក់ដូរ​តិចតួច​ដើម្បី​ចិញ្ចឹម​កូន ខណៈ​លោក​ឪពុក​បាត់បង់ជីវិត​ដោយ​សារ​ចោរប្លន់​កាល​ពី​អំឡុង​ឆ្នាំ១៩៨០។  

ថ្វីបើ​លោក​ ​កើត​ក្នុង​គ្រួសារ​អ្នក​ក្រ ប៉ុន្តែ​​ឆន្ទៈ​​ចំពោះ​​ការ​រៀន​សូត្រ​របស់​លោក​ គឺ​មិន​ដែល​រា​ថយ​ ឬ​បាក់​ទឹក​ចិត្ត​នោះ​ទេ។ មិនតែប៉ុណ្ណោះ​​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​កុមារា ហ៊ួត ជា ​រមែង​ចេះ​ជួយ​អ្នក​ម្តាយ​ ​ដើរ​ជញ្ជាត់​ត្រី​ និង​កំពឹស​ដើម្បី​ធ្វើ​ម្ហូប​ ស៊ី​ឈ្នួល​ដក​ស្ទូង ច្រូត​ស្រូវ អូស​រទេះ​ដឹក​ទឹក​លក់​ ​ឱ្យ​អ្នក​ជិត​ខា​ង គ្រាន់​បា​ន​ប្រាក់​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្នុង​ក្រុម​គ្រួសារ។ កុមារា ហ៊ួត ជា បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​ និង​អនុវិទ្យាល័យ​ភ្ញីមាស។ ដល់​វិទ្យាល័យ​លោក​រៀន​នៅ​​វិទ្យាល័យ​ ហេង​ សំរិន ព្រៃល្វា ។ ដើម្បី​ត្រៀម​ប្រលង​បាក់ឌុប​ លោក​បាន​ប្តូរ​មក​​រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​នោះ​​ម្ដាយ​លោក​ប្រកប​របរ​លក់​បន្លែ​នៅ​ផ្សារ​បឹង​កេងកង​ និង​បាន​ជួល​បន្ទប់​តូច​មួយ​ស្នាក់​នៅ។

ពេល​មក​ភ្នំពេញ​ដំបូង​ពេល​ហ្នឹង​ខ្ញុំ​រស់​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​ចំការមន ក្នុង​ជីវភាព​មួយ​​យ៉ាប់យ៉ឺន​​ដោយសារ​យើង​មក​ពី​ខេត្ត​ ហើយ​ម្ដាយ​ខ្ញុំ​គាត់​លក់​ដូរ​ បន្លែ​តិចតួច​នៅ​ផ្សារ​បឹង​កេងកង ហើយ​អ្វី​ដែល​ខ្ញុំ​ចងចាំ​ជាងគេ​គឺ​ខ្ញុំ​ត្រូវ​ដើរ​ពី​ចំការមន​ទៅ​សាលា​ទួល​ទំពូង​ដោយ​ចំណាយ​ពេល​​ជាង​កន្លះ​ម៉ោង​ទើប​ដល់​សាលា​។ ពេល​ចប់​ម៉ោង១១ ខ្ញុំ​ត្រូវ​ដើរ​ រហូត​​ជិត​ម៉ោង ១២​បាន​ដល់​​ផ្ទះ​ ហើយ​ពេល​ខ្លះ​ត្រូវ​ទៅ​ជួយ​លក់​ម្ដាយ និង​យក​ម្ហូប​មក​​ផ្ទះ។​ រស់​នៅ​ផ្ទះ​តូច​ចង្អៀត​ ​កន្លែង​គេង​ក្បែរ​បង្អន់”។ លោក ហ៊ួត ជា បន្ថែម។

ទោះ​យ៉ាងណា​ការ​ជម្នះ និង​ឧបសគ្គ​គ្រប់បែប​យ៉ាង​មិន​ធ្វើ​ឲ្យ​លោក​ខក​បំណង​ទេ។ លោក​បាន​​ជាប់​សញ្ញាបត្រ​បាក់​ឌុប​នៅ​ឆ្នាំ​ ១៩៩៨ និង​​​​​បាន​បន្ត​ការ​សិក្សា​​​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង(​សាកលវិទ្យាល័យ​ជាតិ​​គ្រប់​គ្រង) លើ​ជំនាញ​ទីផ្សារ។

“​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស ជំនាញ​ទីផ្សារ​ដោយ​សារតែ​​អ្នក​ជោគជ័យ​មួយ​ចំនួន​ផ្តើម​ចេញ​ពី​​អ្នក​ចេះ​លក់។ នៅ​ពេល​ដែល​យើង​ចេះ​លក់​ហើយ​ទើប​យើង​អាច​ទៅ​ធ្វើ​អី​ផ្សេង​ទៀត​បាន​។ឧទាហរណ៍​ថា យើង​ទៅ​ដណ្ដឹង​កូន​គេ គេ​សួរ​ថា យើង​ចេះ​រកស៊ី​អត់​? ពាក្យ​រក​ស៊ី​ហ្នឹង​ហើយ​​ជា​ការ​លក់ដូរ​”។

លោក​បាន​ប្ដូរ​​មក​រៀន​ពេល​យប់​ និង​ឆ្លៀត រក​ការងារ​ធ្វើ​​ ដើម្បី​បាន​ប្រាក់​កម្រៃ​ខ្លះ​មក​បន្ត​​ការសិក្សា។ លោក​បាន​ក្លាយ​ជា​បុគ្គលិក​បើក​បរ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ ដែល​នេះ​ត្រូវ​បាន​លោក​ចាត់​ទុក​ថា ​ជា​ស្ពាន​ចម្លង​ និង​ក្ដី​សង្ឃឹម​ថ្មី​មួយ​ ដើម្បី​អាច​នាំ​លោក​ឱ្យ​ទទួល​​ជោគជ័យ​លើ​ការ​​ នៅ​មហាវិទ្យាល័យ​។

ដោយ​ភាព​ឆ្លាត​វាងវៃ​​លើ​កិច្ច​ការងារ ជាពិសេស​នៅ​ពេល​ប្រជុំ​ម្តងៗ​លោក​តែង​បាន​ឡើង​បញ្ចេញមតិ​កែ លម្អ​ស្ថាន​ភាព​លក់​របស់​ក្រុមហ៊ុន រហូត​ដល់​ប្រធាន​ក្រុមហ៊ុន​មើល​ឃើញ និង​ទទួល​ស្គាល់​ថា លោកជា​អ្នក​មាន​សមត្ថភាព​ម្នាក់ និង​មិន​សម​ធ្វើ​ជា​អ្នក​បើក​ឡាន​ទៀត​ឡើយ ទើប បាន​ដំឡើង​ឋានៈ​ឱ្យ​ក្លាយ​ជា​បុគ្គលិក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​នោះ​តែ​ម្តង ខណៈ​លោក​ធ្វើ​ជា​អ្នក​បើកបរ​បាន​ប្រហែល​មួយ​ខែ​តែ​ប៉ុណ្ណោះ។

នោះ​ហើយ គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការងារ​ជា​អ្នក ទីផ្សារ​លើក ដំបូង​របស់​លោក។ “​កាល​ហ្នឹង​បើ​យើង​ឧទាហរណ៍​ថា យើង​​ធ្វើ​ការងារ​ឱ្យ​គេ​ប្រាក់​ខែ ១០០​ដុល្លារ​ តែ​គំនិត​របស់​យើង​ និង​ការងារ​របស់​យើង​ហ្នឹង​ធ្វើ​ដល់​ប្រាក់ខែ ៣០០ដុល្លារ ទៅ​៥០០​ដុល្លារ​ឯណោះ។ អញ្ចឹង​មាន​ឱកាស​ថៅកែ​គាត់​ចាប់​ផ្ដើម​ដំឡើង​ខ្ញុំ​ជាបុគ្គលិក​ផ្នែក​ទីផ្សារ និង​ទទួល​បាន​បទ​ពិសោធន៍​តៗ​មក​”។ លោក ហ៊ួត ជា និយាយ។

លោក​បាន​បំពេញ​​ការងារ​ជា​បុគ្គលិក​ធម្មតា រហូត​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​ជាច្រើន បន្ទាប់​ពី​បាន បំពេញ​ការងារ​ប្រមាណ​ ៤ឆ្នាំ​។ មែនទែន​​ទៅ​ការងារ​​ជា​អ្នក​បើក​បរ​​ មិន​មែន​ជា​ការងារ​​ដំបូង​របស់​លោក​​នោះ​ទេ​ ពេល​ឡើង​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ដើម្បី​ត្រៀម​ប្រលង​បាក់ឌុប​លោក​ធ្លាប់​បម្រើ​ការងារ​ជា​អ្នក​យាម​សម្ភារ​សំណង់​ឱ្យ​ក្រុម​ហ៊ុន​មួយ​ផងដែរ។ ដោយ​ពេល​ទៅ​សិក្សា​ និង​ពេល​យប់​យាម​សម្ភារ​សំណង់​ឱ្យ​គេ។  

បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​ជាច្រើន​ និង​បាន​ដឹង ច្បាស់​ថា ខ្លួន​ឯង​មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​ដឹក​នាំ​ក្រុមហ៊ុន​ស្រប​ពេល​ដែល​វិស័យ សំណង់ កំពុង មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ផង​នោះ លោក​ក៏​បាន​សម្លឹង​ឃើញ ឱកាស​នៅ​លើ​ទីផ្សារ​កម្ពុជា។

នៅថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១០ លោក​បាន​បង្កើត​ដេប៉ូ​លក់​សម្ភារៈ​សំណង់​ជាមួយ​នឹង​ដើម​ទុន​ប្រមាណ​៥ ០០០​ដុល្លារ​អាមេរិក ដោយមាន​បុគ្គលិក​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​រូប​លោក និង​ប្អូន​ជីដូនមួយ​​ម្នាក់​ទៀត ក្នុង​ការ​រក​ទីផ្សារ​លក់​ផលិត​ផល​​​។ ដើម​ទុន​ប៉ុណ្ណឹង​សម្រាប់​ការ​រកស៊ី​លើ​ការ​ផ្គត់​ផ្គង់​គ្រឿង​សំណង់ ជា​ចំនួន​ដ៏​តិច​តួច​ស្តួច​ស្តើង​បំផុត ប៉ុន្តែ​ទីបំផុត​លោក​អាច​ជម្នះ​នឹង​ឧបសគ្គ​ទាំង​ឡាយ រហូត​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​លើ​ទីផ្សារ។

លោក​មិន​មាន​ដើម​ទុន​រាប់​លាន​ដុល្លារ​ ដើម្បី​បោះ​ទុន​វិនិយោគ​ដូច​ក្រុមហ៊ុន​ឯទៀត​នោះ​ទេ ប៉ុន្តែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុខ​មាំ​ថា ការ​វិនិយោគ​ប្រៀប​ដូចជា​ការ​ដាំ​ដើម​ឈើ​ពី​តូច ហើយ​ខំប្រឹង​ថែទាំ ស្រោច​ទឹក​ដាក់ជី ដើម​ឈើ​នោះ​នឹង​រីក​លូតលាស់​ឡើង​ធំ​មិនខាន ហើយ​ការ​រក​ស៊ី​ដាក់​ទុន​ធំ​តែ​ម្តង ប្រៀប​ដូចជា​ការ​គាស់​ដើម​ឈើ​ធំ​មួយ​ដើម​ទៅ​ដាំ​ដូច្នោះ​ដែរ វា​នឹង​មាន​លទ្ធផល​២​ ចេញ​មក​វិញ គឺ​អាច​ងាប់ និង​អាច​រស់។

“ដើម​ទុន ​៥ ០០០​ដុល្លារ​​ល្មម​ទេ ប៉ុន្តែ​បើ​យើង​មាន​សុចរិត​ភាព និង​កត្តា​ស្មោះត្រង់​ យើង​អាច​មាន​ដើម​ទុន​លើស​ពី​៥ ០០០​ដុល្លារ រហូត​ដល់​រាប់​ម៉ឺន​ រាប់​សែន​ដុល្លារ។ អញ្ចឹង​ខ្ញុំ​បាន​ទាញ​យក​កត្តា​ស្មោះត្រង់​ហ្នឹង​ជា​ដើម​ទុន​”។   បន្ថែម​លើ​នេះ​លោក​បាន​ឱ្យ​ដឹង​ថា អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លោក​រីក​ចម្រើន​ឡើង​នោះ គឺ​ក្រុមហ៊ុន ផ្អែក​ទៅ​លើ​កត្តា​សំខាន់​ធំៗ​ចំនួន​៣

  • ទី ១ គឺ​អ្នក​ផ្គត់ផ្គង់ ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ជាមួយគ្នា។

  • ទី ២ កត្តា​បុគ្គលិក សម្រាប់​បុគ្គលិក គឺ​យើង​មិន​ត្រឹម​ស្រលាញ់​តែ​មាត់​ទេ គឺ​យើង​ត្រូវ​ផ្ដល់​អត្ថប្រយោជន៍ និង លក្ខខណ្ឌ​ល្អ​ៗ ផ្ដល់​ក្តី​សង្ឃឹម​ដល់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគតផង

  • ទី ៣ កត្តា​អតិថិជន គឺ​នៅ​ពេល​ដែល​យើង​មាន​ផលិតផល​គុណភាព​ល្អ តម្លៃ​ល្អ ហើយ​មាន​បុគ្គលិក បម្រើ​សេវាកម្ម បាន​ល្អ​ហើយ​នោះ នឹង​មាន​ការ​គាំទ្រ​ពី​អតិថិជន​មិនខាន។ បន្ទាប់ពី​ក្រុមហ៊ុន​ដំណើរ​ការ​ហើយ អ្វី​ដែល​យើង​ត្រូវ​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត​នោះ​គឺ ប្រាក់​ចំណូល​ដែល​រក​បាន គឺ​យើង​ត្រូវ​ធ្វើការ ចាយ​វាយ​ដោយ​ប្រយ័ត្ន​បំផុត បើ​សិន​ជា​ចាយ​ខុស​ខ្ទង់​ណា​មួយ អាច​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាតបង់ ពេល​នោះ​ភាព​បរាជ័យ​កាន់តែ​ខិត​ជិត​មក​រក​យើង​ហើយ។   មក​ដល់​ពេល​នេះ​ លោក ហ៊ួត ជា​ បាន​ទទួល​ផ្លែ​ផ្កា​​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ផ្ទាល់។ បច្ចុប្បន្ន​ក្រុមហ៊ុន ហ៊ួត​ ជា ផ្គត់​ផ្គង់​សម្ភារៈ​សំណង់​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ ២០១៥  និង​បាន​បង្កើត​សាខា​បាន ២៣សាខា មាន​៨​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត មាន​សក្តានុពល​មួយ​ចំនួន និង​​​បាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ប្រមាណ ៣០០នាក់។ ទិសដៅ​​នៅ​​ឆ្នាំ​បន្ទាប់​ ក្រុម​ហ៊ុន​មាន​បំណង​សំខាន់​បី​​៖

  • ទី១​​ពង្រីក​សាខា​ ​ក្រោម​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​ឱ្យ​បាន​២៥ រាជធានី​ខេត្ត​ទូទាំង​ប្រទេស។

  • ទី២ ជា​ក្រុម​ហ៊ុន​លក់​សម្ភារៈ​សំណង់​ចែកចាយ​ធំ​ជាងគេ​។

  • ទី​៣ ជា​ក្រុមហ៊ុន ដែល​អាច​​ចែក​រំលែក​ប្រាក់​ចំណេញ២%​ ទៅ​ជួយ​ការងារ​សង្គម ខណៈ​​កន្លងមក​​ក្រុមហ៊ុន​លោក​បាន​ចូលរួម​សកម្មភាព​សង្គម​យ៉ាង​ច្រើន​។

ទោះ​ជា​បច្ចុប្បន្ន លោក​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​ក៏​ពិត​មែន​ ប៉ុន្តែ សហគ្រិន​វ័យ​ក្មេង​​មាន​ប្រភព​មក​ពី​ខេត្ត​តាកែវ​រូប​នេះ ​នៅ​តែ​ចាត់​ទុក​ថាខ្លួន​មិន​ទាន់​ជោគជ័យ​ធំ​នៅ​ឡើយ​ទេ​សម្រាប់​គោលដៅ​បច្ចុប្បន្ន។

លោក​ចង់​ពង្រីក​សាខា​ឱ្យ​កាន់​តែ​ច្រើន​ ដើម្បី​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​ខ្ទង់​​ម៉ឺន​នាក់​​ឡើង​ ទើប​លោក​ចាត់​ទុក​ថា ជា​ភាព​ជោគជ័យ​សម្រាប់​ខ្លួនឯង។ ​ដូច្នេះ​លោក​ត្រូវ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​បន្ថែម​ទៀ​ត​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​នេះ។ យ៉ាង​ណា​មិញ​អ្វី​ដែល​លោក​សម្រេច​បាន​ នា​ពេល​បច្ចុប្បន្ន​មិន​កើត​ឡើង ​ដោយចៃដន្យ​នោះ​ទេ ពោល​កើត​ឡើង​ពី​ការ​ខិត​ខំប្រឹង​ប្រែង តស៊ូ អត់ធ្មត់​ និង​ការ​គិត​របស់​យើង​ផ្ទាល់​។ រំលឹក​ដល់​ចំណុច​នេះ​លោក ហ៊ួត​ ជា បាន​ឱ្យ​ដឹងថា “ធ្លាប់​​មាន​ថ្ងៃមួយ​ខ្ញុំ​បាន​សួរ​ទៅ​ម្ដាយ​ខ្ញុំ​ថា ម៉ែ…ហេតុអ្វី​ខ្ញុំ​ត្រូ​វនៅ​រៀន​ផង ធ្វើការ​ផង ធ្វើ​ការបាន​លុយ…​​បាន​ទៅ​រៀន…ហេតុ​អី​ជីវិត​​ខ្ញុំ​ខុស​ពី​គេ​ខ្លាំង​ម្ល៉េះ? កាលនោះ​ខ្ញុំ​សួរ​របៀ​បដូច​ជា​កូន​ក្មេង…សួរ​របៀប​ឆោត​…ពេល​នោះ​ដំណក់​ទឹក​ភ្នែក​ម្ដាយ​ខ្ញុំ​ចាប់ផ្តើម​ហូរ​​ស្រក់​ចុះ​មក​…គាត់​អាណិត​កូន ដែល​កំព្រា​ឪពុក​តាំង​ពីតូច​ ហើយ​គាត់​មក​ភ្នំពេញ​អត់​មាន​បងប្អូន និង​សាច់​ញាតិ​អី​ដែល​ត្រូវ​មាន​លុយ​ឱ្យ​​យើង​រកស៊ី​នោះ​ទេ។ ទឹក​​​ភ្នែក​អ្នក​ម្ដាយ​ពេល​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចេះ​គិត​​ និង​ចេះ​តស៊ូ”។

ជា​ការ​ពិត​ភាព​ក្រីក្រ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ចេះ​គិត ​គឺ​គិត​ធំ​តែ​ម្តង។ លោក​ថា បើ​ក្រ​ហើយ​គិត​តួច​នោះ​ យើង​នឹង​នៅ​តែក្រ តែ​បើ​គិត​ធំ​ ហើយ​ធ្វើ​ធំ​តាម​ផែន​ការ​នោះ​ គឺជា​ឱកាស​មួយ​អាច​ឈាន​ទៅ សម្រេច​ជោគ​ជ័យ​បាន។ ដូច្នេះ​កូន​អ្នក​​ក្រី​ក្រ​ក៏​អាច​ជោគជ័យ​បាន​ដែរ និង​ឈប់​គិត​ចំណុច​អវិជ្ជមាន គិត​​តែ​ចំណុច​វិជ្ជមាន​ និង​គិត​អ្វី​ដែល​ធំ។ ព្យាយាម​សម្លឹង​មើល​ផ្លូវ​ដើរ​ពី​បុគ្គល​ជោគជ័យ​ជាច្រើន​ឆ្លង​កាត់​កន្លងមក​។

មួយ​វិញ​ទៀត​លោក​ជឿ​លើ​ការ​ប្រព្រឹត្តិ​អំពើ​ល្អ អំពើ​ល្អ​មិន​ចេះ​សាបសូន្យ​នោះ​ទេ។ ផ្ទុយ​មក​វិញ​បើ​យើង​ធ្វើ​អំពើ​អ្វីមួយ​បំផ្លាញ​ដល់​អ្នក​ដទៃ នោះ​អ្នក​នឹង​មិន​ជោគជ័យ​ទេ៕          

អត្ថបទ៖ សុផល