ឆាប់​ៗ​នេះ​នឹង​មានការ​ប្រកួត​ Robot ដំបូង​បង្អស់​នៅ​កម្ពុជា អ្នក​ចេះ​ធ្វើRobot ជិត​បាន​បញ្ចេញ​ស្នាដៃ​ហើយ

  • 2018-08-15 05:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​​ប្រកួត​ប្រជែង​រ៉ូបូត​ដំបូង​បង្អស់​នៅ​កម្ពុជា រ៉ូបូតអូឡាំព្យាដ​ពិភពលោក (World Robot Olympiad) នៅ​ថ្ងៃ​សោរ៍ ទី២២ កញ្ញា ២០១៨ នេះ​ នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរ​​ដែល​មាន​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ស្នាដៃ​ និង​ចាប់​ឱកាស​ទៅ​ប្រកួត​ក្នុង​ឆាក​អន្តរជាតិ​ជាច្រើន​ទៀត​។ យុវជន​ដែល​ជោគជ័យ​ក្នុង​ការ​ប្រកួត​នេះ​នឹង​មា​ន​សិទ្ធិ​ឡើង​ទៅ​ប្រកួតបន្ត​​ក្នុង​​វគ្គផ្ដាច់​ព្រ័ត្រ​នៅ​ថៃ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

បេក្ខជន​ត្រូវ​កំណត់​ឲ្យ​​ប្រកួត​ជា​ក្រុម ដោយ​មាន​សមាជិក​ចំនួន​២ ឬ ៣​នាក់​ក្នុង​ក្រុម​នីមួយៗ និង​មាន​គ្រូ​ដឹក​នាំ​ម្នាក់ ដោយ​ពួកគេ​ត្រូវ​មាន​ Robot ដោយ​ខ្លួន​ឯង​។ ការ​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​វិញ្ញាសា ៖ (១) វិញ្ញាសាសម្រាប់​កុមារ​អាយុ​ចាប់​ពី១៣ ដល់១​៥​ឆ្នាំ និង (២) សម្រាប់​មនុស្ស​ធំ​អាយុ​ចាប់​ពី​១៦ ដល់​១៩ឆ្នាំ។

សម្រាប់​ការ​ប្រកួត​ក្នុង​ខែ​កញ្ញា ២០១៨​នេះ​ បេក្ខជន​ប្រកួត​ត្រូវ​យក LEGO Mindstorms Robot Kit របស់​ខ្លួន ចូល​ក្នុង​កម្មវិធី​ជួបជុំ​​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ប្រកួត ហើយ​ព័ត៌មាន​បន្ថែម​ពី​ព្រឹត្តិការណ៍​នេះ រួម​ទាំង​ការ​ចុះ​ឈ្មោះ​ផង​ដែរ មាន​នៅ​លើ​ទំព័រ​វិបសាយ www.stemcambodia.ngo

ការ​ប្រកួត​ប្រជែង​រ៉ូបូតអូឡាំព្យាដ​ពិភពលោក​​ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​ ២០០៤ ដោយ​​បាន​ផ្តល់​​នូវ​បរិយាកាស​ប្រកួតប្រជែង​អន្តរជាតិ​មួយ​យ៉ាង​ពិត​ប្រាកដ​ដល់​យុវជន​ដែល​មាន​ចំណូល​ចិត្ត​​លើ​បច្ចេកវិទ្យា​ថ្មី​ៗ។ ជុំ​ប្រកួត​ជាច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជាង​ ៦០​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​ធានា​ថា​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ឆ្នាំ​មាន​ការ​ចូលរួម​ពី​អ្នក​ដែល​​​ឆ្លាតវៃ​បំផុត។

ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រកួត​ប្រជែង​រ៉ូបូត​អូឡាំព្យាដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅ​កម្ពុជា សូម​ទាក់ទង​មក​កាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា អ៊ីមែល wro@stemcambodia.ngo ឬ លេខទូរស័ព្ទ ០២៣ ៧២ ៧២ ៦២

ដោយ​ ៖ ដេត លីដា