ពិត​ទេ ដែល​ថា​ខ្សែ​ការពារ​ឆ្នើម Godin ចុះ​កុងត្រា​ថ្មី​ជាមួយ Atletico?

  • 2018-08-15 11:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Diego Godin ក្នុង​ថ្ងៃ​នេះ បាន​ចេញ​មុខ​បដិសេធ​របាយការណ៍​ដែល​ថា​ ខ្លួន​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Atletico Madrid។

ថ្លែង​មុន​ជំនួប​ដណ្ដើម​ពាន UEFA Super Cup ខ្សែ​ការពារ Godin បាន​និយាយ​ថា៖ "ខ្ញុំ​មិន​បាន​ចុះ​កុងត្រា​ថ្មី​នោះ​ទេ។ ខ្ញុំ​ទទួល​បាន​សំណើ​ជា​ច្រើន​ពី​ក្លឹប​ដទៃ។ បើ​ទោះ​ជា​ខ្ញុំ​សម្រេច​ចិត្ត​បន្ត​នៅ​ក្លឹប​នេះ​មែន​ដោយ​ហេតុ​ផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន នៅ​ពេល​នេះ អ្វី​ដែល​ខ្ញុំ​គិត​ជាង​គេ​ គឺ​ការ​ប្រកួត​ខាង​មុខ​ប៉ុណ្ណោះ"។

កីឡាករ​អ៊ុយរុយហ្គាយ​បាន​បន្ត៖ "ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា ខ្ញុំ​មិន​បាន​ចុះ​កុងត្រា​ថ្មី​ទេ។ ខ្ញុំ​ឮ​ដំណឹង​នេះ​ចេញ​ពី​សារព័ត៌មាន ប៉ុន្តែ​មិន​ដឹង​ថា​ដំណឹង​ហ្នឹង​ចេញ​ពី​ណា​មក​នោះ​ទេ"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ដើម​ខែ​នេះ មាន​លេច​ចេញ​នូវ​របាយការណ៍​ជា​ច្រើន ដែល​ថា Godin បាន​បដិសេធ​ទៅ​នឹង​ការ​ចូល​រួម​ជាមួយ​ក្លឹប Manchester United ហើយ​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ Atletico Madrid។

ខ្សែ​ការពារ​វ័យ ៣២ ឆ្នាំ Godin ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន ចាត់​ទុក​ថា គឺ​ជា​កីឡាករ​បង្គោល​មួយ​រូប សម្រាប់​ក្លឹប Atletico Madrid និង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ។ តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​អេស្ប៉ាញ​កាល​ពី​ឆ្នាំ ២០១០ ខ្សែ​ការពារ​បាន​លេង​ឲ្យ​ក្លឹប​សរុប​បាន ៣៥០ ប្រកួត និង​ស៊ុត​ចូល ២៣ គ្រាប់។

ចំពោះ​ក្រុម​ជម្រើស​ជាតិ​វិញ Godin គិត​មក​ទល់​ពេល​នេះ បាន​បង្ហាញ​ខ្លួន​ចំនួន ១២២ លើក​ និង​រក​បាន​គ្រាប់​បាល់​ចំនួន ៨ គ្រាប់៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម