ក្ដៅ! នឹង​មាន​វត្តមាន​ប្រកួត La Liga នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ចាប់​ពី​រដូវ​កាល​នេះ​ត​ទៅ

  • 2018-08-16 11:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ លីគ La Liga និង ក្រុម​ហ៊ុន​កីឡា និង​កម្សាន្ត​ឈ្មោះ Relevent បាន​ចុះ​កុងត្រា​រយៈ ១៥ ឆ្នាំ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​លេង​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

កុងត្រា​បាន​បញ្ជាក់​អំពី​គម្រោង​ក្នុង​ការ​លេង​យ៉ាង​ហោច​ណាស់​ចំនួន ១ ប្រកួត La Liga នៅ​សហរដ្ឋអាមេរិក ចាប់​ពី​រដូវ​កាល​ ២០១៨/១៩ ត​ទៅ។

លោក Charlie Stillitano ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Relevent ដែល​ជា​ក្រុម​ហ៊ុន​តែង​រៀប​ចំ​កម្មវិធី​ប្រកួត​បាល់ទាត់ International Champions Cup បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ភាគី​ពាក់ព័ន្ធ​កំពុង​ចាប់​ផ្ដើម​ការ​ពិភាក្សា​គ្នា​រឿង​ការ​រៀបចំ​ឲ្យ​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​ចំនួន ១ ប្រកួត នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

លោក Stillitano បាន​បង្ហើប​ទៀត​ ការ​ប្រកួត​លីគ​នោះ អាច​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០១៩ នៅ​ទីក្រុង Miami រដ្ឋ​ Florida សហរដ្ឋអាមេរិក។ បើ​តាម​លោក​ដដែល ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ ក្លឹប​ដែល​ចូល​រួម​លេង​ប្រកួត​លីគ​មួយ​នោះ ត្រូវ​តែ​ជា​ក្លឹប Real Madrid, Barcelona ឬ Atletico Madrid។ ទោះ​ជា​យ៉ាង​ណា ក្លឹប Sevilla និង Valencia ក៏​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ដែល​ក្រុមហ៊ុន Relevent ចង់​ឃើញ​មក​លេង​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។

ទាក់ទង​នឹង​ការ​ចុះ​កុងត្រា​ ១៥ ឆ្នាំ ប្រធាន​អភិវឌ្ឍ​អន្តរជាតិ​នៃ​លីគ La Liga លោក Oscar Mayo បាន​និយាយ​ថា៖ "ការ​សហការ​ជាមួយ​ក្រុមហ៊ុន Relevent គឺ​ជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​លីគ​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​ពង្រីង​របស់​ខ្លួន"៕

ប្រភព៖ Washingtonpost | Financial Time   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម