Server របស់​ Apple ត្រូវ​យុវជន​​ ១៦ ឆ្នាំ​ Hack ចូល​បាន​សម្រេច

  • 2018-08-17 07:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ ១៦ ឆ្នាំ​សញ្ជាតិ​អូស្ត្រាលី​មួយ​រូប​ បាន​ Hack ចូល​ Server (ទីតាំង​រក្សា​ទុក​ទិន្នន័យ) របស់​​ក្រុមហ៊ុន​អាមេរិក​​ ដោយ​បាន​ទាញ​យក​ឯកសារ​សំខាន់​បាន​ ៩០ GB ឯណោះ។

សារព័ត៌មាន​ The Age របស់​ប្រទេស​អូស្ត្រាលី​បាន​​ចុះ​ផ្សាយ​ថា​ យុវជន​ខាង​លើ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​ហេតុ​ផល​ច្បាប់​នោះ បាន​​ព្យាយាម​ Hack ចូល​ Server ជា​ច្រើន​លើក​មក​ហើយ និង​បាន​​ចូល​​ទៅ​ក្នុង​គណនី​អតិថិជន​មួយ​ចំនួន​ផង​ដែរ។

រូបតំណាង

យ៉ាងណាក្ដី​ Apple បាន​ដឹង​ពី​ការ​​លួច​ចូល​នេះ​ និង​បាន​រាយការណ៍​ទៅ​ភ្នាក់ងារ​ស៊ើបអង្កេត​ FBI។ គេ​បាន​ដឹង​ថា​ដាន​នៃ​ Hacker គឺ​មាន​ប្រភព​ចេញ​ពី​ប្រទេស​អូស្ត្រាលី ហើយ​សមត្ថកិច្ច​ប្រទេស​អូស្ត្រាលី​ក៏​បាន​ចូល​រួម​លើ​ការ​ស៊ើបអង្កេត​លក្ខណៈ​អន្តរជាតិ​នេះ​ដែរ។

យុវជន​ដែល​​ល្បី​ឈ្មោះ​ក្នុង​សហគមន៍​​ Hack រូប​នេះ​ បាន​ប្រើ​ប្រាស់​ VPN និង​​ឧបករណ៍​ដទៃ​ទៀត​ដើម្បី​កុំ​ឲ្យ​គេ​ចាប់​ដាន​បាន​ ប៉ុន្តែ​​ប្រព័ន្ធ​​របស់​ Apple អាច​ដឹង​ពី​ Serial Number នៃ​ MacBook ដែល​ប្រើ​សម្រាប់​ Hack នេះ ទើប​ទី​បំផុត​គេ​ដឹង​ថា​វា​មាន​ប្រភព​ចេញ​ពី​ប្រទេស​អូស្ត្រាលី។

រូបតំណាង

ចុង​ក្រោយ​យុវជន​រូប​នេះ​បាន​សារភាព​ទោស​កំហុស និង​ត្រូវ​កាត់​ទោស​នៅ​ខែ​ក្រោយ​នេះ។ មេធាវី​របស់​យុវជន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ Hack ​នេះ​​ធ្វើ​ឡើង​​ដោយ​សារ​តែ​​រូប​គេ​អ្នក​គាំទ្រ​របស់​ក្រុមហ៊ុន​ Apple និង​សង្ឃឹម​ថា​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ​ Apple ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ កុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ទិន្នន័យ​របស់​ខ្លួន ដោយ​សារ​នេះ​មិន​មែន​ជា​ករណី​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​នោះ​ទេ៕​​​​​​​​​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង