Kovacic៖ វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ដែល​អាច​រក​ឃើញ​ក្លឹប និង​គ្រូ​ដែល​ចង់​បាន​ខ្ញុំ

  • 2018-08-20 12:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​បម្រើ Mateo Kovacic បាន​និយាយ​ថា ក្លឹប Chelsea និង​អ្នក​ចាត់​ការ Maurizio Sarri ជឿ​ជាក់​លើ​ខ្លួន។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Sport Klub TV ខ្សែ​បម្រើ​ក្រូអាត​បាន​និយាយ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ជ័យ​ជម្នះ (ទៅ​លើ​ក្លឹប Arsenal)។ អ្វី​ដែល​សំខាន់​នោះ គឺ​ក្រុម​ទាំង​មូល​លេង​បាន​ល្អ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ ហើយ​ខំ​ព្យាយាម​ហ្វឹក​ហាត់​ដើម្បី​ពង្រីង​សមត្ថភាព​ថែម​ទៀត"។

កីឡាករ Kovacic បាន​បន្ត៖ "វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ក្នុង​ការ​រក​ឃើញ​ក្លឹប​ និង​អ្នក​ចាត់​ការ​ដែល​ចង់​បាន​ខ្ញុំ ក្រោយ​មិន​សូវ​បាន​លេង​ជាប់​លាប់​នៅ​រយៈ​កាល​ ៣ ឆ្នាំ​ចុង​ក្រោយ​នៅ​ Madrid។ ក្លឹប Chelsea ចង់​បាន​ខ្ញុំ ហើយ​អ្នក​ចាត់​ការ​ចង់​បាន​ខ្ញុំ។​ ទាំង​នេះ​ហើយ ដែល​ខ្ញុំ​ចង់​បាន"។

នៅ​រយៈ​ពេល​ ៣ ឆ្នាំ​នៅ ក្លឹប Real Madrid កីឡាករ​ Mateo Kovacic ច្រើន​ត្រូវ​បាន​ប្រើ​ជា​កីឡាករ​បម្រុង​ និង​មិន​សូវ​បាន​លេង​ជាប់​លាប់។ កាល​ពី​ដើម​ខែ​សីហា​នេះ ខ្សែ​បម្រើ បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​តោ​ខៀវ ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ កីឡាករ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ថ្មី​ នៅ​ ៣០ នាទី​ចុង​ក្រោយ​ក្នុង​ប្រកួត​ប៉ះ​ជាមួយ Arsenal។

កីឡាករ​ត្រូវ​បាន​មើល​ឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ប្រកួត​នោះ។ បើ​តាម​ការ​គណនា​របស់ Squawka ខ្សែ​បម្រើ Kovacic បាន​ធ្វើ​បាន​សម្រេច​ ១០០% ក្នុង​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី