ឡាន Lexus 570 កៅអី​អង្គុយ​ ៤ លក់​នៅ​វៀតណាម ថ្លៃ​ហួសប្រមាណ

  • 2018-08-21 08:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​រថយន្ត​ Lexus LX 570 ស៊េរី​ឆ្នាំ​ ២០១៨ ដែល​មាន​កៅអី​អង្គុយ​ត្រឹម​ ២ ជួរ​បាន​លេច​មុខ​​នៅ​ប្រទេស​វៀតណាម​ ដោយ​មាន​តម្លៃ​ថ្លៃ​​​រហូត​ដល់​ប្រមាណ​​ ៤៧០ ០០០ ដុល្លារ​ឯណោះ។

តម្លៃ​នេះ​គឺ​ថ្លៃ​ជាង​ប្រភេទ​​មាន​កៅអី​អង្គុយ​ ៣ ជួរ ដោយ​ Lexus LX 570 ឆ្នាំ​ ២០១៨ កៅអី​បី​ជួរ​មាន​លក់​នៅ​វៀតណាម​ក្នុង​តម្លៃ​​ប្រមាណ​ ៤៣៣ ០០០ ដុល្លារ​ប៉ុណ្ណោះ។ មាន​តម្លៃ​ជាង​កៅអី​បី​ជួរ ក៏​ដោយ​សារ​ប្រភេទ​កៅអី​ពីរ​ជួរ​នេះ​ មាន​លក្ខណៈ​ប្រណីត​ជាង​ ​មាន​បំពាក់​ពូក​ស្បែក​សាច់​ទន់, កៅអី​ម៉ាស្សា​ និង​មាន​ប្រព័ន្ធ​កម្សាន្ត​ល្អ​ផុត​លេខ។

រថយន្ត​ Lexus LX ប្រភេទ​នេះ​ត្រូវ​បាន​ច្នៃ​ឡើង​ជា​ពិសេស​ដោយ​ក្រុមហ៊ុន ​MBS Automotive របស់​​ទីក្រុង​ឌុយបៃ នៃ​សហភាព​អារ៉ាប់រួម​។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Lexus LX 570 MBS Autobiography Edition។

ការ​ដក​កៅអី​អង្គុយ​ចេញ​មួយ​ជួរ​ ធ្វើ​ឲ្យ​កៅអី​អង្គុយ​ជួរ​ទី​ពីរ​កាន់​តែ​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ អាច​បត់​បែន​មួយ​គាប់​ចិត្ត។ នៅ​ផ្នែក​កណ្ដាល​នៃ​កៅអី​អង្គុយ​ក្រោយ​ក៏​មាន​កន្លែង​សម្រាប់​​ដាក់​ដៃ​ដ៏​ធំ និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ផ្សេង។

រថយន្ត​ប្រភេទ​ពិសេស​នេះ​នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ​ ៥,៧ លីត្រ​ មាន​ស៊ីឡាំង ៨ មាន​កម្លាំង​ ៣៦៧ សេះ និង​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី