ហ៊ុយ យ៉ាឡេង ទម្លាយតិចនិកផលិតភាពយន្តត្រូវចិត្តអ្នកទស្សនា

  • 2018-08-21 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកម្មវិធីអបអរការបើកដំណើរការកម្មវិធីទស្សនាភាពយន្តតាមទូរសព្ទ Soyo រយៈពេល១ឆ្នាំកន្លង ផលិតករ អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង ដែលភាពយន្តលោកទទួលបានជោគជ័យផ្ទួនៗ ប្រាប់ពីគន្លឹះផលិតភាពយន្តត្រូវចិត្តអ្នកទស្សនា និងការធ្វើទីផ្សារលក់ភាពយន្ត។

១.ការជ្រើសរើសប្រភេទរឿង៖ ឆ្លងកាត់ការបរាជ័យ ខាតចុងខាតដើមលើការផលិតភាពយន្តរឿងបែបកំប្លែងចំនួនពីររឿង​កន្លងមក ធ្វើឱ្យរូបលោកពិចារណាឡើងវិញ លើការជ្រើសភាពយន្តឱ្យត្រូវចិត្តអ្នកទស្សនា។ ខណៈ​ដែលការផលិតរឿងបែបភ័យរន្ធត់ជាទីផ្សារធំក្នុងវិស័យសិល្បៈកម្សាន្ត ដូច​នេះ​ហើយ​ទើបផលិតករ ហ៊ុយ យ៉ាឡេង ផលិតរឿង «វិកលចរិត» ហើយ​យក​រឿង​ពិត​ដែល​លោក​ធ្លាប់​បាន​ដឹង​ មកផលិត​ជា​រឿងភាពយន្ត ទីបំផុតរឿងមួយនេះទទួលបានភាពជោគជ័យ។

២.ការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ៖ មុនទទួលបានជោគជ័យ រឿង «វិកលចរិត» គ្មាន​អ្នកទស្សនាទេ១សប្តាហ៍ដំបូង ជាហេតុធ្វើឲ្យផលិតកររូបនេះ ពិត​ជា​មាន​ការ​អាក់អន់ចិត្ត​ចិត្ត​ជា​ខ្លាំង តែ​ក្រោយពីសប្ដាហ៍​ដ៏​តានតឹង​នោះ​កន្លង​ផុត​ទៅ សន្ទុះ​នៃ​ការ​គាំទ្រ​ក៏​កើន​ឡើង​។ ហេតុនេះទើបរូបលោក លើកឡើងថា ការចេះផ្សព្វផ្សាយភាពយន្តឱ្យបានត្រឹមត្រូវ ប្រាកដប្រជា ត្រូវចំគោលដៅជារឿងសំខាន់ដើម្បីជួយឱ្យមានការគាំទ្រ។

៣.គុណភាព៖ ព្យាយាមផលិតភាពយន្តឱ្យមានគុណភាព និងប្រើពេលវេលាឱ្យយូរ​ក្នុងការតែងនិពន្ធ ពិសេស​ត្រូវ​ចេះយកចំណុច​អ្វីដែលថ្មី សំខាន់ ដែលទស្សនិកជនត្រូវការ ហើយត្រូវយល់ពីស្ថានភាព​នៃការ​ផ្សព្វផ្សាយភាពយន្តរបស់ខ្លួនផងដែរ។

ភាពយន្តរបស់ លោក ហ៊ុយ យ៉ាឡេង ដាក់ងារ មាតុចក្រ ទាំង២រឿងដែលទទួលបានជោគជ័យ មាន រឿង «វិកលចរិត» មានផ្សាយក្នុង App Soyo ហើយ រឿង «ធ្មប់» ដែលមានការគាំទ្រច្រើនបំផុតក្នុងដើមឆ្នាំ ២០១៨នេះ នឹងបង្ហាញខ្លួន ក្នុងកំឡុងពេលបុណ្យអ៊ុំទូក ឆ្នាំ ២០១៨ នេះខាងមុខនេះ៕

អត្ថបទ៖ Sunny