ឆ្នាំ ២០១៤ វៀតណាម​សរសើរ​ខ្មែរ​ចេះផលិត​រថយន្ត ឥឡូវ​រថយន្ត​វៀតណាម​ឡើង​ទីផ្សារ​​បាត់

  • 2018-08-23 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ក្តី​ស្រលាញ់ និង​ចង់​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​សមត្ថភាព​របស់​កូន​ខ្មែរផងនោះ​ លោក ញាន ផល្លឹក បាន​ខិត​ខំ​ប្រឹង​ប្រែង បង្កើត​ចេញ​ជា​រូបរាង​រថយន្ត​​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប ដើរ​ដោយ​ថាមពល​អគ្គិសនី មិន​ចាញ់​រថយន្ត​ក្រុមហ៊ុន​ល្បីៗ​លើ​ពិភពលោក ខណៈ​ដែល​អំឡុង​​ឆ្នាំ កម្ពុជា​មិន​ទាន់​ទាំង​មាន​រោង​ចក្រ​តំឡើង​រថយន្ត​នៅ​ឡើយ។

លោក ញាន ផល្លឹក និងរថយន្តអង្គរ​ EV 2014 | រូបភាព៖ Thanh Nien News

រថយន្ត​ទំនើប​អង្គរ​ [EV 2014](http://news.sabay.com.kh/article/576211#utm_campaign=onpage "") បាន​ធ្វើ​ឲ្យ​កម្ពុជា​លេច​ត្រដែត​ឡើង​ល្បី​រន្ទឺ​ពេញ​ឆាក​អន្តរជាតិ ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត សូម្បី​តែ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ក៏​​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ ដែល​ដឹង​ថា​កូន​ខ្មែរ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​ដ៏​ទំនើប​បាន​ដោយ​ខ្លួន​ឯង។

ក្រឡេក​ទៅ​អតីតកាល ឆ្នាំ ២០១៤ នៅ​ពេល​ដែល​កម្ពុជា​អាច​ធ្វើ​រឿង​ដ៏អស្ចារ្យ​​ស្ទើរ​និង​ឈាន​ទៅ​បំបែក​កំណត់​ត្រា​ពិភពលោក​នា​ពេល​នោះ។ ទស្សនាវដ្តី កាសែត​ក្នុង​ស្រុក និង​បរទេស​រាប់​រយ បាន​មក​កម្ពុជា ដើម្បី​ផ្តិត​យក​រូបភាព​និង​ព័ត៌មាន​យ៉ាង​សន្ធឹក រហូត​ដល់​​សារព័ត៌មាន​វៀតណាម​ thanhniennews បាន​ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់វៀតណាម​មួយ​រូប​ ដែល​ធ្វើ​ការ​​នៅ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​​មួយ​នេះ​និយាយ​ថា៖ "បើ​ទោះ​បី​វៀតណាម​មាន​ធនធាន​មនុស្ស​ជំនាញៗ​​ជា​​ច្រើន​ និង​មាន​ឧស្សាហកម្ម​រថយន្ត​ដើរ​មុន​ប្រទេស​កម្ពុជា ប៉ុន្តែ​វៀតណាម​អាច​និយាយ​បាន​ថា នៅ​ដើរ​ពីក្រោយ​ប្រទេស​កម្ពុជា សម្រាប់​សមត្ថភាព​ក្នុង​ការ​ផលិត​រថយន្ត​ដ៏​ទំនើប​​។"

ពាក្យ​ពេចន៍​​ខ្លីៗច្បាស់ៗ តែ​មាន​ន័យ​ជ្រៅ ចង់​សំដៅ​ដល់​ការ​សរសើរ​ពី​ស្នាដៃ​ផលិត​រថយន្ត​របស់​របស់​ខ្មែរ ហើយ​បង្អាប់​ស្នាដៃ​ក្នុង​ស្រុក​របស់​ខ្លួន ពី​សំណាក់​មន្រ្តី​ជាន់​ខ្ពស់​ដដែល​នេះ។

រូបរាងរថយន្ត SUV របស់ Vinfast ដែលលេចចេញកន្លងមក

យ៉ាង​ណាមិញ នៅ​ឆ្នាំ ២០១៨ វៀតណាម​បាន​ធ្វើ​ឲ្យ​កក្រើក​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​វិញ​ម្ដង ដោយ​បាន​បញ្ចេញ​​រថយន្ត​កំពូល​ពីរ​គ្រឿង​​ដំបូង​គេ ដែល​រថយន្ត​មួយ​​ជា​​ប្រភេទ Sedan និង​មួយ​ទៀត​ជា​ប្រភេទ SUV គ្រោង​នឹង​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Paris Motor Show ដែល​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​តុលាឆ្នាំ ២០១៩។

រថយន្ត​ដំបូង​គេ​របស់​វៀតណាម​ស្ថិត​នៅ​ក្រោម​ការ​ផលិត​ក្រុមហ៊ុន​ VinFast។ ការ​បង្ហាញ​មុខ​នេះ​ដែរ​គឺ​មុន​នឹង​ត្រូវ​បង្ហាញ​ចេញ​នៅ​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំ និង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​កញ្ញា​ ឆ្នាំ ២០១៩ ខាង​មុខ។

ត្បិត​ថា​ជា​ម៉ាក​រថយន្ត​របស់​វៀតណាម​មែន​ ប៉ុន្តែ​​​រូបរាង​វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​​អ៊ីតាលី​ល្បីៗ​ដូច​ជា​ Pininfarina និង Italdesign Giugiaro ជា​ដើម។ ​បន្ថែម​ពី​នេះ​ ក្រុមហ៊ុន​ VinFast ក៏​បាន​ជួល​បុគ្គលិក​មក​ពី​សហគ្រាស​យាន​យន្ត​ធំ​ផង​ដែរ។

រូបរាងរថយន្ត SUV របស់ Vinfast ដែលលេចចេញកន្លងមក

VinFast គឺ​ជា​ក្រុមហ៊ុន​ស្ថិត​នៅ​ក្រោម​សម្ព័ន្ធ​ Vingroup ជា​សម្ព័ន្ធ​ឯកជន​ដ៏​ធំ​មួយ​របស់​វៀតណាម។ គោល​បំណង​នៃ​ក្រុមហ៊ុន​នេះ​គឺ​​បង្កើត​នូវ​ម៉ាក​យានយន្ត​​ដែល​ជា​របស់​​វៀតណាម និង​ជា​យានយន្ត​ដែល​អាច​នាំ​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​បាន។

ត្រឡប់​ក្រោយ​វិញ រថយន្ត​ទំនើប​អង្គរ EV 2014 របស់​កម្ពុជា មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណឹង​លេច​ឮ​ថា ​នឹង​អាច​ឈាន​ជើង​ចូល​ទីផ្សារ ក៏​ដូច​ជា ​គ្រោង​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​ពិភពលោក​ធំៗ​នៅ​ឡើយ​ទេ បាន​ត្រឹម​តែ​ជា​ស្នាដៃ​តាំង​បង្ហាញ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី