គ្រាន់​តែ​ Apple ហា​មាត់​ Facebook លុប​ចេញ​ភ្លាម!

  • 2018-08-23 07:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​កំណត់​ថា​​កម្មវិធី​ Onavo Protect ជា​កម្មវិធី​សុវត្ថិភាព​កាន់​កាប់​ដោយ​ Facebook គឺ​​បាន​ល្មើស​ច្បាប់​របស់​ Apple និង​បាន​សុំ​ឲ្យ​បណ្ដាញ​សង្គម​យក្ស​​លុប​កម្មវិធី​នេះ​ចោល​ផង​ដែរ។ Facebook ក៏​បាន​ឆ្លើយ​តប​ភ្លាមៗ ដោយ​បាន​លុប​កម្មវិធី​តាម​ដែល​​ Apple បាន​ស្នើ។

ខណៈ​ពេល​នេះ​កម្មវិធី​ Onavo Protect លែង​មាន​នៅ​លើ​ App Store របស់​ Apple ត​ទៀត​ហើយ ប៉ុន្តែ​លើ​ Play Store របស់​ Google នៅ​ឃើញ​មាន​ដដែល។

Onavo Protect ជា​​កម្មវិធី​ដែល​ផ្ដល់​ជូន​មុខងារ​ការពារ​ជា​ច្រើន។ ប៉ុន្តែ​វា​ក៏​តាមដាន​​នូវ​រាល់​កម្មវិធី​ដែល​អ្នក​ប្រើ​ប្រាស់​ ប្រើ និង​បញ្ជូន​ទិន្នន័យ​ទៅ​ឲ្យ​ទីស្នាក់ការ​ Facebook។ នេះ​ជា​វិធី​សាស្ត្រ​មួយ​របស់​ Facebook ដើម្បី​សិក្សា​ពី​គូ​ប្រជែង​របស់​ខ្លួន។

Apple បាន​សម្រេច​ថា​កម្មវិធី​នេះ​បាន​ល្មើស​នឹង​ច្បាប់​របស់​ខ្លួន​ ត្រង់​ចំណុច​ប្រមូល​យក​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ និង​បាន​ប្រាប់​ដល់​ Facebook ពី​បញ្ហា​នេះ​កាល​ពី​ដើម​ខែ​សីហា។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​សីហា​នេះ Facebook ​ក៏​បាន​សម្រេច​ដក​​កម្មវិធី​នេះ​ចេញ​ពី​ App Store។

Facebook បាន​លើក​ឡើង​ដូច​នេះ​ថា ៖ "យើង​តែង​បាន​បញ្ជាក់​ប្រាប់​នៅ​ពេល​គ្រប់​គ្នា​ទាញ​យក​កម្មវិធី​ Onavo អំពី​ទិន្នន័យ​ដែល​កម្មវិធី​នេះ​ប្រមូល​យក​ និង​យក​ទិន្នន័យ​នេះ​ទៅ​ធ្វើ​អ្វី​ខ្លះ។ ក្នុង​នាម​ជា​ Developer មួយ​លើ​ Platform របស់​ Apple យើង​​​យល់​ព្រម​អនុវត្តន៍​តាម​ច្បាប់​ដែល​ Apple បាន​កំណត់​ឡើង​”។

អ្នក​ប្រើ​ប្រាស់​​ឧបករណ៍​ Apple ដែល​មាន​​បាន​កម្មវិធី​នេះ​ នៅ​តែ​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន​ត​ទៀត​ គ្រាន់​តែ​មិន​ទទួល​បាន​ការ​អាប់ដេត​អ្វី​ថ្មីៗ​នោះ​ទេ៕​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី