លោក John McCain ព្រឹទ្ធសមាជិកអាមេរិក បានទទួលមរណភាពហើយ

  • 2018-08-26 02:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធសមាជិក​អាមេរិក លោក John McCain បាន​ទទួល​មរណភាព​ហើយ​​​នៅថ្ងៃទី​២៦​សីហានេះ ក្នុង​អាយុ ៨១​ឆ្នាំ ដោយ​សារ​ជំងឺ​មហារីក​ខួរក្បាល ដែល​កើតឡើង​លើ​រូប​លោក​ចាប់​តាំងពី​ឆ្នាំ២០១៧​មក។ លោកបាន​ស្លាប់​នៅក្នុងទីក្រុង Sedona រដ្ឋ Arizona។ នេះបើ​តាម​​សេចក្តី​ថ្លែងការណ៍​ចេញពី​ការិយាល័យ​របស់​លោក។

លោក John McCain ព្រឹទ្ធសមាជិកអាមេរិក ប្រចាំរដ្ឋ Arizona

ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​បាន​លើកឡើង​ថា៖ «លោក John McCain បាន​បម្រើ​សហរដ្ឋ​អាមេរិក យ៉ាង​ស្មោះស្ម័គ្រ​ក្នុង​រយៈពេល ៦០​ឆ្នាំ»។

ក្រោយ​មរណភាព​របស់​លោក John McCain នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បាន​​បង្ហាញ​ភាព​សោកស្តាយ​នៅលើ​បណ្តាញ​ Twitter ផងដែរ។

លោក John McCain គឺ​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Arizona ចាប់តាំង​ពី​ខែ​មករា ឆ្នាំ​១៩៨៧​មក ដោយ​លោក​មកពី​​គណបក្ស​សាធារណរដ្ឋ។ លោកក៏​ធ្លាប់ជា​បេក្ខភាព​ប្រធានាធិបតី ក្នុងការ​បោះឆ្នោត​ឆ្នាំ២០០៨​ផងដែរ ប៉ុន្តែ​ពេលនោះ​លោក​បាន​​ចាញ់ លោក បារ៉ាក់ អូបាម៉ា ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ។

លោក​កើត​នៅថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​១៩៣៦ នៅ​មូលដ្ឋាន​ទ័ពជើង​ទឹក Coco Solo នៃ​តំបន់ Panama Canal។ លោក​បាន​បញ្ចប់ការ​សិក្សា​ពី​បណ្ឌិត្យ​សភា​ទ័ព​ជើងទឹក​អាមេរិក ក្នុងឆ្នាំ​១៩៥៨។ បន្ទាប់មក​លោកបាន​ក្លាយជា​អ្នក​បើក​យន្តហោះ​ចម្បាំង ដែល​ប្រតិបត្តិការ​នៅលើ​នាវា​ផ្ទុក​យន្តហោះ។

លោក John McCain ព្រឹទ្ធសមាជិកអាមេរិក ប្រចាំរដ្ឋ Arizona

លោក John McCain ក៏បាន​ចូលរួម​នៅក្នុង​សង្គ្រាម​វៀតណាម​ផងដែរ។ ក្នុង​អំឡុងពេល​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​មួយ នៅខែ​តុលា ឆ្នាំ​១៩៦៧ យន្តហោះ​របស់​លោក​ត្រូវបាន​បាញ់ទម្លាក់​ដោយ​មីស៊ីល​របស់​កងទ័ព​កុម្មុយនិស្ត​វៀតណាម។ ទោះជា​យ៉ាងណា លោកមិន​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ឡើយ ប៉ុន្តែ​លោក​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​កងទ័ព​វៀតណាម ចាប់ដាក់​ពន្ធនាគារ​​នៅក្រុង​ហាណូយ រហូតដល់​ឆ្នាំ១៩៧៣៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី