Ronaldo បង្ហើបថា មេរៀនរបស់ Sir Alex Ferguson ធ្វើឲ្យលោកក្លាយជាកំពូលកីឡាករ
- 2018-08-26 07:22:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បង្ហើបថា មេរៀនរបស់ Sir Alex Ferguson ធ្វើឲ្យលោកក្លាយជាកំពូលកីឡាករ
ចន្លោះមិនឃើញ
Cristiano Ronaldo បាននិយាយពីឥទ្ធិពលដ៏សំខាន់បំផុតរបស់អតីតគ្រូបង្វឹករបស់ក្លិប Man Utd លោក Sir Alex Ferguson មកលើអាជីពរបស់ខ្លួន ដោយបាននិយាយថាប៉ុន្មានឆ្នាំនៅ Old Trafford ធ្វើឲ្យលោកក្លាយជាកំពូលកីឡាករបាល់ទាត់ និង ក្រោយមកបានឈ្នះពាន Ballon d'Or ៥សម័យកាល និង មានគ្រប់យ៉ាងដូចសព្វថ្ងៃ ព្រោះ Alex Ferguson។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចំណាយពេល ៦ ឆ្នាំជាមួយបិសាចក្រហមក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិស្កុតឡែន ល្បីល្បាញខ្លាំងនៅក្របខ័ណ្ឌ Premier League មុនពេលក្លាយជាកីឡាករដ៏អស្ចារ្យនៅ Real Madrid ក្នុងឆ្នាំ ២០០៩។
និយាយនៅក្នុងបទសម្ភាសន៍លើវេបសាយ កីឡា DAZN និង បានដកស្រង់ដោយ ESPN កីឡាករសញ្ជាតិព័រទុយហ្គាល់បាននិយាយថា បើគ្មានការណែនាំពី Alex Ferguson ទេ ខ្លួនមិនជោគជ័យក្នុងអាជីពឡើយ។
Ronaldo បាននិយាយថា "ពិតណាស់នៅដើមដំបូងនៃអាជីពរបស់ខ្ញុំ គាត់មានសារៈសំខាន់ណាស់ព្រោះខ្ញុំបានផ្លាស់ពី Sporting [Lisbon] ទៅ Manchester ហើយខ្ញុំមានគំនិតបែបព័រទុយហ្កាល់ ដែលមនុស្សជាទូទៅជឿថា ការសម្រេចចិត្តធ្វើអ្វីមួយមិនសូវល្អនោះទេ" ។
"ដូច្នេះគាត់បានបង្រៀនខ្ញុំពីរបៀបគិត។ អ្នកដឹងទេនៅក្នុងក្របខ័ណ្ឌ Premier League ការប្រកួតប្រជែងគ្នាមានភាពស្វិតស្វាញខ្លាំងណាស់"។
"ដូចដែលខ្ញុំបាននិយាយជាច្រើនលើកច្រើនដង គាត់បានបង្រៀនខ្ញុំគ្រប់យ៉ាង។ គាត់ដូចជាឪពុករបស់ខ្ញុំ។ គាត់បានជួយខ្ញុំជាច្រើននៅក្លឹប Manchester United" ។
នៅពេលដែល Ronaldo បានទៅដល់ទឹកដី Old Trafford កីឡាករដែលបានលើកពាន Champions League ៥ ដងរូបនេះ បានក្លាយជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក។
Ronaldo បានជួយក្លឹបឈ្នះពានរង្វាន់ Premier League ចំនួន៣ដង និង ស្គាល់រសជាតិពានរង្វាន់ទ្វីបអឺរ៉ុបលើកដំបូងនៅបិសាចក្រហម មុនពេលចាកចេញទៅ Real Madrid ក្នុងតម្លៃ ៨០ លានផោន (ប្រហែល១០២ លានដុល្លារ) ធ្វើឲ្យអ្នកគាំទ្រ Man Utd ជាច្រើនអាឡោះអាល័យ។
បុរសកូន៤ បានបន្តភាពជោគជ័យដោយឈ្នះពានក្នុងស្រុក និង ទ្វីបអឺរ៉ុបជាច្រើននៅ Los Blancos មុនចាកចេញទៅកាន់ក្លឹប Juventus ក្នុងតម្លៃប្រមាណ ១១៨ លានដុល្លារ ដើម្បីបន្តស្វែងរកឧត្តមភាពរបស់ខ្លួនបន្តទៀតនាទឹកដីថ្មីនៅអ៊ីតាលី៕