ទម្លាយ​ឲ្យ​ដឹង​ពី​ទម្លាប់ IT អាយុ ១៤ ឆ្នាំ​ម្នាក់​សរសេរ​កូដ​ស៊ី​ផុយ សិស្ស​ច្បង​ល្មមៗ​សុំ​ចាញ់(វីដេអូ)

  • 2018-08-28 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សរសេរ​កូដ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ សូម្បី​តែ​និស្សិត​ថ្នាក់​មហាវិទ្យាល័យ​ក៏​ត្អូញ​ដែរ ដោយសារ​ជា​ការងារ​ស្មុគ​ស្មាញ​ត្រូវ​ការ​ការ​គិត រក​ដំណោះ​ស្រាយ​ច្រើន​ណាស់។ តែ​បញ្ហា​​ទាំង​នោះ​បាន​ក្លាយ​​ជា​ងាយ​ស្រួល​ទៅ​វិញ​សម្រាប់ គង់ ប៊ុន​ថុង ដែល​​ជា​ក្មេង​ប្រុស​​ម្នាក់​រៀន​ត្រឹម​ទី​៧។

ប៊ុន​ថុង បាន​ឲ្យ​ដឹង​ថា ទម្លាប់​របស់​គេ​គឺ​ចូលចិត្ត​លេង​ហ្គេម។ ក្រោយ​ពេល​ទំនេរ​ពី​ការ​រៀន​សាលា​ចំណេះដឹង​ទូទៅ សិស្ស​ថ្នាក់​ទី ៧ រូប​នេះ​តែង​តែ​ចំណាយ​ពេល​លេង​ហ្គេម​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ។

ប៊ុនថុង បាន​បន្ថែម​ថា៖ "ប៉ា! គាត់​ឃើញ​​ខ្ញុំ​លេង​តែ​ហ្គេម គាត់​ក៏​ហាម​កុំ​លេង​ច្រើន​ពេក តែ​មក​ពី​ខ្ញុំ​ចូលចិត្ត​កុំព្យូទ័រ គាត់​ក៏​មក​ចុះ​ឈ្មោះ​ឲ្យ​រៀន​ថ្នាក់​សៅរ៍-អាទិត្យ​មួយ​ទៀត​កុំ​ឲ្យ​ទំនេរ​លេង​ហ្គេម​"។

ដោយ​សារ​ចំណូលចិត្ត​នៅ​ជាមួយ​កុំព្យូទ័រ​នេះ​ឯង ដែល​ធ្វើ​ឲ្យ ប៊ុន ថុង វិវឌ្ឍន៍​ខ្លួន​ពី​ក្មេង​វក់​នឹង​ហ្គេម ទៅ​ជា​ជើង​ខ្លាំង​ខាង​សរសេរ​កូដ​វិបសាយ ដែល​មាន​សមត្ថភាព​អាច​ចាប់​បាន យល់​ពី​​មូលដ្ឋាន​គ្រឹះ​ភាសា​កូដ​វិបសាយ​ដល់​ទៅ ៣ ទៅ ៤ ភាសា​ក្នុង​ពេល​តំណាល​គ្នា(HTML, CSS, Javascript)។

ទម្លាប់​មួយ​ទៀត​ដែល​ប៊ុន​ថុង តែង​ធ្វើ​គឺ​​ ចូលចិត្ត​សួរ ចូល​ចិត្ត​ឆ្ងល់ កន្លែង​ណា​ដែល​មិន​ចេះ គេ​សួរ YouTube ឬ Google។ បើ​គាំង​មែន​ទែន សួរ​សិស្ស​ច្បង​ដែល​រៀន​ជាមួយ ឲ្យ​គេ​ជួយ​ប្រាប់។

មិន​ត្រឹម​តែ​អាច​រៀន​ជាមួយ​និស្សិត​បាន​នោះ​ទេ ថែម​​ទាំង​ជា​សិស្ស​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​ថ្នាក់​ផង​ដែរ រាល់​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ ប៊ុន​ថុង តែង​ធ្វើ​រួច​មុន​កំណត់​ទៅ​ទៀត។

ប៊ុន​ថុង ចំណាយ​ពេល​តែ ១ ឆ្នាំ​​ផ្លោះ​ចូល​ថ្នាក់ Senior មក​ទល់​ពេល​នេះ គេ​ចេះ​សរសេរ​កូដ​វិបសាយ​​និង​ចេះ​បង្កើត​វិបសាយ ដោយ​មិន​សរសេរ​កូដ​​បាន​មួយ​ចំនួន​ផង​ដែរ​ដូច​ជា វិបសាយ​ស្វែង​រក​កន្លែង​ញ៉ាំ​អីនៅ​ភ្នំពេញ និង​វិបសាយ​អ្នក​គាំទ្រ​ក្លឹប​បាល់​ទាត់ Real Madrid មួយ​ទៀត។

ក្រៅ​ពី​នេះ រូប​គេ​ក៏​អាច​បង្កើត​បាន​ហ្គេម​​មួយ​ សម្រាប់​លេង​ម្នាក់​ឯង​លើ​អនឡាញ ពេល​អផ្សុក​ទៀត​ផង។

ទៅ​ថ្ងៃ​អនាគត ប៊ុន​ថុង ចង់​ក្លាយ​ទៅ​ជា​អ្នក​អភិវឌ្ឍន៍​វិបសាយ(Web Developer) ហ្គេម និង​វិបសាយ​ទិញ-លក់​ឥវ៉ាន់​អនឡាញ។ ជាង​នេះ​ទៀត ដោយ​សារ​តែ​ឪពុក​គេ ជា​អ្នក​រកស៊ី​ទិញ-លក់​ម៉ូតូ រូប​គេ​ចង់​បង្កើត​ជា​ទីផ្សារ​អនឡាញ​មួយ ដើម្បី​ជួយ​សម្រួល​ការងារ​ទាំង​នោះ៕

អត្ថបទ៖ រក្សា