យុវជន​ឥណ្ឌូណេស៊ី​ឈ្នះ​មេដាយ​មាស​កីឡា​ E-Sports​ ដំបូង​ពី Asian Games

  • 2018-08-28 09:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អេឡិចត្រូនិក​ជម្រើស​ជាតិ​របស់​ប្រទេស​ឥណ្ឌួណេស៊ី​អាយុ​១៦​ឆ្នាំ​ Ridel Yesaya Sumarandak ​បាន​ក្លាយ​ជា​អត្តពលិក​ E-Sports ដំបូង​គេ​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ Asian Games​ 2018 បើ​ទោះ​ជា​កីឡា​សម័យ​ទំនើប​នេះ​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡា​ប្រកួត​សម្តែង។

កីឡាករ​វៀត (ឆ្វេង) ឥណ្ឌូណេស៊ី (កណ្តាល) និង​ចិន (ឆ្តាំ) រូបថត៖​ Asian Games

យុវជន​ Ridel Yesaya Sumarandak ទទួល​បាន​មេដាយ​មាស​នេះ​ បន្ទាប់​ពី​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​ឈ្នះ​កីឡាករ​ចិន​ Huang Henghui លើ​​វិញ្ញាសា​ប្រយុទ្ធ Clash Royale។ កីឡាករ​ចិន​រូប​នេះ​ទទួល​បាន​មេដាយ​ប្រាក់ និង​កីឡាករ​វៀតណាម​ Huynh Duc Huyi ទទួល​បាន​មេដាយ​សំរឹទ្ធ។

ទោះ​បី​ជា​យ៉ាង​ណា​ មេដាយ​កីឡា​អេឡិចត្រូនិក​នេះ​មិន​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​រាប់​បញ្ជូល​​ជា​ផ្លូវ​ការ​ក្នុង​តារាង​មេដាយ​ឡើយ​ ពី​ព្រោះ​នេះ​ជា​លើក​ដំបូង​របស់​កីឡា​ E-Sports បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ធំ​ក្នុង​នាម​ជា​កីឡា​ប្រកួត​សម្តែង​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ប្រទេស​ចិន​ដែល​បាន​ទទួល​ភារកិច្ច​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ទ្វីប​អាស៊ី​ Asian Games នៅ​៤​ឆ្នាំ​បន្ទាប់​ពោល​គឺ​ឆ្នាំ​២០២២​ ចិន​នឹង​ដាក់​កីឡា​ប្រភេទ​នេះ​ប្រកួត​ផ្លូវ​ការ​ដណ្តើម​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ និង​ក្រុម​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ​ កំពុង​ខ្នះ​ខ្វែង​ដាក់​បញ្ចូល​កីឡា​សម័យ​ទំនើប​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ជាន ចាន់រ៉ា