កម្ពុជាធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី១២ដងហើយគិតទាំងឆ្នាំ២០១៨នេះ បន្ទាប់ពីចូលរួមប្រកួតលើកដំបូងនៅឆ្នាំ១៩៥៤ដែលជាការប្រកួតកីឡាទ្វីបអាស៊ីលើកទី២នៅប្រទេសហ្វីលីពីន ខណៈលើកទី១ឆ្នាំ១៩៥១នៅប្រទេសឥណ្ឌា។
កីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាសកាលពីឆ្នាំ២០១៤
**បើនិយាយពីមេដាយសរុបវិញ កម្ពុជាឈ្នះបាន៩គ្រឿងហើយគឺមាស៣ ប្រាក់២ និងសំរឹទ្ធ៤។ ខាងក្រោមជាប្រវត្តិឆ្នាំដែលកម្ពុជាចូលរួមប្រកួត ឈ្នះមេដាយ និងឈ្មោះអត្តពលិកដែលឈ្នះមេដាយសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា** ។
- ឆ្នាំ១៩៥៤៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ១៩៥៨៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ១៩៦២៖ កម្ពុជាឈ្នះមេដាយដំបូងក្នុងប្រវត្តិសាស្ត្រគឺមេដាយសំរឹទ្ធដោយកីឡាករប្រដាល់សកល យូ ឈិនហុង។
- ឆ្នាំ១៩៧០៖ កម្ពុជាឈ្នះមេដាយ៥គ្រឿងគឺប្រាក់២ និងសំរឹទ្ធ៣។ មេដាយប្រាក់រកបានដោយកីឡាករប្រដាល់សកល ខៀវ សឿន១ និងកីឡាករ ឡុង សាវឿន១។ មេដាយសំរឹទ្ធរកបានកីឡាករហែលទឹក ផាត ស៊ីមអន១ និងកីឡាករ អៀត គឹមហេង១ ហើយ១ទៀតរកបានដោយក្រុមបាល់ទះមានកីឡាករ ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន។
- ឆ្នាំ១៩៧៤៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ១៩៩៤៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ២០០២៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ២០០៦៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ២០១០៖ កម្ពុជាមិនទទួលបានមេដាយ
- ឆ្នាំ២០១៤៖ កម្ពុជាឈ្នះមេដាយមាស១ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី។
- ឆ្នាំ២០១៨៖ កម្ពុជាឈ្នះមេដាយ៣គឺមាស២ និងសំរឹទ្ធ១។ នេះជាលើកទី១ដែលកម្ពុជាឈ្នះមេដាយមាសដល់ទៅ២គ្រឿង។ កីឡាការិនី ចេសា ខាន់ ឈ្នះមេដាយមាស១ពីកីឡាជឺជិតស៊ូ និងកីឡាករ សាលី អ៊ូមើតឈ្នះមេដាយមាស១ និងសំរឹទ្ធ១ពីកីឡាម៉ូតូទឹក។
កីឡាការិនី ចេសា ខាន់ ឈ្នះមេដាយមាស ឆ្នាំ២០១៨
យ៉ាងណាសម្រាប់កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ីមិនទាន់ចប់ឡើយ កម្ពុជានៅមានកីឡាករ កីឡាការិនីបន្តប្រកួតស្វែងរកមេដាយទៀត៕
កីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ឆ្នាំ២០១៨
អត្ថបទ៖ ជាន ចាន់រ៉ា