អ្នក​ប្រដាល់​ថៃ Wanheng​ បំបែក​កំណត់ត្រា Floyd ប្រកួត​៥១​ដង​មិន​ដែល​ចាញ់

  • 2018-08-30 07:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សកល​ថៃ Wanheng Menayothin បាន​វ៉ា​កំណត់ត្រា​របស់​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ដោយ​ប្រកួត​ក្នុង​អាជីព​៥១​ដង មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់។

Wanhengដែល​កើត​ក្នុង​ខេត្ត​ Maha Sarakham ប្រទេស​ថៃ​​បាន​រក​ឃើញ​ជ័យជម្នះ​លើក​ទី​៥១​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន Pedro Taduran ការពារ​ខ្សែ​ក្រវាត់ WBC mini-flyweight។ ការ​ប្រកួត​នេះ​ដែល​បាន​រៀបចំ​នៅ​​ខេត្ត​ Nakhon Sawan ប្រទេស​ថៃ។

កាល​ពី​​ខែ កញ្ញា ឆ្នាំ ២០១៥ Mayweather ទទួល​បាន​ជ័យជម្នះ​លើក​ទី​៤៩​ ​លើ​កីឡាករ​រួម​ជាតិ Andre Berto រក្សា​ខ្សែក្រវាត់​ពិភពលោក​ប្រភេទ​ទម្ងន់ Welterweight និង​តាម​ទាន់​កំណត់​ត្រា​លោក Rocky Marciano ដែល​កាន់​កាប់​៦០​ឆ្នាំ។ ឆ្នាំ​២០១៧ Floyd ក៏​ធ្វើ​បាន​កំណត់ត្រា​​​​​ថ្មី​មិនដែល​ចាញ់​៥០​ប្រកួត​ក្នុង​អាជីព ក្រោយ​ឈ្នះ Conor McGregor។ ប៉ុន្តែ អ្នក​ប្រដាល់​ថៃ Wanheng ក៏​តាម​ទាន់​របស់ Floyd កាល​ពី​ខែ​ ឧសភា​ឆ្នាំ​នេះ ក្រោយ​ឈ្នះ​កីឡាករ​ប៉ាណាម៉ា Leroy Estrada។

ឈាន​ដល់​ខែ សីហា​ឆ្នាំ​នេះ​ដដែល Menayothin វ័យ​៣២​ឆ្នាំ​​អាច​ធ្វើ​បាន​វ៉ា​កំណត់ត្រា​របស់ Floyd Mayweather រក​ឃើញ​ជ័យជម្នះ​ទី​៥១ បន្ទាប់​ពី​ឈ្នះ Taduran កាល​ពី​ម្សិលមិញ។ Menayothin នៅ​មាន​ឱកាស​សាង​កំណត់ត្រា​បន្តបន្ទាប់​ទៀត តែ​សម្រាប់ Floyd បាន​ចប់​ហើយ​ ព្រោះ​គេ​បាន​ចូល​និវត្តន៍​ពី​សង្វៀន​បាត់​ទៅ​ហើយ។ បញ្ជាក់​ត្បិត Wanheng Menayothin វាយ​មិន​ដែល​ចាញ់ តែ​គេ​មិនដែល​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ម្ដង​ណា​ទេ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ