Ronaldo និង​មេ​ Real នឹង​ជួប​គ្នា​ផ្ទាល់​ជា​លើក​ដំបូង ក្រោយ​ចែក​ផ្លូវ​គ្នា​បាន​មួយ​រយៈ

  • 2018-08-30 13:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង ប្រធាន​ក្លឹប Real Madrid លោក Florentino Perez នឹង​ជួប​គ្នា​ផ្ទាល់​ជា​លើក​ដំបូង នៅ​វេលា​យប់​នេះ (ម៉ោង​នៅ​កម្ពុជា)។

អ្នក​ទាំង​ពីរ​នឹង​ជួប​គ្នា ក្នុង​ពិធី​ចាប់​ឆ្នោត Champions League និង​ពិធី​ប្រកាស​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​លើ​ទឹក​ដី Monaco។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ នៅ​ពេល​ដែល​កីឡាករ​ Ronaldo បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Juventus កីឡាករ​ព័រទុយហ្គាល់​បាន​ធ្វើ​ការ​លា​គ្នា ជាមួយ​លោក Perez តាម​រយៈ​ការ​ផ្ញើ​សារ​ទូរស័ព្ទ។

បើ​ទោះ​ជា​ស៊ុត​ចូល​ដល់​ទៅ ៤៥០​ គ្រាប់ ក្នុង​ការ​ប្រកួត ៤៣៨ លើក​ឲ្យ Real Madrid និង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន ខ្សែ​ប្រយុទ្ធ Ronaldo មិន​ទទួល​បាន​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លា​គ្នា​ជា​ផ្លូវ​ការ​ឡើយ​ពី​សំណាក់​ក្លឹប​អេស្ប៉ាញ នៅ​ពេល​ខ្លួន​ចាក​ចេញ​ទៅ​ចូល​រួម​ Juventus។ ការណ៍​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​លើក​ឡើង​ថា ក្លឹប​អេស្ប៉ាញ​ហាក់​មិន​បាន​បង្ហាញ​កាយវិការ​គោរព​គ្រប់គ្រាន់​ចំពោះ​វីរបុរស​របស់​ខ្លួន។

Ronaldo បាន​ចូល​រួម​ជាមួយ Juventus ក្រោយ​រួម​រស់ ៩​ ឆ្នាំ​ជាមួយ​ Real Madrid។ តម្លៃ​នៃ​ការ​ផ្ទេរ​នេះ​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ស្ថិត​ក្នុង​រង្វង់ ១០០ លាន​អឺរ៉ូ (ប្រមាណ ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម