Mourinho ពន្យល់​ពី​មូលហេតុ​ដែល​តំបន់​ប្រយុទ្ធ Man Utd មិន​មុត​ស្រួច​ដូច Liverpool និង Man City

  • 2018-09-02 06:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​សារភាព​ថា​ក្រុម Manchester United មិន​អាច​ធ្វើ​ដូច Man City និង Liverpool ជា​ក្រុម​ដែល​ចាត់ទុក​ថា​​មាន​តំបន់​ប្រយុទ្ធ​​មុតស្រួច​នោះ​ទេ ពី​ព្រោះ​ក្រុម​លោក​ខ្សោយ​តំបន់​ការពារ។ នេះ​បើ​តាម​ Metro។

សម្ពាធ​​យ៉ាង​ខ្លាំង​កំពុង​​​ដាក់​បន្ទុក​ទៅ​លើ​​លោក Mourinho ក្រោយ​ចាញ់​យ៉ាង​អាម៉ាស់​ក្នុង​ដី ០-៣ ក្រោម​ថ្វី​ជើង​​ក្រុម​មាន់​ខ្នាយ​មាស Spursនិង ​ចាញ់​ក្រុម​ Brighton ៣-២ មុន​ពេល​លោក​ដឹកនាំ​បិសាច​ក្រហម​ទៅ​លេង​នៅ​ផ្ទះ​របស់ Burnley រាត្រី​ថ្ងៃ​អាទិត្យ​នេះ។

ប្រព័ន្ធ​លេង​របស់​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រង​ការ​រិះគន់​យ៉ាង​ដំណំ ប៉ុន្តែ​គ្រូ​បង្វឹក​​វ័យ ៥៥ ឆ្នាំ​​ជឿ​ថា តំបន់​ការពារ​របស់​លោក​ត្រូវ​តែ​ពង្រឹង​ឲ្យ​ល្អ​ជាង​នេះ ទើប​ Man Utd អាច​ប្រយុទ្ធ​បាន​ខ្លាំង។

"ក្រុម​ដែល​ពិត​​ជា​លេង​បាន​ល្អ គឺ​ជា​ក្រុម​ដែល​មាន​ភាព​រឹងមាំ​ខ្លាំងក្លា​ពី​ផ្នែក​ខាង​ក្រោម។ សួរ​ថា​តើ United អាច​លេង​ដូច City ឬ Liverpool ដែរ​ឬទេ ៖ ពួក​គេ​លេង​របៀប​ដែល​ពួកគេ​លេង ហើយ​យើង​លេង​របៀប​ដែល​យើង​លេង​។ ខ្ញុំ​មិន​ចង់​និយាយ​ពី​អ្វី​​ដែល​ទាក់ទង​នឹង​រឿង​នោះ​ទេ" Mourinho បាន​និយាយ។

លោក​បន្ទោស​ថា ការ​លេង​ទល់​នឹង Tottenham កំហុស​ឆ្គង​តំបន់​ការពារ​២​ដង​ក្នុង​រវាង​៥​នាទី Man Utd ត្រូវ​តែ​ចាញ់។

ការ​ខ្វែង​គំនិត​គ្នា​រវាង​គ្រូ​បង្វឹក​ និង ម្ចាស់​ក្លឹប

ដោយ​មូលហេតុ​នេះ​ហើយ​ ទើប​កន្លង​មក Jose Mourinho បាន​​ទទូច​ឲ្យ​លោក ​Ed Woodward អនុប្រធានប្រតិបត្តិ​របស់​ក្លឹប​បិសាច​ក្រហម​ទិញ​កីឡាករ​បន្ថែម​ដើម្បី​​បំពេញ​​តំបន់​កណ្តាល​ដែល​ជា​ចំណុច​ចន្លោះ​ប្រហោង​របស់​ក្លឹប។ ប៉ុន្តែ​ការ​បដិសេធ​របស់​លោក Woodward ជា​អតីត​គណនេយ្យករ និង វិនិយោគិន ដែល​មិន​ចង់​ចំណាយ ជា​លទ្ធផល Man Utd បន្ត​ចាញ់​ដូច​ Mourinho បាន​និយាយ។

Jose Mourinho និង លោក ​Ed Woodward អនុប្រធានប្រតិបត្តិ​របស់​ក្លឹប​បិសាច​ក្រហម​

កាល​ជំនាន់​លោក Sir Alex Ferguson នៅ​ដឹកនាំ គ្រូ​បង្វឹក​ដ៏​ជោគជ័យ​បំផុត​រូប​នេះ​បាន​និយាយ​ថា ការ​ទិញ​លក់​កីឡាករ​មិន​មែន​ជា​ភារកិច្ច​របស់​លោក​ទេ តែ​ជា​ការ​សម្រេច​របស់​ក្លឹប ម្ល៉ោះ​ហើយ​គេ​​មិន​ដែល​លឺ​ថា​លោក​មាន​បញ្ហា​រកាំរកូស​ជាមួយ​ Man Utd រឿង​លក់​ចេញ​ទិញ​ចូល​កីឡាករ​ឡើយ។

ប៉ុន្តែ​បន្ទាប់​ពី Alex Ferguson ចូលនិវត្តន៍​ បន្ទាប់​ពី​រួមរស់​ជាមួយ Man Utd (ពី​ខែ សីហា ១៩៩២ ដល់ ខែ ឧសភា ២០១៣ ប្រហែល ២១​ឆ្នាំ) ក្លឹប​បិសាច​ក្រហម​តែង​ផ្លាស់ប្ដូរ​គ្រូ​បង្វឹក​ជា​ញឹកញាប់ ហើយ​​មូលហេតុ​ចម្បង​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មក​ទស្សនវិស័យ​ផ្ទុយ​គ្នា​រវាង​គ្រូ​បង្វឹក និង ម្ចាស់​ក្លឹប​ដែល​តែងតែ​ចំណេញ​ច្រើន​ជាង​ក្លឹប​ណាៗ​មួយ​នេះ លើ​បញ្ហា​ទិញ​លក់​កីឡាករ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត