មហាសេដ្ឋី​មួយ​រូប​និយាយ​​ថា iPhone X ​មាន​តម្លៃ​ថោក​ខ្លាំង​

  • 2018-09-04 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ Warren Buffett បាន​​​និយាយ​ពី​គំនិត​របស់​ខ្លួន​ថា​ iPhone X ដែល​មាន​តម្លៃ​ ១ ០០០ ដុល្លារ​ គឺ​ជា​តម្លៃ​មួយ​ទាប​ខ្លាំង។ លោក​បាន​លើក​ឡើង​ដូច​នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ CNBC កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង​ទៅ។

លោក​ Buffet ដែល​​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ ៨៦,៧ ពាន់​លាន​ដុល្លារ​ បាន​និយាយ​ថា​ iPhone ផ្ដល់​ជូន​នូវ​តម្លៃ​​ដ៏​ធំ​មួយ​​ដល់​មនុស្ស​រាប់​រាយ​លាន​នាក់ ដែល​រស់​នៅ​ជា​មួយ​ iPhone។ ត្បិត​ថា​បាន​និយាយ​​បែប​នេះ​មែន​ ប៉ុន្តែ​លោក​ Buffet ជឿ​ថា​ Apple នឹង​មិន​ដំឡើង​តម្លៃ iPhone លើស​ពី​ ១ ពាន់​ដុល្លារ​នោះ​ទេ។

លោក​បាន​និយាយ​ដូច​នេះ​ថា ៖ "វា​ (iPhone) កំពុង​​រង​​ការ​ប្រកួត​ប្រជែង ហេតុ​នេះ​មិន​អាច​ដំឡើង​តម្លៃ​បាន​ទេ ប៉ុន្តែ​​បើ​និយាយ​ពី​ប្រយោជន៍​របស់​វា​ចំពោះ​មនុស្ស និង​អ្វី​ដែល​ពួក​គេ​អាច​ទទួល​បាន​ជា​មួយ​លុយ​ ១ ពាន់​ដុល្លារ...អ្នក​អាច​ចំណាយ​ ១ ពាន់​ដុល្លារ​លើ​អាហារ​ពេល​ល្ងាច​មួយ​ពេល ប៉ុន្តែ​អ្វី​ដែល​ iPhone អាច​ផ្ដល់​ជូន​ដល់​អ្នក​​គឺ​អស្ចារ្យ​”។

គួរ​ដឹង​ថា​លោក​ Warren Buffet មិន​ប្រើ​ប្រាស់​ស្មាតហ្វូន​នោះ​ទេ ដោយ​សុខ​ចិត្ត​ប្រើ​ប្រាស់​ទូរសព្ទ​បត់​ស៊េរី​ចាស់​ ប៉ុន្តែ​លោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា​ស្មាតហ្វូន​មាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស៕​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង