YouTuber ម្នាក់​បើក​កកាយ​ចំណូល​រក​បាន​ក្នុង​ពេល​ ៤ ឆ្នាំ ដែលគ្រប់គ្នាស្មានមិនដល់

  • 2018-09-06 03:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Caleb Marshall ជា​ YouTuber មួយ​រូប​ដែល​បង្កើត​វីដេអូ​​បង្ហោះ​លើ​បណ្ដាញ​ YouTube អស់​រយៈ​ពេល​ប្រមាណ​ ៤ ឆ្នាំ​មក​ហើយ ដោយ​សាង​ Subscriber បាន​ចំនួន​ជាង​ ១,៣ លាន​នាក់។

ប៉ុន្មាន​ឆ្នាំ​មក​នេះ Caleb ផលិត​វីដេអូ​បាន​ ១៤៧ វីដេអូ ជា​វីដេអូ​បង្ហាញ​ពី​ការ​រាំ​ហាត់​ប្រាណ​ និង​មាន​ចំនួន​ទស្សនា​សរុប​ ២១៦ លាន​ដង។ ​មនុស្ស​ភាគ​ច្រើន​​ប្រហែល​ជា​គិត​ថា​ YouTuber ​រូប​នេះ​អាច​រក​ចំណូល​បាន​ក្រាស់ក្រែល​ពី​ Subscriber និង​ចំនួន​ទស្សនា​ដ៏​ច្រើន​លើស​លប់​នេះ។

ប៉ុន្តែ​តាម​ការ​បង្ហើប​​ពី​ Caleb នៅ​ក្នុង​វីដេអូ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​រយៈពេល​ ៤ ឆ្នាំ​កន្លង​មក​នេះ​​ រូប​គេ​អាច​រក​ចំណូល​បាន​​ត្រឹម​ ១៧ ៨៩៤,៧៣ ដុល្លារ​តែ​ប៉ុណ្ណោះ។ ចំណូល​បាន​តិច​​ដល់​ថ្នាក់​នេះ​ ដោយ​សារ​ក្នុង​ចំណោម​វីដេអូ​ទាំង​ ១៤៧ មាន​ត្រឹម​ ១១ វីដេអូ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការ​ Monetize (អាច​រក​ចំណូល) ​ពី YouTube។

ពេល​គិត​ពន្ធ​​នៃ​ចំណូល​រួច (ពន្ធ ៣០%) និង​ចែក​ដល់​​ក្រុម​ការងារ​ដទៃ​ទៀត​របស់​ខ្លួន​ ក្នុង​មួយ​ឆ្នាំ Caleb រក​ចំណូល​បាន​តែ​ ២ ៨១៨ ដុល្លារ​ប៉ុណ្ណោះ។

​ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ YouTuber ដែល​មាន​ Subscriber ច្រើន​ ឬ មាន​ចំនួន​ទស្សនា​ច្រើន​មិន​ប្រាកដ​ថា​មាន​ចំណូល​ច្រើន​នោះ​ទេ។ YouTuber ខ្លះ​ត្រូវ​រក​ចំណូល​តាម​ការ​លក់​សម្ភារៈ​ជា​ម៉ាក​សញ្ញា​ផ្ទាល់​ខ្លួន, ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​​ក្រុមហ៊ុន​ដទៃ និង បង្កើត​កម្មវិធី​​ផ្សេងៗ ដើម្បី​បង្កើន​ចំណូល​របស់​ខ្លួន៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង