ឭ​ពាក្យ​ចចាមអារ៉ាម​ច្រើន​ពេក​ទាក់​ទង​នឹង​ Juventus កីឡាករ​ Marcelo ចេញ​មុខ​បក​ស្រាយ

  • 2018-09-06 11:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Marcelo ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​លេង​ឲ្យ Real Madrid ដល់​ទី​បញ្ចប់។

កីឡាករ​ប្រេស៊ីល បាន​និយាយ​ប្រាប់​ទូរទស្សន៍ Real Madrid ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ជាមួយ Real Madrid។ ក្លឹប​គឺ​ជា​ផ្ទះ​របស់​ខ្ញុំ ហើយ​កុងត្រា​ខ្ញុំ​នៅ​សល់​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត។ ខ្ញុំ​គិត​ថា ​វា​ជា​រឿង​ល្អ​ដែល​ខ្ញុំ​ត្រូវ​និយាយ​ឲ្យ​ច្បាស់ៗ​អ៊ីចឹង ព្រោះ​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន។ ខ្ញុំ​តែង​តែ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ពេល​លេង​ឲ្យ​ក្លឹប​មួយ​នេះ"។

Marcelo បាន​បន្ត​ទៀត​ថា ខ្លួន​នៅ​តែ​មាន​ភាព​សប្បាយ​រីករាយ​បន្ត​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ ហើយ​បញ្ជាក់​ម្ដង​ទៀត​ថា ខ្លួន​ចង់​បន្ត​លេង​ឲ្យ​ក្លឹប​ជា​ច្រើន​ឆ្នាំ​ទៀត។ កីឡាករ​ថា៖ "ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ចង់​ឈ្នះ​ដូច​កាល​ដែល​ខ្ញុំ​មក​លេង​នៅ​ក្លឹប​នេះ កាល​ពី​អាយុ ១៨ ឆ្នាំ​អ៊ីចឹង។ ខ្ញុំ​នឹង​បន្ត​លេង​ឲ្យ​ក្លឹប​រហូត​ដល់​ទី​បញ្ចប់"។

ចាប់​តាំង​ពី​ខែ​កក្កដា​កន្លង​ទៅ ពោល​គឺ​នៅ​ពេល​ Cristiano Ronaldo បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ក្លឹប Real Madrid ទៅ Juventus មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​បាន​ព្យាយាម​ទាក់ទាញ​មិត្ត​សម្លាញ់ Marcelo ឲ្យ​មក​ចូល​រួម​ជាមួយ​ខ្លួន​នៅ​ក្លឹប​អ៊ីតាលី។

Marcelo បាន​ចូល​រួម​ជាមួយ​ Real Madrid កាល​ពី​ឆ្នាំ ២០០៧។ ​ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​រួម​រស់​ជាមួយ​ក្លឹប កីឡាករ​ប្រេស៊ីល​លេង​បាន ៤៥៦ ប្រកួត និង​ស៊ុត​ចូល ៣៣ គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី