Isco ថា Real មិន​នឹក Ronaldo ទេ​ នៅ​ពេល​នេះ

  • 2018-09-06 13:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Isco ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា នា​ពេល​បច្ចុប្បន្ន Real Madrid មិន​នឹក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នោះ​ទេ។

កីឡាករ​អេស្ប៉ាញ​បាន​លើក​ឡើង​ថា៖ "Cristiano គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប។ គេ​អាច​រក​បាន​យ៉ាង​ណាស់​ពី​ ៤០ ទៅ ៥០ គ្រាប់​សម្រាប់​ក្រុម"។

Isco បន្ត​ទៀត​ថា៖ "នៅ​ពេល​គេ​ចាក​ចេញ​ទៅ។ នៅ​ពេល​យើង​ឈ្នះ ពួក​គេ (Isco ទំនង​សំដៅ​លើ​អ្នក​សារព័ត៌មាន ឬ​ក្រុម​អ្នក​វិភាគ​បាល់ទាត់) ថា យើង​មិន​នឹក Cristiano តែ​បើ​យើង​ចាញ់​វិញ ពួក​គេ​ថា​យើង​នឹក Cristiano"។

ខ្សែ​បម្រើ​អេស្ប៉ាញ បាន​គូស​បញ្ជាក់​៖ "នៅ​ពេល​នេះ យើង​កំពុង​លេង​បាន​យ៉ាង​ល្អ​ណាស់។ បណ្ដា​កីឡាករ​ដែល​មិន​សូវ​ស៊ុត​ចូល​ច្រើន​កាល​ពី​រដូវ​កាល​មុន ឥឡូវ​ចាប់​ផ្ដើម​រក​គ្រាប់​បាល់​បាន​ហើយ។ ដូច្នេះ បច្ចុប្បន្ន យើង​មិន​នឹក​នា Cristiano ឡើយ។ ខ្ញុំ​សូម​ជូន​ពរ​គេ​ឲ្យ​មាន​សំណាង​ល្អ​នៅ Juventus"។

Ronaldo បាន​ចាក​ចេញ​ពី Real Madrid ទៅ​ចូល​រួម​ជាមួយ Juventus កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​ព័រទុយហ្គាល់​រក​គ្រាប់​បាល់មិនទាន់​បាន​នៅ​ឡើយ​ទេ ឲ្យ​ក្លឹប​ថ្មី​ខ្លួន គិតមកទល់ពេលនេះ។

បក​និយាយ​ពី​ស្ថានភាព​នៅ​ Real Madrid វិញ កីឡាករ​ប្រយុទ្ធ​មួយ​ចំនួន​ដូច​ជា Karim Benzema និង Gareth Bale ត្រូវ​បាន​មើល​ឃើញ​ថា បាន​ចាប់​ផ្ដើម​រដូវ​កាល​បាន​ល្អ។ Benzema រក​បាន ៥ គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន ៤ លើក ខណៈ Bale ស៊ុត​ចូល ៣ គ្រាប់៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម