ទិញកាបូបប្រេនតាមអនឡាញ តម្លៃជាង១ពាន់ដុល្លារ ពេលឥវ៉ាន់មកដល់ សឹងដាច់ផ្ងារ (វីដេអូ)

  • 2018-09-10 02:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង បន្ទាប់​ពី​អ្នក​ស្រី​បាន​បញ្ជា​ទិញ​កាបូប​ប្រេន តាម​រយៈ​អនឡាញ តែ​បែរ​ជា​ទទួល​បាន​របស់​ផ្សេងទៅ​វិញ។

អ្នកស្រី Panhathai Lertsin-udom បាន​នាំ​យក​ភស្តុតាង​នៃ​ការ​បញ្ជា​ទិញ​របស់​អ្នក​ស្រី រួម​មាន​បង្កាន់​ដៃ​ផ្ទេរ​លុយ​លើ​អនឡាញ , ការ​ឆាត​នៅ​លើ Line ជាមួយ​អ្នក​លក់ និង វីដេអូ​មួយ​ខ្សែ​ផង​ដែរ ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស កាល​ពី​ថ្ងៃ​អាទិត្យ ទី០៩ ខែ​កញ្ញា ឆ្នាំ២០១៨ ម្សិលមិញ​នេះ ដើម្បី​ប្តឹង​គណនី​បណ្ដាញ​សង្គម Line មួយ​ឈ្មោះ​ថា B.PROMOTE។

ស្ត្រី​ជនជាតិ​ថៃ​ខាង​លើ ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​បញ្ជា​ទិញ​កាបូប​ដៃ​មួយ​ទឹក​ម៉ាក Celine កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន បន្ទាប់​ពី​ទំព័រ Instagram មួយ​មាន​ឈ្មោះ​ថា brandnameby_Oa បង្ហោះ​លក់ ដោយ​អ្នក​លក់​ឈ្មោះ B.PROMOTE។ អ្នកស្រី Panhathai បាន​ផ្ទេរ​លុយ​ចំនួន ៣៧ ០០០បាត ឬ​ស្មើ​នឹង ១ ១០០ដុល្លារ ទៅ​កាន់​គណនី​ធនាគារ​ដែល B.PROMOTE ផ្ញើ​ឲ្យ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ។

«ខ្ញុំ​បាន​សម្រេចចិត្ត​ផ្ទេរ​លុយ​ឲ្យ​គេ​យ៉ាង​លឿន ព្រោះ​ខ្ញុំ​ដឹង​ថា អ្នក​ទិញ​ជា​ច្រើន​កំពុង​ចង់​ទិញ​របស់​ប្រេនៗ​បែប​នេះ»។ នេះ​បើ​តាម​សម្ដី​របស់​អ្នក​ស្រី Panhathai។

បន្ទាប់​ពី​បាន​ផ្ទេរ​លុយ​រួច អ្នកស្រី​ត្រូវ​អ្នក​លក់​ប្រាប់​ថា កាបូប​នោះ​នឹង​ត្រូវ​ដឹក​ជញ្ជូន​ឲ្យ​អ្នកស្រី តាមរយៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន Kerry Express Thailand។ ផ្ទុយទៅវិញ នៅ​ថ្ងៃ​បន្ទាប់ (ត្រូវ​នឹង​ថ្ងៃ​ពុធ) គណនី Line របស់ B.PROMOTE ត្រូវ​បាន​បិទ ខណៈ​អ្នកស្រី​ក៏​មិន​អាច​ទាក់ទង​ជាមួយ​គេ​បាន​ទៀត។

យ៉ាងណាមិញ នៅ​ពេល​ដែល​ទំនិញ​មក​ដល់ អ្នកស្រី Panhathai បាន​ឲ្យ​គេ​ជួយ​ថត​វីដេអូ ខណៈ​អ្នកស្រី​បើក​កញ្ចប់​នោះ​មើល ស្រាប់តែ​ឃើញ​ដប​ទឹក រូប Kung Fu Panda ចំនួន ២ ទៅវិញ។

កាសែត​ថៃ Bangkok Post បាន​ទាក់ទង​ជាមួយ​ទំព័រ Instagram ឈ្មោះ brandnameby_Oa ខាង​លើ ដែល​គេ​ប្រើ​ដើម្បី​បង្ហោះ​លក់​ផលិតផល​ប្រណីត​មួយ​ទឹក។ តាមការពិត ទំព័រ​មួយ​នេះ​គ្រាន់តែ​ជា​អ្នក​ស៊ី​ឈ្នួល​បង្ហោះ​លក់​ឲ្យ​គេ​ប៉ុណ្ណោះ ដោយ​ទទួល​បាន​ថ្លៃ​សេវាកម្ម​ចំនួន ៥០បាត សម្រាប់​ការ​បង្ហោះ​លក់​ម្ដង។

អ្នកស្រី Panhathai បាន​និយាយ​ថា «ខ្ញុំ​ធ្លាប់​បាន​ទិញ​របស់​ប្រេនៗ​តាម​អនឡាញ​ច្រើន​ដង​មក​ហើយ។ គ្រប់​ពេល​ខ្ញុំ​តែងតែ​ឆែក​មើល​គ្រប់​ព័ត៌មាន​ទាំងអស់ មុន​ពេល​បញ្ជា​ទិញ។ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា នៅ​ទីបំផុត​វា​បាន​កើតឡើង​ចំពោះ​ខ្ញុំ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង