នេះ​ហើយ​អាថ៌កំបាំង​ជនជាតិ​ជប៉ុន​មិន​ងាយ​ចាស់ និង​អាយុ​វែង​ជាង​គេ​លើ​ពិភពលោក

  • 2018-09-11 06:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

ជប៉ុន ជា​ជាតិ​សាសន៍​ដែល​ពិភពលោក​កោត​ស្ញប់ស្ញែង និង​សរសើរ​ជាង​គេ​ក្នុង​ពិភពលោក​ពាក់ព័ន្ធ​នឹង​ទម្លាប់​ការ​រស់​នៅ សីលធម៌ និង​ការងារ​របស់​ពួកគេ។ រឿង​មួយ​ទៀត​ដែល​គេ​ល្បី​និយាយ​តៗ​គ្នា​ពី​ជប៉ុន គឺ​ជនជាតិ​មួយ​នេះ ជា​ប្រជាជន​អាយុ​វែង​ជាង​គេ​លើ​ពិភព​លោក។

យោង​តាម​ទិន្នន័យ​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ជប៉ុន​មាន​ប្រជាជន ១២៧ លាន​នាក់​នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​ប្រជាជន​មាន​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​ដល់​ទៅ ៨៣,៧ ឆ្នាំ​ឯណោះ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ជនជាតិ​ជប៉ុន​អាយុ​ចាប់​ពី ៩០ ឆ្នាំ​ឡើង​ទៅ មាន​រហូត​ដល់​ជាង ២ លាន​នាក់​ឯណោះ។ នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ចុះ​អ្វី​ជា​អាថ៌កំបាំង​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​មាន​អាយុ​វែង និង​សុខភាព​ល្អ​ដល់​ថ្នាក់​ហ្នឹង?

សារព័ត៌មាន​ធំៗ​របស់​អង់គ្លេស The Telegraph និង BBC Good Food បាន​លើក​យក​អាថ៌កំបាំង​អាយុ​វែង​សំខាន់ៗ ៣ យ៉ាង​របស់​ប្រជាជន​ជប៉ុន​មក​បង្ហាញ៖

១. របប​អាហារ

របប​អាហារ​របស់​ជនជាតិ​ជប៉ុន មាន​តុល្យភាព និង​សុខភាព​ល្អ ដែល​មាន​គ្រឿង​សមុទ្រ ជា​ពិសេស​ត្រី​ស្រស់ៗ សារាយ​សមុទ្រ គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ និង​តៅហ៊ូ​សណ្ដែក​សៀង។ ជប៉ុន​មិន​ញ៉ាំ​អាហារ​កំប៉ុង ឬ​អាហារ​កែច្នៃ​ចេញ​ពី​រោងចក្រ​ដូច​លោក​ខាង​លិច​ឡើយ ខណៈ​អាហារ​កែច្នៃ​ទាំង​នោះ​ត្រូវ​គេ​សិក្សា​ថា​អាច​បង្ក​ទៅ​ជំងឺ​ផ្សេងៗ និង​មហារីក។ ទិន្នន័យ​ចុង​ក្រោយ ជប៉ុន​មាន​អត្រា​ប្រជាជន​ធាត់​ត្រឹម ៣,៥% ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប ១២៧ លាន​នាក់។

អាហារ​ថ្ងៃត្រង់​របស់​សិស្ស​សាលា​ជប៉ុន មាន​ជាតិ​ស្ដរ​កែច្នៃ​តិចតួច​បំផុត

ជប៉ុន​និយម​ញ៉ាំ​ត្រី​សមុទ្រ​ឆៅ នៅ​ក្នុង​ម្ហូប Sushi និង Sashimi។ បន្លែ​លើ​ដី​គោក​គ្រប់​ពណ៌ និង​ក្នុង​សមុទ្រ ពិសេស​សារាយ​សមុទ្រ ក៏​ពេញ​និយម​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​រ៉ែ និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់។ ឯ​ផ្លែឈើ​វិញ ត្រូវ​គេ​ញ៉ាំ​ជាមួយ​អាហារ​ពេល​ព្រឹក និង​ជា​បង្អែម​ពេល​ល្ងាច ដូចជា ផ្លែ​ប៉ោម Fuji ក្រូច​ឃ្វិច ផ្លែ​ទម្លាប់​ជា​ដើម។ ឯ​តែ​បៃតង​ម៉ាចា (Macha) វិញ​ដែល​កំពុង​តែ​ផ្អើល​ល្បី​នៅ​អង់គ្លេស​ដែរ​នោះ ជា​តែ​ពេញ​និយម​បំផុត​របស់​ជប៉ុន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដោយ​វា​សម្បូរ​សារធាតុ​អង់ទី​អុកស៊ីតកម្ម​ដែល​ការពារ​មិន​ឲ្យ​មាន​មហារីក មេរោគ និង​ជំងឺ​បេះដូង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជប៉ុន​បាន​ដាក់​ចេញ​គោលនយោបាយ​ពាក់ព័ន្ធ​របប​អាហារ​តាំង​ពី​សាលារៀន​កម្រិត​ទាប​មក​ម្ល៉េះ ដោយ​ណែនាំ​ឲ្យ​ក្មេងៗ​ញ៉ាំ​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ បរិមាណ​សាច់​ស្រស់​ល្មម តៅហ៊ូ​សណ្ដែក​សៀង ត្រី និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​កែច្នៃ​តិច​តួច​បំផុត។ របប​អាហារ​នេះ មាន​កាឡូរី​ទាប តែ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ជួយ​ឲ្យ​ពួកគេ​នៅ​ក្មេង មាន​អាយុ​វែង មិន​មាន​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ធ្វើ​ឲ្យ​ធាត់ និង​កាត់​បន្ថយ​ជំងឺ​តាម​វ័យ ដូចជា ទឹក​នោម​ផ្អែម មហារីក រលាក​សន្លាក់ និង​ភ្លេចភ្លាំង ជា​ដើម។

២. ទម្លាប់​រស់​នៅ

ប្រជាជន​ជប៉ុន មាន​ទម្លាប់​រស់​នៅ​ស្អាត មាន​អនាម័យ ខុស​ពី​ជនជាតិ​ចិន​ក្បែរ​ខាង​ដាច់​ស្រឡះ​តែ​ម្ដង។ បរិស្ថាន​នៃ​ការ​រស់នៅ គឺ​ស្អាត មាន​របៀបរបប។ ពួកគេ​រស់​នៅ​ស្អាត ញ៉ាំ​ស្អាត និង​ហាត់​ប្រាណ​ជា​ប្រចាំ​តាំង​ពី​វ័យ​ក្មេង។ ជាក់ស្ដែង ទិន្នន័យ ៦ ឆ្នាំ​មុន​កាល​ពី​ឆ្នាំ​២០១២ ក្មេងៗ​សិស្ស​សាលា​ជប៉ុន ៩៨% នាំ​គ្នា​ដើរ ឬ​ជិះ​កង់​ទៅ​សាលា។

៣. ប្រព័ន្ធ​សុខាភិបាល​ទំនើប

ប្រព័ន្ធ​សុខាភិបាល​ជប៉ុន ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​សុខាភិបាល​ល្អ​បំផុត​មួយ​ក្នុង​ពិភព​លោក ដោយ​មាន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប ហើយ​ប្រជាជន​អាច​ចូល​ពេទ្យ​រដ្ឋ​ក៏​បាន រដ្ឋ​កាត់​ឯកជន​ក៏​បាន ឯ​រដ្ឋាភិបាល​ជប៉ុន​វិញ​ត្រូវ​បង់​ចំណាយ​យ៉ាង​ហោច​ណាស់ ៧០% នៃ​ថ្លៃ​ព្យាបាល។ បើ​ប្រជាជន​ក្រី​ក្រ​វិញ រដ្ឋាភិបាល​នឹង​បង់​ថ្លៃ​ព្យាបាល​ច្រើន​ជាង ៧០% ទៀត​ផង៕

តែបៃតងម៉ាចា
ផ្លែប៉ោម Fuji

អត្ថបទ៖ សុផាត