ទី​បំផុត Pogba ទម្លាយ​មូលហេតុ​មិន​ដូរ​ម៉ូត​សក់​ច្រើន​ក្នុង​អំឡុង​ពេល​ World Cup

  • 2018-09-11 12:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba ក្នុង​ថ្ងៃ​នេះ និយាយ​ថា ខ្លួន​មិន​ដូរ​ម៉ូត​សក់​ច្រើន ក្នុង​អំឡុង​ពេល World Cup ព្រោះ​ខ្លួន​មិន​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​មាន​លេស​ក្នុង​ការ​ទិតៀន ខ្លួន​ និង​ក្រុម​ជម្រើស​ជាតិ​បារាំង។

កីឡាករ​ Manchester United បាន​និយាយ​ប្រាប់​សារព័ត៌មាន RMC ថា៖ "ខ្ញុំ​មាន​ចេតនា​មិន​ធ្វើ​ការ​លេង​ម៉ូត​សក់​ក្នុង​អំឡុង​ពេល​ World Cup។ ខ្ញុំ​មិន​ចង់​ឮ​លេស​ផ្សេង​ៗ​ចេញ​ពី​អ្នក​សារព័ត៌មាន​ដែល​ទិតៀន​ទម្រង់​លេង​ខ្ញុំ​ដោយ​សារ​រឿង​ដូរ​ម៉ូត​សក់។ ខ្ញុំ​ចង់​ឲ្យ​ក្រុម​ជម្រើស​ជាតិ មាន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់។​ នៅ​ពេល​និយាយ​ពី​បាល់ទាត់ គួរ​តែ​និយាយ​អំពី​ការ​លេង​នៅ​លើ​វាល​ស្មៅ និង​ទម្រង់​លេង​របស់​កីឡាករ"។

Pogba លើក​ឡើង​ទៀត​ថា៖ "មាន​អ្នក​ខ្លះ​ថា ខ្ញុំ​គឺ​ជា​មេ​ដឹកនាំ​ក្នុង​ក្រុម។ ខ្ញុំ​មិន​ដែល​និយាយ​ថា​ខ្ញុំ​អ៊ីចឹងទេ តែ​ខ្ញុំ​បង្ហាញ​វា (ភាព​ដឹកនាំ) នៅ​ពេល​លេង​នៅ​លើ​វាល​ស្មៅ"។

ខ្សែ​បម្រើ Pogba ជា​រឿយៗ តែង​រក​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ថា ចូល​ចិត្ត​ឡូយ​ឆាយ ដូរ​ម៉ូត​សក់​ច្រើន មិន​សូវ​ផ្ដោត​អារម្មណ៍​លើ​ការ​លេង​បាល់ទាត់។ កីឡាករ​តែង​ត្រូវ​បាន​ទិតៀន​ខ្លាំងៗ នៅ​ពេល​ធ្លាក់​ទម្រង់​លេង ឬ​ក្រុម​របស់​កីឡាករ​លេង​ទទួល​បាន​លទ្ធផល​មិន​ល្អ។

យ៉ាង​នេះ​ក្ដី ក្នុង World Cup ២០១៨ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បារាំង​ឲ្យ​ឈ្នះ World Cup ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី