ស្រាយ​អាថ៌កំបាំង​ព្រុយត្រីឆ្លាម​លើ​ដំបូល​រថយន្ត​ បើ​ដឹង​រឿងពីក្រោយ​ញាក់សាច់

  • 2018-09-18 07:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសម័យមុន គេឃើញមានរថយន្តជាច្រើន ដែលពេលបើកបរ អង់តែនវែង ដូចទូរទស្សន៍ និងវិទ្យុ នឹងលានចេញមកក្រៅ នៅផ្នែកខាងមុខ ក្បែរម៉ាស៊ីន ឬក៏នៅផ្នែកខាងក្រោយក្បែរឃ្លុប ឬក៏វានៅនឹងថ្កល់តែម្ដង ហើយមុខងារចម្បងរបស់វាគឺសម្រាប់ចាប់យករលកសញ្ញាផ្សាយរបស់ស្ថានីយ៍វិទ្យុ ទាំងប្រេកង់ប្រភេទ AM និង FM។

តមកដល់រថយន្តស៊េរីទំនើបក្រោយៗនេះវិញ គេសង្កេតឃើញថាអង់តែន ចេញមកឆ្កុយនោះ បានបាត់ពីតួរថយន្តទាំងមូលហើយ ប៉ុន្តែវាបានជំនួសមកវិញ នូវព្រុយត្រីឆ្លាម (Shark Fin) ដែលមានទីតាំងនៅលើដំបូលរថយន្ត ជួរកណ្ដាល ផ្នែកខាងក្រោយបង្អស់ គឺនៅលើកញ្ចក់ខាងក្រោយនោះតែម្ដង។ ជាការពិតណាស់ ព្រុយត្រីឆ្លាមនេះ គឺប្រៀបដូចជាអង់តែនជំនាន់ថ្មីសម្រាប់បំពាក់លើរថយន្តទំនើបដូច្នោះឯង ប៉ុន្តែសម្រាប់ការរចនា និងមុខងាររបស់វាមានភាពទំនើប និងមានប្រសិទ្ធភាពខ្ពស់ជាងអង់តែនឆ្កុយកាលពីសម័យមុនឆ្ងាយ។

បើនិយាយពីមុខងារចម្បងវិញ ព្រុយត្រីឆ្លាមនេះ មិនមែនត្រឹមតែមានមុខងារចាប់យករលកសញ្ញាផ្សាយចេញរបស់វិទ្យុ AM និង FM ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចចាប់យកការផ្សាយរបស់វិទ្យុដែលប្រើផ្កាយរណប (Satellite Radio) ប្រព័ន្ធប្រាប់ទីតាំង GPS មកស្រាប់នៅក្នុងរថយន្ត ហើយពិសេសបំផុត សម្រាប់រថយន្តទំនើបម៉ូដែលមួយចំនួន គឺព្រុយត្រីឆ្លាមនេះ អាចជួយបន្ថែមសមត្ថភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតស៊ីមកាត (Cellular Data) នៅក្នុងរថយន្តផ្ទាល់ផងដែរ។

ងាកមកការរចនាវិញម្ដង បើប្រៀបធៀបនឹងអង់តែនឆ្កុយ លានចេញខ្ពស់ទៅខាងលើ ព្រុយត្រីឆ្លាមមានរាងទាប មិនងើយខ្ពស់ ហើយមាំល្អ មិនអាចបាក់ដូចអង់តែនឆ្កុយឡើយ។ មួយវិញទៀត អង់តែនឆ្កុយ ពេលបើកបរលឿន ប៉ះនឹងខ្យល់ខ្លាំងអាចបណ្ដាលឲ្យរេ អាចបាក់ ហើយការចាប់យករលកសញ្ញាអាចមានការរំខានច្រើន បើប្រៀបជាមួយនឹងព្រុយត្រីឆ្លាម នៅនឹងល្អ ហើយឈ្នះខ្យល់ (Aerodynamic) ទៀតផង ព្រោះរូបរាងវារចនាឡើយស្របតាមទិសល្បឿននៃរថយន្ត នៅចំកណ្ដាល ហើយផ្ទៃប៉ះនឹងខ្យល់ក៏តូចដែរ។ ចំណុចពិសេសមួយទៀត ការរចនា អង់តែនប្រភេទថ្មីស្ថិតក្រោមទម្រង់ជាព្រុយត្រីឆ្លាម មានរូបរាងស្អាត សាកសមជាមួយរថយន្តគ្រប់ប្រភេទ មិនថា Sedan ឬក៏ SUV នោះឡើយ។

ចុចអាន៖

ប្រភព៖ www.coastalhyundai.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី