Ramos ទិតៀន​ធ្ងន់ៗ​ទៅ​លើ Griezmann រឿង​និយាយ​ថា​មាន​កម្រិត​ស្មើ Ronaldo-Messi

  • 2018-09-18 13:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Sergio Ramos បាន​ធ្វើ​ការ​ទិតៀន​ទៅ​លើ​ Antoine Griezmann ក្រោយ​កីឡាករ​បារាំង​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ខ្លួន​មាន​កម្រិត​លេង​ស្មើ Cristiano Ronaldo និង​ Lionel Messi។

Ramos បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ប្រកួត Champions League ថា៖ "ភាព​ល្ងង់ខ្លៅ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​យើង​និយាយ​យ៉ាង​កម្រោល។ នៅ​ពេល​ដែល​ខ្ញុំ​ឮ Griezamann និយាយ​បែប​នេះ ខ្ញុំ​បាន​គិត​ទៅ​ដល់​ ខ្សែ​ប្រយុទ្ធ Totti, អ្នក​ចាំ​ទី Buffon, Iker Casillas, ខ្សែ​ប្រយុទ្ធ Raul, ខ្សែ​បម្រើ​ Andres Iniesta និង Xavi ដែល​សុទ្ធ​សឹង​ជា​បណ្ដា​កីឡាករ​ដែល​បាន​ឈ្នះ​ពាន​ជា​ច្រើន ប៉ុន្តែ​មិន​បាន​ឈ្នះ​ Ballon D'or"។

ខ្សែ​ការពារ​អេស្ប៉ាញ បាន​បន្ត៖ "នរណា​ក៏​ដោយ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន ប៉ុន្តែ​ខ្ញុំ​គិត​ថា លោក Diego Simeone និង ប្រធាន​ក្រុម​កីឡាករ Diego Godin គួរ​តែ​ផ្ដល់​ការ​ប្រឹក្សា​ខ្លះ​ដល់ Griezmann​ដើម្បី​ឲ្យ​ស្គាល់​អំពី​តម្លៃ​ខ្លួន​សម​ស្រប​របស់​គេ"។

ទោះ​ជា​វាយ​ប្រហារ​ពាក្យ​សំដី​បែប​នេះ​ក្ដី Ramos ក៏​បាន​ធ្វើ​ការ​សរសើរ​ Griezmann ហើយ​ហៅ​កីឡាករ​បារាំង​គឺ​ជា "កីឡាករ​អស្ចារ្យ" មួយ​រូប។

សូម​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ ២០១៨ អាច​ចាត់​ទុក​បាន​ជា​ឆ្នាំ​ជោគជ័យ​មួយ​សម្រាប់​អាជីព​បាល់ទាត់​របស់ Griezmann។ កីឡាករ​បាន​ឈ្នះ​ពាន Europa League, World Cup និង UEFA Super Cup។ កាល​ពី​អំឡុង​ពេល​ប្រកាស​បេក្ខភាព​កំពូល​ប្រជែង​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុបកាលពីពេលថ្មីៗកន្លងទៅ ខ្សែ​ប្រយុទ្ធ​បារាំង​បាន​ដាក់​ចម្ងល់​ថា ម៉េច​បាន​ជា​មិន​មាន​កីឡាករ​សញ្ជាតិ​បារាំង​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ទាំង​ ៣ នោះ៕

ប្រភព៖ Dailymail | ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី