បង្ហើប​តម្លៃ​អ្នក​គក់ជេរ​មើល​ឡាន​ម្តង ស៊ី​ថ្លៃ​ប៉ុន្មាន?

  • 2018-09-20 03:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ឡាន​មួយ​ទឹក​ជិះ​ដោយ​មិន​សូវ​ដឹង​ពី​ឡានច្រើន​ ជៀស​មិន​ផុត​​ត្រូវ​​ពឹង​អ្នកជំនាញ​​ជួយ​មើល​ដើម្បី​កុំឲ្យ​អ្នក​លក់​ធ្វើ​ស៊ី និង​ទិញ​បាន​របស់​អន់។

អ្នក​គក់ជេរ​ឡាន​មួយ​រូប​ សុំមិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Sabay ថា​ ទៅ​មើល​ឡាន​​ឲ្យ​​ភ្ញៀវ​ម្តង លោក​ស៊ី​ថ្លៃ​ពី ១០០​ ដុល្លារ ទៅ ២០០ ដុល្លារ អាស្រ័យ​តាម​ឡាន និង​ការ​ផ្តល់​ឲ្យ​ដោយ​អតិថិជន។

បុរ​សវ័យ​ជាង ៣០ ជាង​នេះ ដែល​អាច​មើ​ល​ឡាន​ឆ្អិន​ប្រភេទ​ឆ្លាម បាឡែន និង​ Leuxs បានប្រាប់​ថា លោក​ធ្លាប់​ប្រកប​របរ​គក់ជេរ​ឡាន​ជាង ១០ ឆ្នាំ ទើប​ធ្វើ​ឲ្យ​លោក​មាន​បទពិសោធន៍​និង​ដឹង​ស្ទើរ​គ្រប់កន្លុកកន្លៀត​នៃ​រថយន្តមួយ​ចំនួន​។

លោក​ទទួល​ស្គាល់​ថា លោក​មិនឆ្អិន​រថយន្ត​ទាំង​អស់​ទេ តាម​តែ​ស៊េរី​រថយន្ត​ដែលលោក​ធ្លាប់​ស្គាល់​។

"ដូច​ ឆ្លាម បាឡែន Lexus អី ខ្ញុំ​ដឹង​ច្រើន​ថា​ត្រូវ​មើល​​ត្រង់​ណា ហើយ​វា​មាន​បញ្ហា​អី​ជាង​គេ តែ​បើ​​ប្រភេទ Prius និង​ស៊េរី​ថ្លៃ​ អី​លោក​រាង​ស្ទើរ​បន្តិច"។

លោក​ប្រាប់​ថា ការ​មើល​ឡាន​​មួយៗ លោក​ត្រូវ​ច្បាស់ពី​​ឡាន​​នោះ​ មុន​នឹង​ទទួល​មើល​​ឲ្យ​អតិថិជន​ ខ្លាច​ទិញទៅ​ខកចិត្ត​ វា​នាំ​ឲ្យ​ប៉ះពាល់​មុខមាត់ និង​អាជីព​ទៅ​ថ្ងៃក្រោយ។

មិន​ខុស​គ្នា​នេះ លោក ថាត់ ជា​អ្នក​ជំនាញ​មើល​ឡាន​មួយ​ទឹក​មួយ​រូប​ទៀតប្រាប់​ថា​ លោក​ឈប់​គក់​ជេរ​ឡាន​ ហើយ​ងាក​មក​ចាប់​អាជីព​មើល​ឡាន​ឲ្យ​ភ្ញៀវ​​ ទើប​តែ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​។

បើ​ធៀប​ពេល​រកស៊ី​គក់​ជេរ​ឡាន​​ដំបូង លោក​ត្រូវ​ចំណាយ​ដើម​ទុន​ទិញ​ឡាន​ ហើយ​ត្រូវ​យក​មក​ធ្វើ​​មុន​លក់​ចេញបន្ត ប៉ុន្តែ​ពេល​ប្តូរ​របរ​ថ្មីនេះ​ លោក​ចំណាយ​តែ​កម្លាំង​​និង​ចំណេះ​ដឹង​​ប៉ុណ្ណេះ។

ចំពោះ​តម្លៃ​សេវា​នេះ​វិញ​ លោក​យក​ពី​ភ្ញៀវ​ចន្លោះ​ពី ១០០ ទៅ ២០០​ដុល្លារ។ ចាប់​ពី​ពេល​ចាប់​ជំនាញ​មើល​ឡាន​មួយ​ទឹក​ឲ្យ​ភ្ញៀវ​មក​ លោក​ប្រាប់​ថា​ មួយ​ខែ​លោក​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៦០០ ទៅ ១ ០០០​ ដុល្លារ​ ក្នុង​ខែ តាម​​ពេលដែលមាន​​ភ្ញៀវ​ច្រើន​តែ​បើ​អត់​មាន​ក៏​អត់​តាម​ហ្នឹង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី