មន្ត្រីជំនាញថាបើពលរដ្ឋមិនកែទម្លាប់ចោលសំរាមផ្ដេសផ្ដាស ត្រូវតែចាប់ផ្ដើមពិន័យ (មានវីដេអូ)
- 2018-09-20 09:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីជំនាញថាបើពលរដ្ឋមិនកែទម្លាប់ចោលសំរាមផ្ដេសផ្ដាស ត្រូវតែចាប់ផ្ដើមពិន័យ (មានវីដេអូ)
ចន្លោះមិនឃើញ
តាមពិតទៅច្បាប់ស្ដីពីការគ្រប់គ្រងកាកសំណល់បានចេញរួចមកហើយ កាលពីខែសីហា ឆ្នាំ២០១៥ ក៏ប៉ុន្តែការអនុវត្តហាក់ដូចជានៅស្ងាត់ឈឹង។ ដូច្នេះហើយសំរាមនៅតាមទីសាធារណៈ ទាំងសំរាមដុំ និងសំរាមរាយនៅតែជាបញ្ហាចោទដែលបង្កឲ្យប៉ះពាល់ដល់សោភណភាពទីប្រជុំជន និងសុខភាពប្រជាជន។
បន្ទាប់ពីទិវាសម្អាតពិភពលោកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានសម្ដែងពីឆន្ទៈក្នុងការអនុវត្តច្បាប់ ដោយដាក់ពិន័យចំពោះពលរដ្ឋណាដែលនៅតែល្មើសមិនព្រមទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមការណែនាំ។ លោកថា កាលពីពេលកន្លងមក មន្ទីរបរិស្ថានបានជំរុញឲ្យអាជ្ញាធរនៅតាមខណ្ឌ និងសង្កាត់នីមួយៗ ធ្វើការណែនាំប្រជាពលរដ្ឋមូលដ្ឋាន ឲ្យទុកដាក់សំរាមដោយសណ្ដាប់ធ្នាប់ ចំណែកនៅតាមសួន ឬទីសាធារណៈនានា ក៏ដាក់ឲ្យមានធុងសំរាមគ្រប់គ្រាន់ដែរ។
**ចុចអាន៖ ប៉ុន្មានសន្លឹកពីទិវាសម្អាតពិភពលោកដំបូងបង្អស់នៅកម្ពុជាឃើញហើយអាចរំជួលចិត្ត
ដោយពលរដ្ឋមួយចំនួននៅតែមិនយកចិត្តទុកដាក់ខ្វល់ខ្វាយរឿងសណ្ដាប់ធ្នាប់សំរាមនេះនៅឡើយ ខណៈពលរដ្ឋផ្សេងទៀតប្រតិបត្តិបានយ៉ាងល្អ។
ទាក់ទឹងនឹងការគ្រប់គ្រងសំរាម លោកគាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញថា បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងការងារទុកដាក់សំរាម យើងផ្ដោតសំខាន់លើការងារបីជាសំខាន់។ ទីមួយគឺការអប់រំ គឺអប់រំនៅតាមសាលារៀន និងតាមបណ្ដាខ្នងផ្ទះ ហើយយើងបានធ្វើសកម្មភាពជារៀងរាល់សប្ដាហ៍ទៅលើការអប់រំនេះ... ទីពីរគឺយុទ្ធនាការផ្សព្វផ្សាយ ដូចជាយុទ្ធនាការថ្ងៃនេះ (ទិវាសម្អាតពិភពលោកថ្ងៃសៅរ៍ទី១៥កញ្ញា)។ ទីបី យើងនឹងឈានដល់វិធានការអនុវត្តច្បាប់... មន្ទីរបរិស្ថាន(រាជធានី)ក៏បានស្នើសុំឲ្យមានការផាកពិន័យ ហើយយើងគិតថា វេលានេះគឺពេលដែលយើងត្រូវអនុវត្តវិធានការច្បាប់ ទៅលើបុគ្គលដែលគ្រាន់តែចាប់ថង់មួយ ឬសំរាមតិចតួច ទៅបោះចោល (មិនបានត្រឹមត្រូវតាមការណែនាំ)ក៏ត្រូវការអនុវត្តវិធានការច្បាប់ដែរ។ មានប្រជាពលរដ្ឋច្រើនណាស់ហើយ ដែលគាត់យល់ ខ្ញុំសូមកោតសរសើរមែនទែន ប៉ុន្តែយើងក៏នៅសល់មួយចំនួនទៀតដែលគាត់មិនយល់... ពួកគាត់មិនមែនមិនដឹងទេ តែគាត់(មានចេតនា)មិនព្រមអនុវត្តតែម្ដង អ៊ីចឹងបានយើងចង់អនុវត្តវិធានការផាកពិន័យនេះ ដើម្បីឲ្យពួកគាត់ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមការណែនាំ»។
សូមទស្សនាវីដេអូ៖
បើនិយាយពីការពិន័យ ដែលមានចែងនៅក្នុងអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជន ចាប់ពីមាត្រា៣៩មក គឺមានចំណុចសំខាន់ៗមួយចំនួន ដែលត្រូវដឹងឲ្យច្បាស់ដូចជា៖ បើមិនបានញែកសំរាមសំណល់រឹង ដែលអាចកែច្នៃប្រើឡើងវិញបាន ចេញពីសំរាមដែលត្រូវបោះចោល និងត្រូវពិន័យ ១០ ០០០រៀល សម្រាប់១ខ្នងផ្ទះ។ ១០ម៉ឺនរៀល សម្រាប់ទីតាំងអាជីវកម្ម សេវាកម្មសិប្បកម្ម បុរី ខុនដូ និងអាប៉ាតឺមែន។ ២សែនរៀល សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស។
មាត្រា៤០ បុគ្គលយកសំរាមទៅដាក់ចោលនៅទីសាធារណៈ ខុសម៉ោងអនុញ្ញាតឲ្យបញ្ចេញ ត្រូវពិន័យ ២០ ០០០រៀល សម្រាប់១ខ្នងផ្ទះ។ ១សែន ៥ម៉ឺនរៀល សម្រាប់ទីតាំងអាជីវកម្ម សេវាកម្ម សិប្បកម្ម បុរី ខុនដូ និងអាប៉ាតឺមែន។ ៤សែនរៀល សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស។
បើតាមមាត្រា ៤២ ចែងថា អ្នកដំណើរ អ្នកទេសចរ ដែលបោះសំរាមចោលនៅទីសាធារណៈ និងកន្លែងហាមឃាត់ ត្រូវពិន័យជាប្រាក់ ២០ ០០០ រៀល និងត្រូវសម្អាតសំរាមនោះ ដោយយកទៅដាក់ធុងសំរាមសាធារណៈ។
**ចុចអាន៖ Wing ធ្វើរឿងមួយគួរឲ្យសរសើរ ក្នុងថ្ងៃដើររើសសំរាមសម្អាតទីក្រុង ចុងសប្ដាហ៍មុនត
លោកជំទាវ ងិន លីណាប្រធាននាយកដ្ឋានចំណេះដឹង និងព័ត៌មាននៃក្រសួងបរិស្ថានថាបច្ចុប្បន្ននេះការយល់ដឹងរបស់ពលរដ្ឋតាមទីប្រជុំជនពីការទុកដាក់សំរាម ហាក់មានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ។ រីឯការចូលរួមក៏មិនទាន់ទូលំទូលាយ បានគ្រប់គ្នា ទាមទារឲ្យមានការអប់រំបន្ថែមទៀត។
«យើងមើលឃើញថាការយល់ដឹងរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិត។ តែយ៉ាងណាក៏ដោយយើងនៅតែបន្តធ្វើការអប់រំបន្ថែមទៀត(បន្ថែម)ការយល់ដឹង អត្តចរិតប្រជាពលរដ្ឋយើង។ យើងត្រូវដឹងថា អ្វីទាំងអស់កើតចេញឡើងពីសកម្មភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ យើងត្រូវធ្វើជាអ្នកដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ និងសហគមន៍ ប្រទេសជាតិយើងនឹងបានប្រសើរជាងនេះ»។