សៀមរាប​ធ្វើ​​ម្ចាស់ផ្ទះ​រដូវ​កាល​នេះ​មាន​អ្នក​មើលជាប់កំណត់ត្រាច្រើនបំផុត

  • 2018-09-24 00:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​នេះ​កាន់​តែ​ខ្សត់​អ្នក​ទស្សនា​ ជា​ពិសេស​កីឡដ្ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​រៀប​ចំ​ការ​ប្រកួត​រាល់​សប្តាហ៍​មិន​សូវ​មាន​មើល​ច្រើន​ឡើយ។

យ៉ាង​ណា​ កីឡដ្ឋាន​នៅ​តាម​ខេត្ត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​អ្នក​មើល​ច្រើន​គួរ​សម។ កីឡដ្ឋាន​ព្រះ​ខ័នរាជ​ស្វាយរៀង​ដែល​ស្ថិត​នៅ​កណ្តាល​ខេត្ត​ស្វាយរៀង​មាន​អ្នក​ច្រើន​ បន្ទាប់​ពី​​ទី​លាន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ប្រហែល​ជា​៣​រដូវ​កាល​ហើយ ប៉ុន្តែ​រដូវ​កាល​២០១៨​នេះ​ហាក់​ថយ​ចុះ​អ្នក​គាំទ្រ​ខ្លះ។

ទិដ្ឋភាព​អ្នក​ទស្សនា (រូបភាព៖ CNCC - គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា)

ដោយ​នៅ​ខេត្ត​សៀមរាប​ដែល​ទឹក​ដី​ប្រាសាទ​បុរាណ​ដ៏​​អស្ចារ្យ​​ទើប​តែ​ត្រូវ​បាន​ក្រុម​ពីរ​គឺ​អង្គរថាយហ្គឺរ​ និង​សូទីលូ​អង្គរ​រួម​គ្នា​យក​កីឡដ្ឋាន​ខេត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​រដូវ​កាល​២០១៨​នេះ។ ការ​ប្រកួត​រដូវ​កាល​នេះ​នៅ​ទឹក​ដី​សៀមរាប​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​អ្នក​មើល​ច្រើន​គួរ​សម​ដែល​ជំរុញ​ឲ្យ​ក្លឹប​ទាំង​ពីរ​កាន់​តែ​មាន​កម្លាំង​ចិត្ត។ ជា​ពិសេស​ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ​ និង​បឹងកេត​កាល​ពី​រសៀល​ ថ្ងៃ​អាទិត្យ​ ទី​២៣​ ខែ​កញ្ញា​ម្សិល​មិញ​នេះ​​ទទួល​បាន​អ្នក​ទស្សនា​ចំនួន​៤២៥៧​នាក់។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ថា ចំនួន​អ្នក​ទស្សនា​ខាង​លើ​នេះ​ជា​ចំនួន​ដែល​ច្រើន​ជាង​គេ​បំផុត​ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​​ផ្សេង​ៗ​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​ផ្សេង។

គេ​មើល​ឃើញ​ថា ម្ចាស់​ក្លឹប​អង្គរថាយហ្គឺរ​ ក៏​ដូច​ជា​សូទីលូ​អង្គរ​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​បាល់ទាត់​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប​ទាំង​ការ​ធ្វើ​សកម្មភាព​ទី​សាធារណៈ​ និង​ផ្សព្វផ្សាយ​តាម​សង្គម​ Facebook។ លើស​ពី​នេះ​ទៀត​ កីឡាករ​របស់​ខេត្ត​សៀមរាប​ចំនួន​ក៏​មាន​ឱកាស​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា។ សកម្មភាព​កីឡា​ក្នុង​ខេត្ត​កាន់​តែ​ផុលផុស។ ម្យ៉ាង​ទៀត​វត្តមាន​ក្លឹប​ល្បី​បឹងកេត​​ដែល​មាន​តារា​ឆ្នើម ចាន់ វឌ្ឍនាកា​ ក៏​អាច​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ការ​ប្រកួត​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​បំផុត៕

អត្ថបទ៖ ជាន ចាន់រ៉ា