មេ Real បញ្ជាក់​ច្បាស់​ៗ​អំពី​គោល​ជំហរ​ក្លឹប​ក្នុង​ការ​ទៅ​លេង​នៅ​អាមេរិក

  • 2018-09-24 10:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ថា ក្លឹប​នឹង​មិន​ចូល​រួម​លេង​ប្រកួត​ La Liga នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

ក្នុង​កិច្ច​ប្រជុំ​របស់​ក្លឹប​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ លោក Perez បាន​និយាយ៖ "យើង (Real Madrid) នឹង​មិន​ទៅ​លេង​ប្រកួត La Liga នៅ​សហរដ្ឋអាមេរិក​ឡើយ។ ខ្ញុំ​មិន​ដឹង​ថា ការ​ទៅ​លេង​នៅ​ទី​នោះ​ផ្ដល់​ផល​ប្រយោជន៍​ឡើយ​ដល់​ក្លឹប។ ដូច្នេះ​យើង​នឹង​ធ្វើ​ការ​បដិសេធ​ចំពោះ​ការ​ប្រកួត​ប្រភេទ​ហ្នឹង"។

កាល​ពី​ខែ​សីហា​កន្លង​ទៅ លីគ​កំពូល​អេស្ប៉ាញ (La Liga) បាន​ចុះ​កិច្ច​ព្រមព្រៀង​រយៈ​ពេល ១៥ ឆ្នាំ ជាមួយ​ក្រុម​ហ៊ុន​ Relevent ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​មានការ​រៀប​ចំ​ការ​ប្រកួត​លីគ​មួយ​នេះ​ (យ៉ាង​តិច​ក៏​មួយ​ប្រកួត​ក្នុង​មួយ​រដូវ​កាល) នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។ ទោះ​ជា​យ៉ាង​ណា កិច្ច​ព្រមព្រៀង​រង​ការ​រិះ​គន់​ជា​ច្រើន ពី​សំណាក់​កីឡាករ​ដែល​ប្រកប​អាជីព​ក្នុង​លីគ​ La Liga។

កន្លង​មក​មាន​របាយការណ៍​ជា​ច្រើន ចុះ​ផ្សាយ​ថា​ការ​ប្រកួត​រវាង​ក្លឹប Barcelona និង Girona អាច​ក្លាយ​ជា​ប្រកួត​ La Liga ទី​មួយ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក។ ទោះ​ជា​យ៉ាង​ណា ភាគី​ពាក់ព័ន្ធ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​គ្នា​នៅ​ឡើយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី