Mbappe ទទួល​បាន​អំណោយ​គាប់​ចិត្ត​ពី​កំពូល​វីរបុរស​បាល់ទាត់

  • 2018-09-24 11:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​អំពី​អំណោយ​ដែល​ខ្លួន​ទទួល​បាន​ពី​វីរបុរស​បាល់ទាត់ Pele។

អំណោយ​នោះ គឺ​អាវ​ក្លឹប​ប្រេស៊ីល Santos ដែល​ជា​ក្លឹប​​អតីត​កីឡាករ​ Pele បាន​ប្រកប​អាជីព​ដ៏​ជោគ​ជ័យ (អតីត​ខ្សែ​ប្រយុទ្ធ​ស៊ុត​ចូល​ជាង ១ ពាន់​គ្រាប់)។

Mbappe បាន​បង្ហោះ​រូប​ខ្លួន និង​អាវ​មួយ​នោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ នៅ​ពី​លើ​រូប​ថត​នោះ កីឡាករ​បារាំង បាន​សរសេរ​ថា៖ "អរគុណ​ចំពោះ​អំណោយ​ដ៏​អស្ចារ្យ​មួយ​នេះ, ស្ដេច Pele"។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យ​ក្មេង Mbappe ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​លើក​យក​មក​ប្រៀប​ធៀប​ជាមួយ​វីរបុរស​បាល់ទាត់ Pele ក្រោយ​ខ្សែ​ប្រយុទ្ធ​បារាំង​ស៊ុត​ចូល​ ២ គ្រាប់ ក្នុង​ជ័យជំនះ​ ៤-២ លើ​អាហ្សង់ទីន​កាល​ពី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង World Cup ២០១៨ នៅ​រុស្ស៊ី​កន្លង​ទៅ។ ការ​ស៊ុត​ចូល​នេះ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី​មួយ​ដែល​ស៊ុត​លើស​ពី​មួយ​គ្រាប់​ក្នុង​មួយ​ប្រកួត​ World Cup បន្ទាប់​ពី Pele ធ្វើ​បាន​ដូច្នេះ​កាល​ពី​ឆ្នាំ ១៩៥៨។

Mbappe ត្រូវ​បាន​សង្កេត​ឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង World Cup។ កីឡាករ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឲ្យ​លើក​ពាន​កម្មវិធី​នេះ​ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ។ Mbappe ក៏​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​កម្មវិធី​នេះ​ផង​ដែរ។

ក្នុង​រដូវ​កាល ២០១៨/១៩ គិត​មក​ទល់​ពេល​នេះ កីឡាករ Mbappe បាន​ស៊ុត​ចូល ៥ គ្រាប់​ក្នុង​ការ​ប្រកួត​ ៤ លើក ឲ្យ PSG៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម