កីឡាករ​កម្ពុជា​២​នាក់ អាច​នឹង​ទៅ​លេង​នៅ​លីគ​ថៃ ​រដូវ​កាល​ក្រោយ

  • 2018-09-28 03:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពុជា​២​នាក់ ​អាច​នឹង​មាន​វត្តមាន​លេង​នៅ​លីគ​ប្រទេស​ថៃ ​គឺ ច្រឹង ពលរដ្ឋ ​លេង​នៅ Buriram United ​និង ចាន់ វឌ្ឍនាកា ​អាច​ទៅ​លេង​នៅ​ Chiangrai​ United ។

ក្លឹប Buriram United ​បាន​ប្រកាស​ថា​ពួកគេ​បាន​យក​ខ្សែ​បម្រើ ច្រឹង ពលរដ្ឋ ​របស់​ក្រសួង​ការពារ​ជាតិ​ដើម្បី​ចូល​រួម​ជាមួយ​ពួកគេ​ហើយ ​ក្នុង​នាម​ជា​បេក្ខភាព​កីឡាករ​អាស៊ាន។ កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​ឱ្យ​ក្លឹប​លីគ​កំពូល​របស់​ថៃ ប៉ុន្តែ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ ទើប​លេង​បាន ព្រោះ​កំពុង​មាន​របួស។

ដោយ​ឡែក​ម្នាក់​ទៀត ចាន់ វឌ្ឍនាកា ​មិន​ទាន់​មាន​ការ​ចុះ​កុងត្រា​ផ្លូវការ​ណា​មួយ។ តែ​ក៏​មាន​ដំណឹង​ខ្លះ​ៗ ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ អាច​នឹង​ទៅ​លេង​នៅ​ក្លឹប Chiangrai ​ផង​ដែរ។ ខាង​ប្រធាន​ក្លឹប​បឹងកេត ​បាន​ទៅ​ដល់​ក្លឹប Chiangrai ​ផ្ទាល់​តែ​ម្ដង ​កាល​ពី​ប៉ុន្មាន​ខែ​មុន ​ដើម្បី​ពង្រឹង​ទំនាក់ទំនង។ ដូច្នេះ ​ការ​ផ្ទេរ​កីឡាករ​គ្នា​ទៅ​វិញ​ទៅ​មក ពិត​ជា​អាច​កើត​មាន​ជាក់​ជា​មិន​ខាន នៅ​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា ​លីគ​កំពូល​កម្ពុជា ​នៅ​សល់​តែ​១​ប្រកួត​ទៀត​ទេ​នៅ​ចុង​សប្ដាហ៍​នេះ។ ដូច្នេះ ក្រោយ​ចប់​ការ​ប្រកួត​នេះ​ទៅ ​កីឡាករ​ទាំង​អស់​នឹង​សម្រាក ហើយ​ខ្លះ​ទៀត​ជាប់​លេង​ឱ្យជម្រើស​ជាតិ ​​ត្រៀម​ប៉ះ​ទីម័រ​។ នេះ​ជា​ពេល​វេលា​ដ៏​ល្អ សម្រាប់​ការ​ទិញដូរ​កីឡាករ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម