វិធីឃាត់ចិត្ត៤យ៉ាង កុំឲ្យចាយលុយអត់ប្រយោជន៍ ដឹងតែសល់លុយខាប់ដូចទឹកគ្រឿង
- 2018-10-02 01:20:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីឃាត់ចិត្ត៤យ៉ាង កុំឲ្យចាយលុយអត់ប្រយោជន៍ ដឹងតែសល់លុយខាប់ដូចទឹកគ្រឿង
ចន្លោះមិនឃើញ
នៅពេលដែលប្រាក់ចំណូលកាន់តែច្រើន ធ្វើឲ្យចិត្តចេះតែនឹកគិតទិញនេះ ទិញនោះ មិនចេះចប់ មិនចេះហើយ។ រាល់ការដកលុយចេញពីហោប៉ៅម្ដងៗ ដើម្បីប្រើការលើតម្រូវការមិនសូវសំខាន់ពិតជាខ្ជះខ្ជាយពេកហើយ តែពិបាកត្រង់ថាហាមចិត្តមិនបាន ព្រោះលុយមានក្នុងដៃហើយ ឯចិត្តវិញក៏ស្រលាញ់ទៀត រឿងអីមិនហ៊ានដកចាយ។ តែចុងខែអស់លុយហ្មត់ទើបនឹកស្ដាយក្រោយ។ ខាងក្រោមនេះជាវិធីសាស្ត្រឃាត់ចិត្តខ្លួនឯងកុំឲ្យចាយលុយផ្ដេសផ្ដាស។
១. ទោះស្រលាញ់ប៉ុណ្ណាក៏ដោយបើមិនចាំបាច់កុំទិញ
លុយពេញៗដៃហើយ ទោះដឹងថាមានគ្រប់គ្រាន់ ទោះដឹងថាមិនទិញក៏មិនអី តែចិត្តទប់មិនបានចង់តែទិញ។ វិធីមួយអាចគេចផុតពីចិត្តមានះមួយនេះ គឺដើរចេញតែម្ដងកុំនៅលឹបល កុំនៅស្ទាបស្ទង់ ព្រោះពិចារណាកាន់តែច្រើន ធ្វើឲ្យចង់តែទិញកាន់តែខ្លាំង។ ឧទាហរណ៍ថា សំលៀកបំពាក់ទើបតែចំណាយពេលទិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឃើញម៉ូតស្អាតចេញថ្មី ឬជូនមិត្តភក្ដិទៅទិញទ្រាំមិនបាន ក៏ទៅទិញដែរបាត់។
ប្រសិនបើមិនចង់ចំណាយលុយផ្ទួនៗគ្នា មិនចាំបាច់យកខួក្បាលទៅគិតថា គួរទិញឬមិនគួរ បើដឹងថាមានគ្រប់គ្រាន់ហើយ ទើបតែចំណាយហើយថ្មីៗ ចម្លើយតែមួយគត់គឺកុំទិញទៅចប់រឿងហើយ។
២. នឹកគិតដល់ផែនការសន្សំ និងរបស់ធំដែលយើងចង់បាន
ពេលគិតថា ចង់ចំណាយលុយទៅហាងទំនើប ទៅកម្មវិធីជួបជុំ។ល។ សូមងាកទៅគិតថា យើងដកចាយនៅពេលនេះ ប្រៀបដូចដកលុយមួយផ្នែកក្នុងផែនការរបស់យើង។ ដូច្នេះហើយតើថ្ងៃណានឹងបានដល់គោលដៅ។ វិធីនេះជួយឲ្យយើងចេះសន្សំសំចៃ រាល់ការដកមួយរយ មួយរៀល គឺសុទ្ធតែជាលុយ បើចាយបង្ហូរដូចទឹក ទៅលើនេះបន្តិច លើនោះបន្តិច សួរថាតើថ្ងៃណាសល់លុយនឹងគេ?
ត្រង់ចំណុចនេះក៏មិនមែនមានន័យថា ឲ្យគម្រិះរហូតលែងហ៊ានហូបចុកនោះទេ តែការចំណាយនីមួយៗ គឺទៅលើតម្រូវការដែលខានមិនបាន។ ចំណាយណាដែលខានបាន គូរតែឈប់ចំណាយទៅ ព្រោះថាបើទោះជាចាយលើអ្វីដែលមិនចាំបាច់អស់រាប់លានទៀត ក៏មិនបានផ្លែការអ្វីមកវិញឡើយ។
៣. នឹកគិតដល់ពេលយើងមិនទាន់មានលុយចាយសម្បូរហូរហៀរ
តាមទ្រឹស្ដីសេដ្ឋកិច្ច នៅពេលប្រាក់ចំណូលកាន់តែច្រើន ធ្វើឲ្យមានតម្រូវការកាន់តែច្រើនដូចគ្នា។ ជាការពិតគ្មាននរណាម្នាក់អាចជៀសផុត ពីទ្រឹស្ដីនេះឡើយ ព្រោះចរិតពីធម្មជាតិរបស់មនុស្ស គឺបែបនេះឯង។ ដូច្នេះហើយមានតែវិធីកាត់បន្ថយតម្រូវការប៉ុណ្ណោះ ដើម្បីមានលុយសន្សំខ្លះ។
ប្រសិនបើគិតថា ខ្លួនឯងកំពុងស្ថិតនៅក្នុងស្ថានការណ៍មិនចេះគ្រប់គ្រងលុយ ចាយលុយមិនសល់ ទោះប្រាក់ចំណូលច្រើនប៉ុណ្ណា គឺត្រូវសួរខ្លួនឯងថា៖ «កាលពីមុនប្រាក់ខែប៉ុននេះសោះម៉េចខ្ញុំចាយគ្រប់ កាលពីមុនមួយថ្ងៃខ្ញុំចាយតែប៉ុននេះសោះ ម៉េចក៏ខ្ញុំរស់បាន»? ទាំងនេះសុទ្ធតែជាសំណួរដែលត្រូវសួរខ្លួនឯង។
ការរំលឹកខ្លួនឯងបែបនេះ ដើម្បីកុំឲ្យយើងភ្លើតភ្លើនទៅតាមទឹកលុយ ឲ្យនឹកឃើញកាលយើងមិនទាន់មានលុយច្រើន។ វិធីនេះជួយឲ្យយើងហ៊ានលះបង់នូវការចំណាយមួយចំនួន តាមបែបផែនអ្នកមាន ហើយងាកមករស់នៅតាមបែបយើងកាលពីមុនវិញ។ តែមិនមែនមានន័យថាឲ្យធ្វើតោកយ៉ាក ខោមិនខោអាវមិនអាវឡើយ គ្រាន់តែកុំឲ្យធ្វើអ្វីដែលលើសខ្លាំងពេក រហូតភ្លេចខ្លួនឯងតែប៉ុណ្ណោះ។
៤.កុំព្យាយាមសម្របខ្លួនទៅតាមសម្ភារៈនិយម និងភាពឡូយឆាយ
ទូរសព្ទចេញស៊េរីថ្មីក៏កុំទៅខ្វល់ ខោអាវចេញដល់ម៉ូតណាធ្វើមិនឃើញ ប្រេនល្បីប៉ុណ្ណាក៏មិនខ្វល់ ប្រសិនបើពិតជាចង់សល់លុយមែន។ ថ្វីត្បិតតែថា ប្រាក់ចំណូលរបស់យើងអាចដើរទាន់សម័យកាលបាន អាចលេងខ្លួនបាន អាចដូរទូរសព្ទថ្មីបាន តែបើមួយខែៗមិនដែលមានលុយសល់ក្នុងកុងផងនោះ តើនេះហៅថាអ្នកមានបានយ៉ាងដូចម្ដេច?
បើមានលទ្ធភាពចាយទៅតាមចិត្ត ហើយមានលុយកាក់នៅសល់ទៀត នោះមិនមែនជាបញ្ហាឡើយ តែបើចំណាយមិនមើលមាឌ នោះហើយជាបញ្ហា។ ដូចនេះ សូមរក្សាការចំណាយឲ្យសមស្របនឹងលទ្ធភាពរបស់ខ្លួនឯង ដើម្បីសល់លុយសម្រេចគោលដៅធំទៅថ្ងៃមុខ។
សូមជម្រាបជូនថា ៤វិធីសាស្ត្រខាងលើនេះ Sabay បានសម្ភាសន៍តាមសារអេឡិចត្រូនិកជាមួយសាស្ត្រាចារ្យសេដ្ឋកិច្ច សេង សុកហាក់ កំពុងបង្រៀននៅសាកលវិទ្យាល័យឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ៕