១ជីវិតគួរសាកម្ដង! ជិះរថភ្លើង Free ទៅលេងស្រុកនៅខេត្តទាំង៧នេះ មិនអស់១រៀល

  • 2018-10-02 02:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាងមុខ​ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ខេត្ត​ទាំង​៧ ​ដោយ​មិន​បាច់​ចំណាយ​សាហ៊ុយ​ធ្វើ​ដំណើរ​មួយ​រៀល​ឡើយ​។ ​យោង​តាម​អនុសាសន៍​របស់​សម្ដេច​ ហ៊ុន សែន​ កាល​ពីដើម​ខែ សីហា ឆ្នាំ២០១៨​ ប្រកាស​ថា​ ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​មិន​គិត​ថ្លៃ​ សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​នៅ​តាម​បណ្ដា​​ខេត្ត​តាកែវ​ កំពត ព្រះសីហនុ កំពង់ឆ្នាំង​ ពោធិ៍សាត់​បាត់ដំបង និង​ខេត្ត​​បន្ទាយមានជ័យ។

យ៉ាង​ណា​មិញ​ ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ដោយ​ងាយ​ស្រួល​ និង​សុវត្ថិភាព​ គប្បី​ដឹង​នូវ​ ៧​ចំណុច​ខាង​ក្រោម​​ ៖ ​​​

​​​១. ត្រូវ​ទៅ​ដល់​ស្ថានីយ​ឲ្យ​បាន​មុន​ម៉ោង​យ៉ាង​តិច​កន្លះ​ម៉ោង

ជា​ទូទៅ​រថភ្លើង​ចាប់​ផ្ដើម​វិល​កង់​នៅ​ម៉ោង​៧ ឬ​៧ និង​៣០​នាទី។ ដូច្នេះ​គួរ​ទៅ​រង់ចាំ​មុន​ដែល​មាន​ស្ថានីយ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ ​​ទល់​មុខ​អគារ​វឌ្ឍនៈ​ក្បែរ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​នៅ​ម៉ោង​៦​ព្រឹក ដើម្បី​រង់ចាំ​យក​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ។

២. អាច​យក​ម៉ូតូ​កង់​ទៅ​បាន​តែ​មាន​ចំនួន​កំណត់

​ប្រសិន​លោក​អ្នក​ចង់​យក​ម៉ូតូ​​​ កង់​ទៅ​ជាមួយ គួរ​ផ្ដល់​ដំណឹង​ដល់​បុគ្គលិក​ស្ថានីយ​រថភ្លើង​ ជាមុន ព្រោះ​ចំនួន​មាន​កំណត់។

៣. គួរ​ដាក់​អាហារ​ទៅ​តាម​ខ្លួន

ដោយ​សារ​រថភ្លើង​មិន​អាច​ឈប់​បាន​ភ្លាមៗ​ដូច​រថយន្ត​ក្រុង​បាន​ឡើយ បើ​ចង់​ឈប់​ទិញ​របស់​ញ៉ាំ​គឺ​ពិបាក។ ម្យ៉ាង​វិញ​ទៀត នៅ​តាម​ផ្លូវ​ជា​តំបន់​វាល​ស្រែ ព្រៃ​ភ្នំ ពុំ​មាន​កន្លែង​លក់​អី​ញ៉ាំ​ឡើយ។ បើ​មិន​ដាក់​ទៅ​មុខ​ជា​យ៉ាប់​ហើយ ព្រោះ​ទម្រាំ​ដល់​កន្លែង​ឈប់​បាយ​ថ្ងៃ​ត្រង់​ត្រូវ​រង់​ចាំ​ដល់​ខេត្ត​ពោធិ៍សាត់​ខ្ទង់​ម៉ោង​២​រសៀល​ជាង​ឯណោះ។

៤. ហាម​ចេញ​ក្រៅ​ទូ​រថភ្លើង​ផ្ដេសផ្ដាស

នៅ​តាម​ទូរថភ្លើង​នីមួយៗ​មាន​អ្នក​ចាំ​រក្សា​សណ្ដាប់​ធ្នាប់​ជូន ជា​សមត្ថកិច្ច​ផង និង​ជា​បុគ្គលិក​ក្រុមហុន​រថភ្លើង​ផង។ ក្នុង​នោះ​គេ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ទូ​រថភ្លើង​ថត​រូប​ផ្ដេសផ្ដាស​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ជា​យថា​ហេតុ។

៥. ពេល​ឈប់​ដាក់​អ្នក​ដំណើរ​តាម​ផ្លូវ​ហាម​ចុះ​ផ្ដេសផ្ដាស

មាន​ករណី​មួយ​ទៀត​រថភ្លើង​ឈប់​ដើម្បី​ដាក់អ្នក​ដំណើរ តែ​មិនមែន​ឈប់​សម្រាក​រយៈពេល​យូរ​ឡើយ។ ដូចនេះ​ហាម​ចុះ​ដាច់​ខាត ប្រយ័ត្ន​រត់​ភ្លើង​ចេញ​ចោល។

៦. ហាម​ជក់​បារី​ដាច់​ខាត

ដូច​ដែល​ដឹង​ហើយ​បារី​ហាម​ជក់​ដាច់​ខាត​នៅ​ទីសាធារណៈ នៅ​ភោជនីយដ្ឋាន ឬ​នៅ​លើ​រថយន្ត។ មិន​ខុស​គ្នា​ដែរ​នៅ​លើ​រថភ្លើង​ហាម​បង្ហុយ​ផ្សែង​បារី​ឲ្យ​សោះ ប្រយ័ត្ន​អ្នក​ជិះ​ដទៃ​ទៀត ព្រួត​គ្នា​ថា​ស្ដី​ខ្មាស​គេ​ទៅ។

៧. ហាម​ចុះ​ភ្លាមៗ​ពេល​ដែល​រថភ្លើង​ពុំ​ទាន់​មាន​លំនឹង

ពេល​រថភ្លើង​ឈប់​ឲ្យ​ចុះ ត្រូវ​រង់ចាំ​កង់​ឈប់​វិល​តែ​ម្ដង​ចាំ​ចុះ។ មាន​ករណី​ខ្លះ​អ្នក​ជិះ​គ្រាន់​តែ​ឃើញ​រថភ្លើង​ឈប់​សន្សឹម​ៗ​នាំ​គ្នា​ចុះ​បាត់។ បែប​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង ជាយថា​ហេតុ៕

​​​​​ ​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត