Pep Guardiola ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​ត្រៀមនាំចូល​តារា​បាល់ទាត់​នៃ​លីគ​កំពូល​បារាំង

  • 2018-10-02 13:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​លេច​ឮ​នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ចូល​នៃ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​បារាំង​ Kylian Mbappe អ្នក​ចាត់ការ​ទូទៅ​ក្លឹប​ Manchester City លោក​Pep Guardiola បាន​ចេញ​មុខ​បកស្រាយ​ថា​ ខាង​ក្លឹប​មិន​មាន​បំណង​ក្នុង​ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ទិញ​យក​កីឡាករ​រូប​នេះ​ពី​ក្លឹប​យក្ស​បារាំង​ Paris Saint-Germainទេ។

នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ជំនួប​រវាង​ក្លឹប​ Manchester City និង​ Hoffenheim លោក​ Pep បាន​លើក​ឡើង​ថា៖ " វា​នឹង​មិន​អាច​កើត​ឡើង​ទេ។ ពួក​យើង​នឹង​មិន​ជះ​លុយ​ដើម្បី​យក​ Mbappe មក​ក្លឹប​យើង​ទេ​។ ខ្ញុំ​គិត​ថា​ PSG នឹង​មិនលក់​កីឡាករ​ល្អ​អញ្ចឹង​នៅ​ឆ្នាំ​ក្រោយ​ឡើយ "។

លោក​បាន​បន្ត​ទៀត​ថា៖ " Mbappe នឹង​មិន​មក​លេង​នៅ​ទីនេះ​ដែរ (Manchester City) ហើយ​យើង​ក៏​មិន​ដោះដូរ​ Raheem Sterling ឬ​ កីឡាករ​កំពូល​ៗ​ដែល​យើង​មាន​ដើម្បី​យក​រូប​គេ​(Kylian Mbappe) ឡើយ។ ខ្ញុំ​ដឹង​ច្បាស់​ថា​កីឡាករ​ណា​ត្រូវ​នាំ​ចូល​មក ហើយ​កីឡាករ​ណា​ត្រូវ​លក់​ចេញ "។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ, សារ​ព័ត៌មាន​ The Sun បាន​ចុះ​ផ្សាយ​ថា​ក្រុម​លើក​ពាន​ Premier Leauge ឆ្នាំ​ចាស់​នេះ​បាន​ដាក់​សំណើ​ ២០០លាន​ផោន​ដើម្បី​ផ្ទេរ​ Kylian Mbappe (ជិត ២៦០ លាន​ដុល្លារសហរដ្ឋអាមេរិក) ពី​ PSG ហើយ​គ្រោង​នឹង​ចំណាយ​លើ​ថ្លៃ​នឿយ​ហត់​របស់​កីឡាករ​រូប​នេះ ២០​លាន​ផោន​ (ជិត ២៦ លានដុល្លារសហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ។ រី​ឯ​ Raheem Sterling វិញ​ អាច​នឹង​លក់​ចេញ​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចូល​ Mbappe ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី