ណាត់គ្នាឲ្យហើយ! ៤កន្លែងទើបបង្កើតថ្មីៗ ទេសភាពស្អាតខ្លាំង មិនឆ្ងាយប៉ុន្មានពីភ្នំពេញ

  • 2018-10-03 07:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4620

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​គ្រួសារ​ជា​ច្រើន​ត្រៀម​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ជួយ​សម្រួល​កុំ​ឲ្យ​ប្រិយមិត្ត​គិត​ច្រើន​លើ​ការ​ជ្រើស​កន្លែង​ដើរ​លេង Sabay សូម​នាំ​ទៅ​ស្គាល់​រមណីយដ្ឋាន​ទើប​បង្កើត​ថ្មី នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ឡើយ ថែម​ទាំង​មាន​សម្រស់​ស្រស់​ស្អាត ខ្យល់​អាកាស​បរិសុទ្ធ គួរ​ឲ្យ​ចង់​ទស្សនា​កម្សាន្ត។

១. រមណីយដ្ឋាន​ថ្មី​ អង្គរ​បុរី

តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ Kanha តំបន់​ទេសចរណ៍​មួយ​​កន្លែង​​ទើប​​​តែ​បង្កើត​ថ្មី មាន​ឈ្មោះ​​ថា​អង្គរ​បូរី​ ហូម​ស្ទេយ៍​​មាន​ទីតាំង​ស្ថិត​​​​នៅ​​ក្នុង​​ភូមិព្រែក​ផ្ទោល ឃុំ​ព្រែកផ្ទោល ស្រុក​អង្គរ​បូរី​ ខេត្ត​​តាកែវ​។ នេះ​​គឺ​ជា​​គម្រោង​អេកូ​ទេសចរណ៍​បែប​ដំណាំ​ធម្មជាតិ​​​ទី១ ក្នុង​​ចំណោម​គម្រោង​​​ទាំង​៥៦​​​​ទៀត ដែល​​បង្កើត​ឡើង​​ដោយ​​ Unique Trip Cambodia ក្នុង​គោល​បំណង​ដើម្បី​​ជួយ​​ដល់​​ជីវភាព​​របស់​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​​សហគមន៍។

សម្រាប់​​តម្លៃ​​បន្ទប់​​ ម្ហូប​អាហារ និង​​​សេវា​កម្ម​ផ្សេងៗ ​មាន​គោល​​ការណ៍​ច្បាស់​លាស់​​ មិន​​កាត់​ថ្លៃ​ផ្តេស​ផ្តាស ដូច​ជា​​​​​​​បន្ទប់​​​​​គ្រែ​មួយ​គេង​បាន​ពីរ​នាក់ ​មាន​តម្លៃ​​កំណត់​​មិន​​ឲ្យ​លើស​​ពី​១៥​​ដុល្លារ​ក្នុង​មួយ​យប់​ និង​​​មាន​កញ្ចុះ​​នៅ​ជាប់​ជើង​ភ្នំ​​សម្រាប់​អង្គុយ​លេង មើល​ទេស​​ភាព​​​ធម្មជាតិ​​​ និង​​​ផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​​​ផង។

មាន​ភ្ញៀវ​ទេសចរជា​ច្រើន​បាន​ទៅ​លេង​ជា​រៀង​​រាល់​ថ្ងៃ ដើម្បី​ថត​រូប​​លេង និង​​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​ និង​​ទទួល​ទាន​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។ ជា​ពិសេស​​អង្គរ​បូរី​ ហូម​ស្ទេយ៍ ​មាន​សេវាកម្ម​ថត​រូប​បែប​អាជីព ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​​ប្រើ​កាមេរ៉ា​ដែល​មាន​គុណ​ភាព​ខ្ពស់​​សម្រាប់​អ្នក​ទេសចរ បាន​ទៅ​លេង​នៅ​ទី​នោះ។

២. រមណីយដ្ឋាន​ ផ្ទះបៃតង​ (Green House)

រមណីយដ្ឋាន​ ផ្ទះបៃតង​ (Green House) ជាកន្លែង​លំហែ​កាយ​ថ្ងៃ​ឈប់​សម្រាក​​ដែល​ទើប​បង្កើត​ថ្មី​មួយ​នៅខេត្ត​កំពត។ ផ្ទះ​បៃតង​ មាន​បឹង​កាឡូ​សម្រាប់​ស្នាក់​នៅ​ មាន​ផាសុកភាព និង​ទេស​ភាព​បែប​ធម្មជាតិ​។ នៅបន្ទប់​នីមួយ​ៗ​ មានគ្រែ០២ មុង និងបន្ទប់ទឹកមួយ អាច​ស្នាក់​ជាគ្រួសារ និង​មិត្តភក្តិ​។

ភ្ញៀវទេសចរ​អាច​ទៅ​សម្រាក​កាយ​បន្ធូរអារម្មណ៍​ ដើរ​ទស្សនាការដាំដុះ​ចំការម្រេច​តាម​បែប​ប្រពៃណី។ ជាង​នេះទៀត ភ្ញៀវ​អាច​ទទួល​ទាន​អាហារ​បន្លែ​ស្រស់​ៗធម្មជាតិ​បេះ​ពីចំការ​ផ្ទាល់​​ និង​កម្សាន្ត​ជាមួយ​សកម្មភាព​ជាច្រើន​ទៀត ដូច​ជា ជិះទូក​កា​យ៉ាក ​ជិះកង់​ និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក​ជាដើម​។ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ផ្លូវទឹកឈូ​ ឃុំ​ឧត្តុង្គខ្មែរ ស្រុកទឹកឈូ ខេត្តកំពត​។​

៣. រមណីយដ្ឋាន​ Kampot River Residence

រមណីយដ្ឋាន​Kampot River Residence ​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ទី​កន្លែង​នេះ ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជួរ​ភ្នំ​ វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី ដង​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ។ 

ក្រៅ​ពី​មាន​ទេសភាព​ស្អាត​ហើយ​រមណីយដ្ឋាន​មួយ​នេះ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ផង​ដែរ គឺ​មាន​ផ្ទះ​សង់​ពី​ឈើ នៅ​ដាច់​ៗ​ពី​គ្នា។ ការ​តុបតែង​នៅ​ខាង​ក្នុង​មាន​របៀប​រៀប​រយ តាម​លក្ខណៈ​បុរាណ និង​សម័យ ដែល​អាច​ស្នាក់​នៅ​ជា​លក្ខណៈ ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬគូស្នេហ៍​ ។

៤. បឹង​កាឡូ​បែប​ធម្មជាតិ Yellow Sun Hostel

បឹង​កាឡូធម្មជាតិ​មួយ​មាន​ចំងាយ ប្រមាណ ២​គីឡូមែត្រ​ ពី​សារមន្ទី​ខេត្តកំពត លោកអ្នក​អាច​លំហែកាយ​ជួប​ជុំ​ជាមួយ​គ្រួសារ​ មិត្តភក្តិ ក្នុង​ថ្ងៃឈប់​សម្រាក​យ៉ាង​រីករាយ​បំផុត​។

Yellow Sun Hostel ដែល​ជាកន្លែង​ស្នាក់​នៅ​ជា​លក្ខណៈ​បឹង​កា​ឡូ​បែបធម្មជាតិ​នៅ​ខេត្ត​កំពត​ ​មាន​សួន​ច្បារ​ និង​ បារ​សម្រាប់​លេង​ ​​កម្សាន្ត ​មិនតែប៉ុណ្ណោះ​ យើង​អាច​ជិះ​ទូក​លេង​កម្សាន្តតាម​មាត់​បឹងទៀត​ផង។

​ដោយ​ឡែក​​ បន្ទប់​ស្នាក់​នៅ​វិញ ​សម្រាប់​ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត​ ក៏មាន​បន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ