ទៅ​លេង​នូវែលហ្សេឡង់ អត់​ដឹង​ច្បាប់​ថ្មី​​ប្រយ័ត្ន​ត្រូវ​ពិន័យ​អស់ ៣ ៣០០ ដុល្លារ​ឥត​អំពើ

  • 2018-10-03 11:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ដែល​ហោះ​ចូល​មក​ដល់​ប្រទេស​នូវែលហ្សេឡង់​នឹង​តម្រូវ​ឲ្យ​បើក​បង្ហាញ​រាល់​គ្រប់​ប្រភេទ​កូដ​សម្ងាត់ (Password) លើ​ឧបករណ៍​អេឡិចត្រូនិក បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​មន្រ្តី​គយ​ធ្វើ​ការ​ផាក​ពិន័យ​នូវ​ទំហំ​សាច់​ប្រាក់​ប្រមាណ ៣ ៣០០ ដុល្លារ

ច្បាប់​បញ្ញត្តិ​ថ្មី​បាន​ប្រកាស​ជា​ធរមាន​កាល​ពី​ថ្ងៃ​ចន្ទ ទី ១ តុលា ជា​ផ្នែក​បន្ថែម​ដល់​មន្រ្តី​គយ​របស់​នូវែលហ្សេឡង់​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើ​ប្រព័ន្ធ​ឌីជីថល ប្រសិន​រក​ឃើញ​នូវ​ករណី​សង្ស័យ​លើ​បទល្មើស​ឬ​កំហុស​ឆ្គង​ណា​មួយ។

យោង​តាម​ច្បាប់​ដូច​បាន​កំណត់​សម្រាប់​ឆ្នាំ ២០១៨ រាល់​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ប្រគល់​ព័ត៌មាន​ទាក់ទង​នឹង​កូដ​សម្ងាត់​ឧបករណ៍​អេឡិចត្រូនិក​រាប់​បញ្ចូល​ទាំង PIN Code, Password, Encryption Key ឬ Fingerprint ដោយ​គយ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ថត​ចម្លង ត្រួតពិនិត្យ និង​វាយ​តម្លៃ​ទៅ​លើ​ឧបករណ៍​ដែល​បាន​ឆែកឆេរ។

អ្នក​នាំ​ពាក្យ​លោក *Terry Brown មាន​ប្រសាសន៍​ថា៖ "វា​ជា​ដំណើរការ file-by-file ស្វែងរក​លើ​ទូរសព្ទ ដោយ​ពុំ​ចូល​ដល់​ទិន្នន័យ Cloud នោះ​ទេ ហើយ​ការ​ត្រួតពិនិត្យ​នឹង​ធ្វើ​ឡើង​អំឡុង​ពេល​ឧបករណ៍​ជាប់​ Flight Mode”។ បើ​នរណា​មិន​ព្រម​សហការ​ជាមួយ​ក្រុម​ត្រួតពិនិត្យ នោះ​នឹង​ពិន័យ​យ៉ាង​តិច ៣ ៣០០ ដុល្លារ រហូត​ឈាន​ដល់​ការ​រឹបអូស​ឧបករណ៍​នោះ​ទុក​ថែម​ទៀត​ផង។

រដ្ឋមន្ត្រី​គយ​លោក Kris Faafoi ក៏​បាន​សង្កត់​ធ្ងន់​កាល​ពី​សប្តាហ៍​មុន​ថា​ច្បាប់​នេះ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​តាម​ព្រំដែន ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ។ នេះ​ពុំ​មែន​ជា​ប្រទេស​ដំបូង​ដែល​បើក​ការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ឌីជីថល​បែប​នេះ​ឡើយ ក្រឡេក​ទៅ​មើល​សហរដ្ឋអាមេរិក​គិត​បញ្ចប់​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៧ ករណី​ត្រួតពិនិត្យ​ដូច​គ្នា​នេះ​ក៏​សម្រេច​លើ ៣០ ២០០ ឧបករណ៍​រួច​មក​ហើយ ពោល​មាន​ការ​កើន​ឡើង​​ពី ១៩ ០៥១ ធៀប​នឹង​ឆ្នាំ​ចាស់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា