ក្រោយសំងំលាក់ខ្លួន​ជាយូរ ពេល​នេះ​ Fan Bingbing ចេញ​សារសុំទោសជាលើកដំបូង​ចំពោះ​ករណីពន្ធ

  • 2018-10-04 02:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ស្មុគស្មាញ​ទាក់ទង​ករណី​ពន្ធ​របស់​ តារាសម្ដែង​ចិន​ Fan Bingbing បាន​បង្ក​ឲ្យ​មហាជន​មិន​អស់​ចម្ងល់​ទាល់តែ​សោះ​ ពិសេស​ពេល​នាង​អវត្តមាន​ពី​ភ្នែក​សាធារណជន​រយៈ​ពេល​ជាង​ ៣ខែ ប៉ុន្តែ​ពេល​នេះ​ Binbing បាន​ចេញ​មុខ​សុំទោស​ហើយ។

អ្នក​គាំទ្រ​ ក៏ដូចជា​សារព័ត៌មាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បាន​ផ្ដោត​ការ​តាមដាន​ចំពោះ​ការ​បាត់​ខ្លួន​ដ៏​អាថ៌​កំបាំង​របស់​ Fan Bingbing រយៈ​ពេល​ ៣​ខែ​នេះ​គ្រប់​គ្នា មានន័យ​ថា​តាំង​ពី​ថ្ងៃ​ទី​ ០១ ខែ​កក្កដា​មក​ម្ល៉េះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ លើក​ឡើង​ថា​ តារា​ស្រី​រូបនេះ​កំពុង​ស្ថិត​ក្រោម​ការ​ចាប់​ខ្លួន​របស់​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ចិន​ ក្រោយ​ជាប់​ពាក់ព័ន្ធ​រឿង​កុងត្រា​ភាពយន្ត​ដែល​ខុស​ច្បាប់ ព្រម​ទាំង​ករណី​គេច​ពន្ធ​ផង។

ដោយ​ឡែក​ ក្រោយ​មាន​ការ​ព្រួយបារម្ភ​សុខទុក្ខ​របស់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ ពេល​នេះ​អ្នក​គាំទ្រ​ទាំង​អស់​បាន​រសាយ​វិញ​ហើយ​ នៅពេល​ Fan Bingbing ចេញ​មុខ​សុំទោស​ជាលើក​ដំបូង​ កាល​ពី​ថ្ងៃ​ទី ០៣ ខែ​តុលា ដោយ​មាន​សេចក្ដី​ថា៖ «មួយ​រយៈ​នេះ​ ខ្ញុំ​រស់​ទ្រាំ​នឹង​រឿង​ឈឺចាប់​ដែល​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ពីមុន ព្រម​ទាំង​ព្យាយាម​រៀន​សូត្រ​ពី​ខ្លួន​ឯង​កាន់​តែ​ស៊ីជម្រៅ។ ខ្ញុំពិត​ជា​ខ្មាស​ និង​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​បំផុត​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក ហើយ​ខ្ញុំ​ក៏​សុំ​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​គ្រប់​គ្នា»។

ក្នុង​សារ​នោះ​ដែរ តារាចិន​រូបនេះ ក៏​បាន​បញ្ជាក់​ដែរ​ថា​ អស់​រយៈ​ពេល​ជាយូរ​ នាង​ខ្វះ​ទំនួល​ខុសត្រូវ​ និង​មិន​សូវ​អើពើ​នឹង​ប្រទេស​ជាតិ​ ហើយ​បែរ​ជា​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​វិញ។ Fan Binbing ថែម​ទាំង​ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​អាម៉ាស់​នឹង​ទង្វើ​ដែល​បាន​ប្រព្រឹត្តិណាស់ ហើយ​នេះ​ក៏​ជា​មេរៀន​ធំ​ក្នុង​ជីវិត​នាង​ដែរ ព្រម​ទាំង​ប្ដេជ្ញា​គោរព​ច្បាប់​ប្រទេស​ឲ្យ​បាន​ខ្ចាប់ខ្ជួន​បំផុត។ មួយ​វិញ​ទៀត​ នាង​ក៏​ទទួល​ស្គាល់​ថា​ ពិត​ជា​ខ្វះ​សមត្ថភាព​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ​ រហូត​នាំ​ខ្លួនឯង​ល្មើស​នឹង​ច្បាប់​របស់​ប្រទេស។

ក្នុង​សារ​ដដែល​ Bingbing ក៏​មិន​ភ្លេច​ សុំ​ទោស​ជាថ្មី​ចំពោះ​សង្គមជាតិ​ មិត្តភ័ក្ដិ​ និង​គ្រួសារ​ដែល​តែង​ខ្វល់​បារម្ភ​ចំពោះ​នាង​ពេល​ជួប​បញ្ហា​នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី