អតីត​បេក្ខភាព Cambodian Idol ៣ ដា សុម៉ាវត្តី ផ្ទុះ​ខ្លាំង​តែ​ម្ដង​ជាមួយ Original Song ថ្មី​ចុង​ក្រោយ​នេះ

  • 2018-10-06 03:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ដា សុម៉ាវត្តី បាន​ចាប់​ផ្ដើម​ផ្ទុះ​ខ្លាំង​ជាមួយ Original Song ផ្ទាល់​ខ្លួន​មួយ​បទ​ដែល​ទើប​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​កញ្ឆក់​បាន​ការ​ចូល​ទស្សនា​បទ​ចម្រៀង​យ៉ាង​គំហុក។

បទ​នោះ​មាន​ចំណង​ជើង​ថា "ត្រូវ​ការ​អ្នក​លួងលោម" ដែល​បរិយាយ​ពី​អារម្មណ៍​ឯកា​ក្នុង​ចំណង​ស្នេហ៍​សោកសៅ​មួយ។ ស្រឡាញ់​ខ្លាំង​ពេក គិត​តែ​ពី​គេ ភ្លេច​គិត​ពី​ខ្លួន​ឯង បារម្ភ​ពី​គេ តែ​ភ្លេច​បារម្ភ​ពី​ខ្លួន​ឯង ទើប​ធ្វើ​ខ្លួន​កណ្ដោចកណ្ដែង​យ៉ាង​នេះ។ លោក ដា ធនវឌ្ឍន៍ ជា​បង​ប្រុស និង​ដើរ​តួ​ជា Manager របស់​តារា​ស្រី លើក​ឡើង​ថា បទ​ថ្មី​របស់​ប្អូន​លោក​មួយ​នេះ ផ្ទុះ​ខ្លាំង​ហួស​ការ​គិត។

“គ្រាន់​តែ​ចេញ​បាន​បី​ថ្ងៃ​ទេ ប៉ុន្តែ​មាន​អ្នក​ចូល​ទៅ​មើល ទៅ​ស្ដាប់​ជាង ២០ម៉ឺន​ដង​នៅ​លើ​ហ្វេសប៊ុក នេះ​មិន​ទាន់​គិត​ចំនួន​អ្នក​មើល​លើ​យូធូប​ផង​បង ព្រោះ​មាន Channel Youtube មិន​ក្រោម​១០០​ទេ បាន​យក​ទៅ​បង្ហោះ​បន្ត"។ ធនវឌ្ឍន៍ ថ្លែង។

បទ "ត្រូវ​ការ​លួង​លោម" ទើប​ចេញ​កាល​ពី​ថ្ងៃ​សៅរ​សប្ដាហ៍​មុន។ នេះ​មិន​មែន​ជា​បទ​ដំបូង​ទេ ប៉ុន្តែ​បទ​៣​ហើយ ចាប់​តាំង​ពី​នាង​ដាក់​ខ្លួន​ប្រឡូក​ជាមួយ Original Song មក។ ប៉ុន្តែ​បទ​ចុង​ក្រោយ​នេះ គឺ​ទទួល​ជោគជ័យ​ច្រើន​ជាង​បទ​មុន​ៗ​ទាំង​អស់។

ដា សុម៉ាវត្តី គឺ​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី Cambodian Idol 3។ បូក​ផ្សំ​រូប​សម្ផស្ស​ល្អ​ផូរផង់​ផង សំឡេង​ល្អ​ផង នាង​បាន​ទៅ​ដល់​វគ្គ Live Show។ ក្រោយ​ពី​ចាក​ចេញ​ពី​កម្មវិធី​ខាង​លើ នាង​ក៏​បាន​ចាប់​ផ្ដើម​ប្រឡូក​នឹង Original Song តែ​ម្ដង។ បង​ប្រុស​ដដែល ប្រាប់​ថា ពី​ពេល​នេះ​ទៅ សុម៉ាវត្តី នឹង​មាន​បទ​ថ្មី​ចេញ​ជា​បន្ត​បន្ទាប់។

រូបភាព៖ ហ្វេសប៊ុក សុម៉ាវត្តី

“បទ​ថ្មី​គាត់​មួយ​បទ​ទៀត ត្រៀម​នឹង​ចេញ​​នៅ​ចុង​ខែ​នេះ ឬ​យ៉ាង​យូរ​ដើម​ខែ​ក្រោយ​ទៀត​បង...និយាយ​ទៅ​នឹង​មាន​បទ​ថ្មី​គាត់​ចេញ​បន្ត​បន្ទាប់​រហូត​ពី​ពេល​នេះ​ទៅ!”។ លោក ធនវឌ្ឍន៍ ដែល​ជា​អតីត​ជយលាភី​កម្មវិធី Spy Contest ឆ្នាំ ២០១២ បញ្ជាក់​ថា ព្រម​ជាមួយ​នឹង​ការ​បញ្ចេញ​បទ​ថ្មី​បន្តបន្ទាប់ បច្ចុប្បន្ន​ប្អូន​ស្រី​លោក ក៏​កំពុង​ដុះ​ខាត់​សមត្ថភាព​បន្ថែម​ទៀត​ដែរ ដោយ​សង្ឃឹម​ថា នាង​នឹង​អាច​កាន់​តែ​មាន​ផ្លែ​ផ្កា​ជាង​ពេល​បច្ចុប្បន្ន​នេះ​ទៀត។

តោះ...ស្ដាប់ Original Song "ត្រូវ​ការ​លួង​លោម​របស់ សុម៉ាវត្តី ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា