ប្រទេស២ នៅ​អាស៊ាន​ជាប់​ក្នុង​ចំណោម ១០ប្រទេស​ល្អ​បំផុត​សម្រាប់​អ្នក​ទេសចរ​ឯកា

  • 2014-09-20 18:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​កម្សាន្ត​មាន​គូ ឬ​ធ្វើ​ឡើង​ជា​ក្រុម​ ទើប​មាន​ភាព​រីករាយ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​គូ​នោះ​ទេ។ ប្រិយ​មិត្ត​ខ្លះ​ប្រហែល​ជា​មាន​ភាព​ឯកា​ខ្លាំង​ពេល​ទៅ​ណា​មក​ណា​ម្នាក់​ឯង។ ទោះ​យ៉ាង​ណា ​ថ្ងៃ​ចុង​សប្ដាហ៍នេះ​ Sabay សូម​នាំ​អារម្មណ៍​លោក​អ្នក​ទៅ​សាកល្បង​ប្រទេស​សម្រាប់​អ្នក​ទេសចរ​ឯកា​ល្អ​ដាច់​គេ​ទាំង ១០ វិញ ដែល​ក្នុង​នោះ​មាន៖ ​

 

១០. ប្រទេស​ឥណ្ឌូណេស៊ី 

 

 

ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​មួយ​ដែល​ធំជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។ ប្រាង្គ​ប្រាសាទ​បុរាណ ម្ហូប​អាហារ​ថោកៗ ការ​សំដិល​ថ្ងៃ​ក្រោម​កាំរស្មី​ព្រះ​អាទិត្យ​ដ៏​រ៉ូមែនទិក និង​ការ​ម៉ាស្សា​ដោយ​នារី​ស្អាតៗ ពិត​ជា​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​គ្មាន​ស្នេហា​ជ្រើសរើស​ជា​ទី​កម្សាន្ត។ ប្រសិន​បើ​អ្នក​ចង់​បាន​ភាព​ស្ងប់​ស្ងាត់ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​បាលី ដែល​នឹង​នាំ​អារម្មណ៍​អ្នក​អណ្ដែត​អណ្ដូង​ទៅ​កាន់​សម័យ​ដើម​នា​ទសវត្សរ៍ ១៩៧០។

 

៩. ប្រទេស​ស៊ុយអែត

 

 

ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ ពិត​ជា​មាន​ភាព​ទាក់ទាញ​បំផុត​ចំពោះ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ឯកា ដោយសារ​មាន​ទីក្រុង​ជាច្រើន​ហ៊ុមព័ទ្ធ​ដោយ​ទឹក។ សួន​ច្បារ​នានា​ប្រប​មាត់​ទឹក អាច​ជា​កន្លែង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ការ​ជិះ​កង់ និង​ដើរ​កម្សាន្ត​ក្នុង​អារម្មណ៍​លន្លង់​លន្លោច​ម្នាក់​ឯង។

 

៨. ប្រទេស​ជប៉ុន

 

 

បន្ទាប់​ពី​ដើរមើល​ទីក្រុង​តូក្យូ​ដ៏​ទំនើប​ហើយ លោក​អ្នក​អាច​សាកល្បង​ជិះ​រថភ្លើង​ល្បឿន​លឿន​ដូច​គ្រាប់​កាំភ្លើង​កាត់​ភ្នំ​ហ្វូជី​ទៅកាន់​ទីក្រុង​ចំណាស់​ក្យូដូ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បែប​ធម្មជាតិ។ ក្រៅ​ពី​នេះ អ្នក​អាច​ស្រង់​បទពិសោធន៍​ត្រាំ​ទឹក​ក្ដៅ​នា​ពេល​និទាឃៈ​រដូវ​ក្នុង​តំបន់ និង​ភ្លក់​រសជាតិ​អាហារ​ប្រពៃណី​ស៊ូស៊ី​របស់​ប្រជាជន​ជប៉ុន។

 

៧. ប្រទេស​ស៊ីលី

 

 

ប្រជាជន​ស៊ីលី មាន​ភាព​ស្និទ្ធស្នាល និង​ភាព​រួសរាយ​រាក់ទាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ទេសចរ។ លោក​អ្នក​អាច​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង​លើ​រយៈ​ចម្ងាយ​ជិត ៥០០០ គីឡូម៉ែត្រ កាត់​វាល​ខ្សាច់ កំពូលភ្នំ ជ្រលង​ដង​អូរ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត។

 

៦. ប្រទេស​វៀតណាម

 

 

ផ្សារ​ទំនិញ​ដ៏​សំបូរ​បែប ភ្នំ​ជា​ច្រើន គឺ​កន្លែង​ដ៏​ប្រសើរ​សម្រាប់​អ្នក​ទេសចរណ៍​ដែល​ចង់​ដក​ពិសោធន៍ ក្នុង​ដំណើរ​កម្សាន្ត​តែ​ម្នាក់​ឯង។ កន្លែង​ដែល​អស្ចារ្យ​បំផុត​នោះ គឺ​កោះ​ត្រល់ ដែល​លោក​អ្នក​អាច​ភ្លក់​រសជាតិ​នៃ​អារម្មណ៍​វិល​ទៅ​រក​អតីតកាល​បែប​ធម្មជាតិ​ពិត​ៗ ធ្វើ​ឲ្យ​អារម្មណ៍​រសាយ​អស់​ទុក្ខ​កង្វល់។ ​​​

 

៥. ប្រទេស​អូទ្រីស

 

 

សាល​តន្ត្រី សារមន្ទីរ និង​ហាង​កាហ្វេ​តាម​ផ្លូវ ក្នុង​ប្រទេស​អូទ្រីស ពិត​ជា​អាច​បម្រើ​អារម្មណ៍​លោកអ្នក មិន​ឲ្យ​មាន​ភាព​ឯកា​ឡើយ។

 

៤. ប្រទេស​កូស្តារីកា 

 

 

កូស្តារីកា គឺ​ជា​ប្រទេស​ដែល​មាន​ភាព​រីករាយ​បំផុត​ក្នុង​លោក។ ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ប្រទេស​តំបន់​អាមេរិក​កណ្ដាល​នេះ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។ លើស​ពី​នេះ លោក​អ្នក​អាច​កក់​ដំណើរ​កម្សាន្ត​ទៅ​ព្រៃ​កប់​ពពក​ដ៏​អស្ចារ្យ។

 

៣. ប្រទេស​ស្វីស

 

 

ស្វីស​គឺ​ជា​ប្រទេស​អព្យាក្រឹត ដែល​មិន​ចូល​បក្សសម្ព័ន្ធ​ក្នុង​នយោបាយ​អន្តរជាតិ​ឡើយ ដូចនេះ​ហើយ​ទើប​ប្រទេស​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព និង​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ទេសចរ​ទោល។ ដំណើរ​កម្សាន្ត​ក្នុង​ពេល​រាត្រី សារមន្ទីរ សុទ្ធតែ​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មាន​រសាយ​អស់​ទុក្ខ​កង្វល់។

 

២. ន័រវែស

 

 

បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត សម្រាប់​អ្នក​ទេសចរណ៍​ទោល​នៅ​ប្រទេស​នេះ គឺ​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ក្នុង​រយៈ​ចម្ងាយ​ជាង ១៦០០ គីឡូម៉ែត្រ ឆ្លង​កាត់​តំបន់​ទេសភាព​ស្អាតៗ​ជា​ច្រើន​កន្លែង។ ​​​

 

១. នូវែលហ្សេឡង់​

 

 

លោក​អ្នក​អាច​នឹង​មាន​អារម្មណ៍​ប្លែក ក្នុង​ដំណើរ​កម្សាន្ត​លើ​ផ្ទាំង​ទឹកកក​ធំៗ ការ​ត្រាច់ចរ​ផ្សង​ព្រេង​ក្នុង​ព្រៃ​រង​ទឹក​ភ្លៀង​ជាដើម។ លើស​ពី​នេះ ការ​លោត​ទម្លាក់​ពី​លើ​ទី​ខ្ពស់ ជិះ​អូប័រ និង​ឡើង​ភ្នំ ពិត​ជា​ធ្វើ​ឲ្យ​លោក​អ្នក​រីករាយ គ្មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ឯកា​ឡើយ។

 

 

 ប្រែ​សម្រួល៖ គង់ វិសាល

 ប្រភព៖ business insider

អត្ថបទថ្មី