លិខិតឆ្លងដែនជប៉ុនមានឥទ្ធិពលបំផុត អាចចូល១៩០ប្រទេស មិនបាច់មានទិដ្ឋាការ ឯកម្ពុជា...

  • 2018-10-11 02:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន បាន​វ៉ា​ដាច់​ប្រទេស​សិង្ហបុរី និង​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ចំណាត់ថ្នាក់​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក «2018 Henley Passport Index» បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ទិដ្ឋាការ នា​ខែ​តុលា​នេះ។

ឥឡូវនេះ លិខិត​ឆ្លងដែន​ជប៉ុន បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ​ នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ១៩០ ប្រទេស បើ​ប្រៀបធៀប​ទៅ​នឹង លិខិត​ឆ្លងដែន​សិង្ហបុរី គឺ​ត្រឹមតែ ១៨៩ ប្រទេស​ប៉ុណ្ណោះ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា លិខិត​ឆ្លងដែន​របស់​ប្រទេស​ទាំង​២ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១ កាល​ពី​ខែ​កុម្ភៈ ដោយ​ទាញ​ទម្លាក់​លិខិត​ឆ្លងដែន​របស់​ប្រទេស​អាល្លឺម៉ង់ ធ្លាក់​មក​លេខ២ ជា​លើក​ដំបូង តាំង​ពី​ឆ្នាំ២០១៤ មក។

បច្ចុប្បន្ន​នេះ លិខិត​ឆ្លងដែន​របស់​ប្រទេស​អាល្លឺម៉ង់ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ៣ ជាមួយ​នឹង កូរ៉េខាងត្បូង និង​បារាំង ដែល​អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ១៨៨ ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ។

ចំណែក​ឯ​ចំណាត់ថ្នាក់​លេខ៤ និង លេខ៥ គឺ​បាន​ទៅ​លើ​សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ដែល​អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ១៨៦ ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ។

ប្រទេស​ថៃ ឈរ​នៅ​លើ​ចំណាត់​ថ្នាក់ លេខ៦៨ អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ៧៧ ប្រទេស , ប្រទេស​វៀតណាម លេខ៩០ អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ៥១ ប្រទេស ឯ​ប្រទេស​កម្ពុជា លេខ៨៧ អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ៥៤ ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង