ទូរសព្ទ Samsung កាមេរ៉ា​បួន​គ្រាប់ ចង់​ដឹង​លក់​តម្លៃ​ប៉ុន្មាន​ទេ?

  • 2018-10-12 02:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 84

ចន្លោះមិនឃើញ

Samsung Galaxy A9 (2018) ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​រហូត​ដល់​ ៤ គ្រាប់​នោះ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ហើយ​ ដោយ​មាន​បង្ហាញ​ច្បាស់ៗ​ពី​លក្ខណៈ​សម្បត្តិ​ រួម​ទាំង​តម្លៃ​លក់​សម្រាប់​ទីផ្សារ​មួយ​ចំនួន។

Galaxy A9 ស៊េរី​ថ្មី​មាន​​តួ​ខ្លួន​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម ស្រោប​ដោយ​កញ្ចក់​ និង​ប្រើ​ប្រាស់​អេក្រង់​ AMOLED ដែល​មាន​ទំហំ ៦,៣ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០ x ២២២០ ភីកសែល។

A9 ក៏​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 660 ដែល​មាន​ល្បឿន​រត់​ ២,២ GHz អម​នឹង​ RAM ទំហំ ៦ GB ឬ ៨ GB។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ ១២៨ GB និង​មាន​រន្ធ​សម្រាប់​បន្ថែម​មេមូរី​រហូត​ដល់​ទំហំ ៥១២ GB ហើយ​​ថ្ម​មាន​ទំហំ ៣៨០០ mAh។

លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​ ៤ គ្រាប់​របស់​ Galaxy A9 មាន​ដូច​ខាង​​ក្រោម ៖

  • កាមេរ៉ា​មេ ៖ កម្រិត​ ២៤ MP ​ជា​មួយ​ Aperture F/1.7 មាន​តួនាទី​ផលិត​រូបភាព​ទូទៅ​ និង​មាន​បច្ចេកវិទ្យា​ Clear & Bright អាច​ផ្ដិត​រូបភាព​បាន​ច្បាស់​ និង​ភ្លឺ​ស្អាត

  • កាមេរ៉ា​ Telephoto ៖ មាន​កម្រិត​ ១០ MP ជា​មួយ​ Aperture F/2.4 អាច​ថត​រូប​ Zoom ពីរ​តង់​ដោយ​មិន​ឲ្យ​បាត់​បង់​គុណភាព​ដើម

  • កាមេរ៉ា​ Ultra Wide ៖ មាន​កម្រិត​ ៨ MP ដែល​អាច​ផ្ដិត​រូបភាព​ទូលាយ​ក្នុង​ទំហំ​ដល់ ១២០ ដឺក្រេ

  • កាមេរ៉ា​វាស់​ជម្រៅ ៖ ចុង​ក្រោយ​គេ​នេះ​ជា​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត ៥ MP ដែល​មាន​ Aperture F/2.2។ កាមេរ៉ា​នេះ​មាន​តួនាទី​ធ្វើ​ជា​ជំនួយ​ការ​ក្នុង​ការ​វាស់​ជម្រៅ​រូបភាព ដើម្បី​ផលិត​រូបភាព Bokeh បាន​ល្អ។

Samsung Galaxy A9 (2018) នឹង​ត្រូវ​បញ្ចេញ​លក់​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ ប៉ុន្តែ​នឹង​មាន​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ប៉ុណ្ណោះ។ តម្លៃ​របស់​វា​មាន​ចាប់​ពី ៥៩៩ អឺរ៉ូ (ប្រមាណ​ ៦៩៤ ដុល្លារ) លើ​ទីផ្សារ​អឺរ៉ុប និង​ចាប់​ពី ៥៤៩ ផោន (ប្រមាណ ៧២៦ ដុល្លារ) នៅ​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស៕​

ចុចអាន៖


ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង