​​ស្មាន​មិន​ដល់ ​បវរកញ្ញា​កម្ពុជា​​៣រូប មាន​ប្រវត្តិ​កម្សត់​ស្រដៀង​គ្នា​

  • 2018-10-19 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មើល​ពី​រូប​រាង​ខាង​ក្រៅ ​មាន​មនុស្ស​ជា​ច្រើន​គិត​ថា ​បវរ​កញ្ញា​៣​រូបរបស់​កម្ពុជា ​ប្រហែល​កើត​ចេញ​ពី​ក្រុម​គ្រួសារ​ត្រកូល​ទ្រព្យ​ស្តុកស្តម្ភ រស់​នៅ​ជួប​ជុំ​គ្រួសារមិនខាន។ ​តាម​ពិត​ស្រី​ស្អាត​៣​រូប​ខាង​ក្រោម ដែល​កំពុង​ត្រៀម​ដណ្ដើម​មកុដ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ​មាន​ប្រវត្តិ​កម្សត់ និង​ខ្លះ​ជា​ក្មេង​កំព្រា​ទៀត​ផង។​

រឿន ​ណាត បវរកញ្ញា​ចក្រវាល​កម្ពុជា​ ឆ្នាំ​២០១៨

កញ្ញា រឿន ​​ណាត ធំ​ធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​​មាន​ជីវភាព​លំ​បាក នៅ​ខេត្ត​កំពង់ចាម ដែល​មាន​តែ​ម្ដាយ គ្មាន​ឪពុក​និង​ពុំ​ដែល​ស្គាល់​សូម្បី​តែ​អត្តសញ្ញាណ​ ​មុខ​មាត់ឪពុក​ខ្លួន​បែប​ណា​នោះ​ឡើយ។

មាន​ជីវិត​ជា​កូន​អ្នក​ស្រែ ជួប​ទាំង​បញ្ហា​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ ព្រម​ទាំង​ពុំ​មាន​ឱកាស​ទទួល​បាន​ការ​សិក្សា​គ្រប់​គ្រាន់ តាម​ដែល​ខ្លួន​ចង់​បាន។ មិន​ថា​លំបាក​ត្រូវ​ដើរ​ដួល​និង​ក្រោក​ឈរ​ប៉ុន្មាន​ដង​ទេ រឿន ​​ណាត តែ​នៅ​ទន្ទេញ​ពាក្យ​ថា​តស៊ូ និង​អត់​ធ្មត់​ជាមួយ​បង​ស្រី ​ដើម្បី​ក្រុម​គ្រួសារ ។ ប៉ុន្តែ​ពេល​នេះលទ្ធផលបានចេញជាផ្លែផ្កាហើយ ​កញ្ញា​បាន​សាង​កិត្តិយស​មួយ ​ដោយ​ដណ្ដើម​បាន​ជយ​លាភី​ បវរ​កញ្ញា​ចក្រវាល​កម្ពុជា ​២០១៨ ​នឹង​ត្រៀម​ប្រកួត​ជាមួយ​បវរកញ្ញា​មក​ពី​បណ្ដាល​ប្រទេស​ផ្សេងៗ នៅ​ប្រទេស​ថៃ​ ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។

កែវ សេង​លី​ហួរ បវរកញ្ញាផែនដីកម្ពុជា ឆ្នាំ២០១៨

លី​ហួរ ជា​កូន​កំព្រា ដោយ​អ្នក​មាន​គុណ​ទាំង​២​បាន​លាចាកចោល​តាំង​ពី​នៅ​តូច​ម៉្លេះ។ លី​ហួរ​មិន​ដែល​មាន​ឱកាស​ហៅ​អ្នក​មាន​គុណ​ទាំង​ពីរ​សូម្បី​តែ​ម្ដង​ក្នុង​ជីវិត និង​មិន​ដែល​បាន​បរិភោគ​ម្ហូប​ដែល​ជា​ស្នាដៃ​របស់​អ្នក​ម្ដាយ​សូម្បី​តែ​ម្ដង​ក្នុង​ជីវិត​នេះ។ ​

​ក្នុង​មណ្ឌល​ក្មេង​កំព្រា​ កែវ សេង​លី​ហួរ ធំ​ធាត់​ឡើង​ ​ព្រម​ទាំង​រៀន​ជំនាញ​មួយ​ចំនួន​នៅ​ទី​នោះ។ ឆ្លង​កាត់ការ​តស៊ូ​ជា​ច្រើន ​លី​ហួរ ​បាន​​រុញ​ច្រាន​ខ្លួន​ឯង​លើ​ឆាក​អន្តរជាតិ ​ក្នុង​ការ​ដណ្ដើម​មកុដ​បវរ​កញ្ញា​ផែន​ដី ​នៅ​ប្រទេស​ហ្វី​លី​ពីន នៅ​ថ្ងៃ១៣ វិច្ឆិកា​ ខាង​មុខ។​

ឌី លី​កា​ Miss Grand កម្ពុជា ឆ្នាំ២០១៨

លី​កា មាន​កំណើត​នៅ​ទឹក​ដី​ខេត្ត​កំពង់ចាម មាន​បង​ប្អូន​៤​នាក់ ​ជា​កូន​អ្នក​ស្រែ​ចម្ការ​ ដោយសារ​​ជីវភាព​លំបាក​ពេក បវរកញ្ញា​រូប​នេះ​​គ្មាន​ឱកាស​បាន​រៀន​ចប់​ចុង​ចប់​ដើម ដោយ​ឈប់​ត្រឹម​ថ្នាក់​វិទ្យាល័យ។

លី​កា​ សម្រេច​មក​​ភ្នំពេញ​ព្រាត់​ពី​ម្ដាយ​ឪពុក ដើម្បី​រក​ការងារ​ធ្វើ​ ​ជួយ​ផ្គត់​ផ្គង់​គ្រួសារ។ កញ្ញា​ ប្រាប់​ថា តាំង​ពី​តូច​មក នាង​តែង​តែ​យក​ពេល​វេលា​រក​ប្រាក់​ជួយ​គ្រួសារ ដោយ​មិន​សូវ​មាន​ពេល​គិត​គូរ​ពី​បំណង​ប្រាថ្នា​ខ្លួន​ឡើយ។ ប៉ុន្តែ​ពេល​នេះ ​លីកា​ កំពុង​សាង​កេរ្តិ៍ឈ្មោះ​ ដោយ​តំណាង​កម្ពុជា​ ​ដើម្បី​ប្រជែង​មកុដ​តម្លៃ ៣០​ម៉ឺន​ដុល្លារ ជាមួយ​បេក្ខនារី​មក​ពី​បណ្ដាលប្រទេស​ផ្សេងៗ៕

អត្ថបទ៖ លឹម សុនា