ក្រុម​គ្រួសារ​ Ariana Grande ព្រួយ​បារម្ភ​ពី​សុខ​ភាព​ផ្លូវ​ចិត្ត​នាង​ក្រោយ​បែក​បាក់​សង្សារ

  • 2018-10-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​គ្រួសារ​តារា​ចម្រៀង Ariana Grande ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ពី​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​តារា​រូប​នេះ បន្ទាប់​ពី​ទើប​តែ​បែក​បាក់​ជាមួយ​គូស្នេហ៍​តារា​កំប្លែង Pete Davidson។

តារា​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ផ្ដាច់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គូ​ដណ្ដឹង​ថ្មីៗ​ បន្ទាប់​ពី​នាង​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ធ្វើ​ចិត្ត​ក្រោយ​ការ​ស្លាប់​របស់​អតីត​សង្សារ​ តារា​រ៉េប Mac Miller។ ទោះ​បី​ជា​នាង​មាន​កិច្ចការ​រវល់​ច្រើន​ ដើម្បី​បំភ្លេច​រឿង​រ៉ាវ​ទាំង​នោះ​ក៏​ដោយ ក្រុម​គ្រួសារ​នាង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន។

បើ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា Ariana Grande កំពុង​តែ​ធ្វើ​ចិត្ត​ឲ្យ​មាំមួន​ និង​ខិត​ខំ​បំពេញ​ភារកិច្ច​ការងារ​ ប៉ុន្តែ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នាង​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ សម្រាប់​ពេល​នេះ​ នាង​ទើប​តែ​បង្ហាញ​ខ្លួន​សម្ដែង​បទ "The Wizard and I” ពី​​​រឿង​ល្ខោន "Wicked” ក្នុង​ខួប​គម្រប់​១៥​ឆ្នាំ​ ដែល​ជា​លើក​ទី​១​នាង​បង្ហាញ​ខ្លួន​នៅ​ខាង​ក្រៅ​ ក្រោយ​បែក​បាក់​ជាមួយ​អតីត​គូ​ដណ្ដឹង Pete Davidson។

បើ​តាម​ប្រភព​មួយ​ប្រាប់​ទស្សនាវដ្ដី Peopel បាន​ឲ្យ​ដឹង​ថា Ariana ទទួល​រង​ការ​ឈឺ​ចាប់​ផ្នែក​អារម្មណ៍​យ៉ាង​ច្រើន​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​តាំង​ពី​ករណី​ភេរវកម្ម​ចំពោះ​ការ​ប្រគំ​តន្ដ្រី​របស់​នាង ព្រម​ទាំង​ការ​ស្លាប់​របស់​អតីត​សង្សារ Mac Miller ហើយ​ថ្មីៗ​នេះ​ស្រាប់​តែ​បែក​បាក់​គូ​ដណ្ដឹង​ទៀត។ ជុំ​វិញ​ការ​បែក​គ្នា​នេះ បើ​តាម​ TMZ គេ​សង្ស័យ​ថា Pete បាន​ផ្ញើ​រូប​ស្និទ្ធស្នាល​របស់​ខ្លួន​​និង​ Ariana Grande ទៅ​ឲ្យ Mac Miller មើល​ដើម្បី​កុំ​ឲ្យ​មក​ទាក់ទង​នឹង​នាង​ទៀត ដោយ​មិន​បាន​ដឹង​ថា Mac កំពុង​តែ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត។

សម្រាប់​ពេល​នេះ Ariana បាន​ចាក​ចេញ​ពី​បណ្ដាញ​សង្គម​មួយ​រយៈ រហូត​ដល់​នាង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ ហើយ​អាច​ប្រកប​ការងារ​បាន​ដូច​ដើម​វិញ ដោយ​នាង​ក៏​បាន​បង្ហាញ​ការ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ផង​ដែរ៕ ​​​

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ