ពិព័រណ៍​ទេសចរណ៍​​កម្ពុជា​ឆ្នាំ​នេះ​សម្រេច​​គោល​ដៅ​ខ្លួន​ចង់​បាន​បើ​ទោះ​អ្នក​ចូល​រួម​តិច​ជាង​ឆ្នាំទៅ

  • 2018-10-19 10:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ខ្លួន​កាល​ថ្ងៃទី ១១ ១២ និង ១៣ តុលា​កន្លង​ទៅ​នេះ នៅ​កោះ​ពេជ្យ ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ២០១៨ (Cambodia Travel Mart 2018) ដែល​ជា​ពិព័រណ៍​ទេសចរណ៍​ធំ​បំផុត​នៅ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា​មាន​ចំនួន​អ្នក​ចូល​រួម​សរុប​រយៈពេល​បី​ថ្ងៃ​នេះ​ដល់​ទៅ ២០០០នាក់ ដែល​ក្នុង​នោះ​មាន​ចំនួន​អ្នក​ភ្ញៀវ​កិត្តិយស អ្នកទិញ និង​អ្នកសារព័ត៌មាន​ចូល​រួម​ជាតិ និង​អន្តរជាតិ ១៣០នាក់​។

តំណាង​អ្នក​រៀប​ចំ​ Cambodia Travel Mart 2018 បាន​ប្រាប់​ Sabay ថា​៖ «យើង​ពេញ​ចិត្ត​ចំពោះ លទ្ធផល​នេះ បើ​ទោះ​ជា​ជាក់ស្តែង​ចំនួន​អ្នក​ចូលរួម​តិច​ជាង​ឆ្នាំ​ទៅ​ដោយ​សារ​កម្មវិធី​ជាប់​ឈប់​សម្រាល​បុណ្យ​ភ្ជុំ​ពេក។​ តែ​យ៉ាងណា​ក៏​ដោយ​យើង​ឃើញ​មាន​​ការ​ពេញ​ចិត្ត​ច្រើន​ពី​ខាង​អតិថិជន ភ្ញៀវ​កិត្តិយស​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម និង​សាធារណៈ​ជន​ចូល​រួម​នៅ​ថ្ងៃ​ចុង​ក្រោយ។ សម្រាប់​ភ្ញៀវ VIP ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ទាំងអស់​ បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​​បង្កើត​ទំនាក់​ទំនង​អាជីវកម្ម និង​ឱកាស​ជំនួញ​ជាច្រើន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​បណ្តាល​ប្រទេស​ជា​ច្រើន​ទៀត»។

«ចំនួន​អ្នក​ចូលរួម​ទស្សនា​ ២០០០នាក់​នេះ គឺ​ពិត​ជា​ច្រើន ព្រោះ​ពិព័រណ៍​យើង​គឺ​ជា​កម្មវិធី​បិទ​សម្រាប់​តែ​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ប៉ុណ្ណោះ ​រយៈ​២ថ្ងៃ​ដំបូង ហើយ​មាន​តែ​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​ដែល​យើង​បើក​ទូលាយ​ឲ្យ​សាធារណជន​ចូល​រួម​សេរី។ យើង​ចាត់​ទុក​ថា​នេះ​​គឺ​ជា​ព្រឹត្តិការណ៍​​សំខាន់​មួយ​ដែល​យើង​រួមគ្នា​សម្រេច​បាន ហើយ​យើង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នៅ​កម្មវិធី​លើក​ក្រោយ​»។

សម្រាប់​ឆ្នាំនេះ CTM 2018  ទទួល​បាន​ក្រុមហ៊ុន​ចូល​រួម​តាំង​ពិព័រណ៍​ចំនួន ៥០០ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន ១៧៣ស្តង់ មក​ពី​៨០​ប្រទេស ដោយ​ក្នុង​នោះ​មាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​មក​ពី​តំបន់​អាស៊ាន អាស៊ាន+៣ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​សហគមន៍​ទេសចរណ៍។

ឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលរួមកាត់​ខ្សែបូសម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ២០១៨

ពិព័រណ៍​ទេសចរណ៍​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​​ជា​ការ​ណាត់​ជួប​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​ ដែល​ជា​ប្រភព​ទី​ផ្សារ​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​រួមមាន​អ្នក ទិញ (Buyers) ជាតិ​ និង អន្តរជាតិ ពាណិជ្ជ​ករ​ជា​អ្នក​ផ្តល់​ សេវាកម្ម​ជាតិ​ និង​អន្តរជាតិ (Seller ) ដើម្បី​បង្កើត​ឱកាស​ចាប់​ដៃ​គូ​អាជីវកម្ម។ ក្រៅ​ពី​នេះ​ក៏​មា​ន​ការ​ចូលរួម​ស្ថាប័ន​ទេសចរណ៍​ជាតិ​នានា​របស់​ប្រទេស​អាស៊ាន ដើម្បី​ទិញ​លក់​កញ្ចប់​ទស្សនកិច្ច​ នៃ​សេវាកម្ម​ទេសចរណ៍ ផ្លាស់​ប្តូរ​ ចែករំលែក​បទពិសោធន៍ និង​បង្កើត​ភាព​ជា​ដៃ​គូ​ក្នុង​ធុរកិច្ច​ជាមួយគ្នា​ សំដៅ​អភិវឌ្ឍ​វិស័យ​ទស​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​៕

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍

អត្ថបទ៖ ដេត លីដា