នារីៗប្រាប់លម្អិតពី សញ្ញាល្បិចថ្មីរបស់ជនខិលខូច ពេលជិះម៉ូតូបន្លំមកប៉ះហើយទាមទារសំណង

  • 2018-10-21 04:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីៗ​ ដែល​ធ្លាប់​ត្រូវ​បាន​ជនខិលខូច​ប៉ុនប៉ង​ធ្វើបាប ខណៈ​ដែល​ខ្លួន​កំពុង​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ពួកគេ​បាន​បង្ហោះ​សារ​ត្រៀម​ត្រា​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​អំពី​​​​ល្បិច​ថ្មី​របស់​ជន​ខិលខូច​ ដែល​ប្រើ​ដើម្បី​បាន​ផល​ចំណេញ។ ដែល​នេះ​ជា​ចែក​រំលែក​ដល់​សាធារណជន ជាពិសេស​​​មនុស្ស​ស្រី​ដទៃ​ ដែល​ធ្វើដំណើរ​តែម្នាក់​ឯង មិនថា​ពេលយប់​ ឬ​ពេល​ថ្ងៃ គួរ​ប្រុង​ប្រយ័ត្ន​សញ្ញាណ​មួយ​ចំនួន​រៀបរាប់​នៅ​ខាង​ក្រោម​៖

​​​​​​​​សារ​ខ្លី​មួយ​ដែល​យុវតី​មួយ​រូប​មាន​គណនី​ឈ្មោះ​ថា​ Srey Nich បាន​ចែក​រំលែក​កាលពី​កន្លងទៅ​ ដោយ​រៀបរាប់​ថា៖  

“ថ្ងៃនេះ​ ខ្ញុំ​ចេញ​ពី​សាលា​ម៉ោង​ ៨៖៣០​ យប់, ពេល​ជិះ​ឆ្លង​ស្តុប​តម្រង់​មក​ផ្ទះ​ មាន​អាយួន​មួយ​នោះ​ជិះ​អាស៊ុយ​ការ៉េ​ ជិះ​មក​ជិត​ៗ​ ហើយ​សួរ​ខ្ញុំ​ថា​ជិះ​មាន​មើល​ក្រោយ​អត់​។​ ហេតុ​តែ​មិន​យល់​ថា​​និយាយ​អ្វី ក៏​ឈប់​ម៉ូតូ​(នៅ​ផ្លូវ​កម្ពុជា​ក្រោម​) ហើយ​​មើល​មុខ​វា​ក៏​សួរ​ថា​​​ បង​និយាយ​អី ខ្ញុំ​មិន​យល់។

​វា​ថា​ខ្ញុំ​ជិះ​ប៉ះ​ម៉ូតូ​វា​ធ្វើ​ឲ្យ​ខូច​ស្នាម​ម៉ូតូ​វា​អី​ឯណា ​ទាំង​ដែល​ម៉ូតូ​វា​កញ្ចាស់​ស្រាប់។​ ខ្ញុំ​មិន​ដឹង​ថា​វា​កុហក​​ឬ​អត់​ទេ​ ក៏​សួរ​វា​ថា​វា​ដួល​មិន​មែន​ តែ​តាម​ពិត​ខ្ញុំ​មិន​បាន​លឺ​សំឡេង​អី​ទេ។​ វា​អះ​អាង​ថា​វា​ដួល​ហើយ​ឲ្យ​ខ្ញុំ​ចុះ​ពី​ម៉ូតូ​ទៅ​មើល​ម៉ូតូ​វា តែ​ខ្ញុំ​មិន​ចុះ​ដាច់​ខាត។​

វា​ថា​ខ្ញុំ​ឬក ហើយ​ពោល​ពាក្យ​គំរាម​ថា​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ហើយ​ឲ្យ​ខ្ញុំ​តេ​ហៅ​ប៉ា​ខ្ញុំ​រហូត ដោយ​ហេតុ​ថា​យប់​ហើយ​ក៏​មិន​ចង់​មាន​រឿង​ច្រើន​ ខ្ញុំ​ក៏​និយាយ​សុំទោស​ទៅ​បើ​ថា​ខ្ញុំ​ប៉ះ។ វា​ឃើញ​ខ្ញុំ​ចឹង​ កាន់​តែ​បាន​ចិត្ត​ វា​ឲ្យ​ខ្ញុំ​គិត​គូរ​លុយ​ឲ្យ​វា​តិច​តួច​ ខ្ញុំ​ក៏​ថា​ខ្ញុំ​អត់​លុយ​ទេ។​ ហើយ​វា​ខឹង​និយាយ​ពាក្យ​គំរាមកំហែង​ថែម​សុទ្ធ​តែ​ជិះ​បុក​ម៉ូតូ​ខ្ញុំ​វិញ​ហើយ​សង​លុយ​ខ្ញុំ​អី​ណា។

ដោយ​ហេតុ​ថា​ខឹង​ពេក​ ហើយ​វា​ទារ​ឲ្យ​សង ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ ​(លើក​ទី ១ ដែល​ជួប​ចឹង) ខ្ញុំ​ក៏​និយាយ​ថា​​ឲ្យ​វា​បុក​ម៉ូតូ​ខ្ញុំ​វិញ​ទៅ ​ព្រោះ​ខ្ញុំ​គ្មាន​លុយ​ឲ្យ​វា​ទេ(ដាច់​ខាត​អត់​ដក​របស់​ចេញ​ពី​កាតាប​ទេ)។​ វា​នៅ​តែ​និយាយ​ទារ​ឲ្យ​ខ្ញុំ​សង​វា​ ដោយ​សារ​តែ​កាន់​តែ​ខឹង​ និង​សង្ស័យ​ខ្លាំង​​ ខ្ញុំ​ក៏​ថា​ឲ្យ​ទៅ​ដោះស្រាយ​ជា​មួយ​ប៉ូលិស​ហើយ​ខ្ញុំ​ក៏​ជិះ​លឿន​ចេញ​ពីវា។​​

វា​ជិះ​តាម​ហើយ​វា​ខឹង​ខ្ញុំ​ខ្លាំង​ដែល​ទារ​លុយ​មិន​បាន។​ ដល់​ឈប់​ស្តុប​ណាន​ជីង​ ខ្ញុំ​ជិះ​ទៅ​ជិត​អ្នក​ផ្សេង​ ហើយ​វា​រក​ឲ្យ​ខ្ញុំ​ជិះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ឯ​ណា​ទេ។​ ខ្ញុំ​ថា​អត់។​ ខ្ញុំ​ថា​នៅ​ខាង​មុខ​​មាន​ប៉ុស្តិ៍​ទៅ​ដោះ​ស្រាយ​ហ្នឹង​ទៅ វា​ខឹង​ធ្វើអ្វី​មិន​បាន​ ព្រោះ​ជុំវិញ​សុទ្ធ​តែ​ម​នុស្ស​ណា​មួយ​ខ្ញុំ​និយាយ​លឺៗ​ផង វា​ក៏​យក​សោ​ម៉ូតូ​វា​វាយ​លើ​កុងទ័រ​ម៉ូតូ​ខ្ញុំ តែ​អត់​មាន​បែក​អី​ទេ។​ ខ្ញុំ​មើល​មុខ​វា​ ហើយ​ដល់​ស្តុប​ខៀវ ខ្ញុំ​ក៏​ជិះ​ទៅ។ ពេល​មើល​កញ្ចក់​ក្រោយ​ វា​​អត់​មក​តាម​ទេ។​ ខ្ញុំ​មក​ដល់​ប៉ុស្តិ៍​ជិត​ផ្ទះ ខ្ញុំ​ក៏​ឈប់​មើល​វា​ វា​អត់​មក​តាម​ទេ​ កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ច្បាស់​ថា​វា​ឆបោក”។​

តាម​រយៈ​ហេតុការណ៍​នេះ​ឪពុក​របស់​ម្ចាស់​គណនី​ខាង​លើ​បាន​ណែនាំ​ថា​ ៖

  • កុំ​ឈប់​ម៉ូតូ​និយាយ​ជា​មួយ​មនុស្ស​បែប​នេះ​ឲ្យ​សោះ​ បើ​យើង​ច្បាស់​ថា​មិន​បាន​ខុស​អី
  • ជិះ​ទៅ​រក​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅ​ជិត​ ឬ​កន្លែង​មាន​មនុស្ស​ច្រើន
  • រឿង​ជា​ច្រើន​អាច​កើត​ឡើង​ពេល​ដែល​អ្នក​ឈប់​ម៉ូតូ​និយាយ ដោយ​អាច​ត្រូវ​គេ​កញ្ឆក់​ម៉ូតូ​ជិះ​បាន ហើយ​ដក​ទូរសព្ទ​តេ​ទៅ​គ្រួសារ​ អាច​ត្រូវ​គេ​ឆក់​បាន​ទៀត​ផង​​​

ងាកមកយុវតីមួយ​រូប​ទៀតគណនីហ្វេសបុកឈ្មោះ Monykeo Horn ដែល​បាន​ជួប​ហេតុការណ៍​នេះ បាន​ប្រាប់ពីសញ្ញាជនខិលខូចទាំងនោះថា​៖

" សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នប្រហែលជាម៉ោង4រសៀល មានមនុស្សម្នាក់បានជិះម៉ូតូតាមនារីម្នាក់(ត្រូវជាភ្ញៀវរបស់ហាងកាហ្វេ Amazon western TK) មិនដឹងថាគាត់ចង់មានបំណងអ្វីទេ គាត់ជិះតាមនារីតាំងពីរង្វង់មូលអង់តែនទួលគោក រហូតមកដល់ Amazon westernTk នារីដែលត្រូវគាត់ដេញជិះម៉ូតូតែម្នាក់ឯងទេ ក៏មានបុរសម្នាក់ អាយុត្រឹមខ្ទង់ម្ភៃ មិនបាន ពាក់មួកសុវត្ថិភាពទេ ជិះម៉ូតូអាសង់ការេពណ៌ក្រហម ថ្ងាសមានស្នាមដូចគេកាប់ គាត់បានជិះមកជិតនារីនោះ ហើយនិយាយថា ហែងជិះម៉ូតូអត់ចេះមើលគេមើលឯងទេអី ជិះខុសគេ ជិះប៉ះបងឲ្យដួលហើយ ហែងនៅអត់ដឹងទៀត ឲ្យគាត់ឈប់ម៉ូតូចូលគៀននិយាយគ្នាសិន នារីដែលត្រូវជាភ្ញៀវហាងរបស់ខ្ញុំក៏មិនព្រម ហើយនិយាយប្រាប់ថាខ្ញុំរវល់ មានការប្រញាប់ណាស់ ហើយក៏ជិះទៅមុខទៀតរហូតដល់ហាងកាហ្វេAmazon western TK គាត់នុះក៏តាមនារីនុះ ដល់មានការទាស់ទែងដល់ថ្នាក់ទារលុយសង១០ដុល្លារទាំងដែលគាត់អត់បានបុកត្រូវម៉ូតូវាសោះ ហើយនៅចង់ចង់ហៅប៉ូលីសមកចរចារទៀត យីអានេះខ្លាំងផង។

លុះដល់ពេលខ្ញុំចេញទៅមើលថាមានរឿងអីកើតឡើង ក៏ឃើញភិនភាគបុរសនុះដូចដែរភិនភាគគេផ្អើលបុរសនឹងពេញ Facebook ឃើញថាបុរសនឹងមើលទៅអត់ខុសប្លែកដូចដែលគេបានផុសក្នុង Facebook ខាងបុគ្គលិកយើងខ្ញុំក៏ជួយនិយាយ និយាយយូរទៅឡប់ឡែរអស់ ក៏ហៅសន្តិសុខដេញផះក្រញុាំ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាទៅ ល្បិចនេះឡូយដល់ហើយ ទៅណាមកណាកុំជិះតែម្នាក់ឯងអី ជាពិសេសផ្លូវស្ងាត់ កុំថាឡើយពេលយប់ វា ហ៊ានធ្វើសកម្មភាពទាំងថ្ងៃចែសតែម្តង។សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាណា" ។

បន្ទាប់​ពី​មាន​ការ​ចែករំលែក​ហូរហែពី​រឿង​នេះ​ដែរ​ មាន​អ្នក​លេង​ Facebook មួយ​ចំនួន ជាពិសេសនារី​ៗឯទៀត​​ ក៏​បាន​ចេញ​មុខ​មក​និយាយ​ថា​ ពួក​គេ​ក៏​ធ្លាប់​ជួប​ហេតុការណ៍​ដូច​គ្នា​នឹង​ម្ចាស់​គណនី​ខាង​លើ​ដែរ។ ដូច​នេះ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ មិនថាពេល​យប់​ ឬថ្ងៃ​​ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ និង​​ត្រូវ​គិត​ឲ្យ​បាន​ជ្រៅ​ពេល​ជួប​ហេតុការណ៍​ណា​មួយ៕

​​

អត្ថបទ៖ ស៊ិន សាវ៉េត