ចង្វាក់​ប្រយុទ្ធ​យ៉ាង​ល្អ​ធ្វើ​ឲ្យ​​ Arsenal ​បន្ត​ឈ្នះ​​៧​​ប្រកួត​ជាប់​គ្នា​នៅ​ EPL

  • 2018-10-23 01:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាំភ្លើង​ធំ​ Arsenal បាន​​បន្ត​ឈ្នះ៧​ប្រកួត​​ជាប់​ៗ​គ្នា បន្ទាប់​ពី​បង្ហាញ​ចង្វាក់​ប្រយុទ្ធ​យ៉ាង​ល្អ​ រួម​ទាំង​យក​ឈ្នះ​ទៅ​លើ Leicester City ៣-១ កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៩ នៃ​​ក្របខ័ណ្ឌ​​កំពូល​របស់​អង់គ្លេស​ English Premier League ​ក្នុង​ទឹក​ដី​របស់​ Arsenal ។

បើ​គិត​ទៅ​លើ​ការ​ប្រកួត​ទាំង​អស់​របស់ Arsenal ពួក​គេ​បាន​ចាញ់​ពីរ​ប្រកួត​បើក​ឆាក​ដំបូង ដោយ​ចាញ់​ក្រុ​ម​ខ្លាំង Chelsea ៣-២ និង​ចាញ់​ Man City ២-០។ តាំង​ពីរ​ចាញ់​នោះ​មក​ពួក​គេ​មិន​ដែល​​ស្មើ​ឬ​ចាញ់​ឡើយ​ពោល​គឺ​ឈ្នះ​រហូត ហើយ​បើ​សរុប​ទាំង​ឈ្នះ​យប់​មិញ​ផង​នោះ​ពួក​គេ​​បន្ត​ឈ្នះ​​៧​ប្រកួត​ជាប់​ៗ​គ្នា​​។

សម្រាប់​​ជំនួប​យប់មិញ​ ​​បើក​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​​​វាយ​សម្រុក​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​នាទី​ទី៣១ ខ្សែ​ការពារ​របស់​​ម្ចាស់​ផ្ទះ Hector Bellerin បាន​ព្យាយាម​រារាំង​បាល់​មិន​ឲ្យ​ដៃ​គូ​កាត់​ចូល​កណ្ដាល​ ប៉ុន្តែ​​ប៉ះ​ជើង​​ខ្ទាត​ចូល​​ទី​ខ្លួន​​ឯង​។ រហូត​ដល់​នាទី​ទី​៤៥ ចុង​វគ្គ​ទី​១ ទើប​​ខ្សែ​បម្រើ Mesut Özil តាម​បាន​ស្មើ​ ១-១ ។ ចប់​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​១-១។

​ដោយ​មើល​ឃើញ​ពី​ភាព​ចន្លោះ​ប្រហោង​នៅ​តំបន់​ប្រយុទ្ធ​របស់​​ខ្លួន​ Unai Emery ​ដែល​ជា​អ្នក​ចាត់ការ​បាន​ប្ដូរ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន​ P. Aubameyang ចូល​ជំនួស​​ខ្សែ​ការពារ​ ​S. Lichtsteiner ​នៅ​នាទី​ទី​៦១។ ប្ដូរ​ចូល​បាន​តែ​២​នាទី​ប៉ុណ្ណោះ Aubameyang រក​បាន​​គ្រាប់​បាល់​នាំ​មុខ​​ ២-១ វិញ​នៅ​នាទី​ទី​៦៣ និង​​៣​នាទី​បន្ទាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដដែល​រក​បាន​គ្រាប់​បាល់​ទី​២ នៅ​នាទី​ទី​៦៦ ពោល​ធ្វើ​ឲ្យ​ Arsenal នាំ​មុខ ៣-១ គិត​ត្រឹម​នាទី​ទី​៦៦។ ក្រុម​ទាំង​ពីរ​បន្ត​បង្កើត​ឱកាស​នៅ​មុខ​ទី​ដៃ​គូ​រៀង​ខ្លួន ប៉ុន្តែ​មិន​មាន​​ក្រុម​ណា​អាច​រក​គ្រាប់​បាល់​បាន​ទៀត​ឡើយ រហូត​​ដល់​ចប់​​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បញ្ចប់​​ដោយ​លទ្ធផល ៣-១ ៕

ទស្សនា​វីដេអូ​ការ​ប្រកួត​​ត្រង់​ចំណុច​សំខាន់​ៗ​ឡើង​វិញ​៖​

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​