១២​ ចំណុចងាយៗ ធ្វើ​ឱ្យ​រថយន្ត​អ្នក​ស៊ីប្រេង​តិច

  • 2018-10-23 03:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​តម្លៃប្រេង​នៅ​តែ​ឡើងចុះៗគ្មាន​ថ្ងៃ​ឋិតថេរ ដែលជា​កត្តា​មួយ​​ធ្វើឱ្យ​​អ្នកប្រើប្រាស់​យាន​ជំនិះ​ព្រួយបារម្ភ។ ពាក់ព័ន្ធ​នឹង​បញ្ហានេះ យើងសូម​លើក​យក​ ១២ ចំណុច ធ្វើ​ឱ្យ​រថយន្ត​ស៊ីប្រេង​តិច មក​បង្ហាញ​ជូន​ដូច​ខាងក្រោម៖ ​​

១. ពិនិត្យ​សម្ពាធ​ខ្យល់​កង់

កង់​ធូរ​ធ្វើ​ឱ្យ​រថយន្ត​ស៊ី​ប្រេង​ច្រើន ដូច្នេះ​ចូរ​ត្រួត​ពិនិត្យ​ខ្យល់​កង់​រថយន្ត ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ​ម្ដង​ក្នុង​មួយ​ខែ ព្រោះ​វា​អាច​កាត់​បន្ថយ​អត្រា​ស៊ីប្រេង​បាន​៥​%។

​​២. ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន

ពេល​បើកបរ បើ​សិន​ជា​អាច ចូរ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន Cruise Control ឬ Speed Control ព្រោះ​ប្រព័ន្ធ​នេះ​អាច​ជួយ​សន្សំសំចៃ​ប្រេង​បាន​៦%។

​ ៣. ពិនិត្យ​ក្បាល​អាគុយ

ចូរ​ឧស្សាហ៍​ពិនិត្យ​អាគុយ​រថយន្ត។ បើ​ក្បាល​អាគុយ​មាន​ច្រែះ ត្រូវ​​ជូត​សម្អាត​ឱ្យ​បាន​ស្អាត ព្រោះ​វា​ធ្វើ​ឱ្យ​ម៉ាស៊ីន​ភ្លើង​ធ្វើការ​ខ្លាំង និង​ស៊ីប្រេង​ច្រើន។

 ៤. កុំ​ឈប់​រថយន្ត​យូរ​ពេក (ច្រើន​ជាង​១នាទី)

ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ពេល​កំពុង​បើកបរ​ហើយ​ឈប់​រថយន្ត​នោះ គឺ​មិន​គួរ​ឈប់​ឱ្យ​ច្រើន​​ជាង​១​នាទី​ទេ ព្រោះ​រថយន្ត​នឹង​ស៊ីប្រេង កន្លះ​​ហ្គាឡុង​ទៅ១​ហ្គាឡុង ( ១​ហ្គាឡុង​ជាង​៣លីត្រ ) ក្នុង​១ម៉ោង តែ​បើ​រថយន្ត​ស៊េរី​ទំនើប​អាច​ស៊ី​តិច​ជាង​នេះ។   ៥. ប្ដូរ​តម្រង​ខ្យល់​ឱ្យ​បាន​ញឹកញាប់

បើ​រថយន្ត​បើក​បរ​លើ​ផ្លូវ​សំបូរ​ដោយ​ធូលី​ដី ម្ចាស់​រថយន្ត​ត្រូវ​ប្ដូរ​តម្រង​ខ្យល់​ឱ្យ​បាន​ញឹកញាប់បន្តិច។   ៦. ឧស្សាហ៍​ត្រួត​ពិនិត្យ​ម៉ាស៊ីន និង​គ្រឿង​ក្រោម​

ម៉ាស៊ីន​ជា​ផ្នែក​សំខាន់​នៃ​រថយន្ត ហើយ​បើ​ម៉ាស៊ីន​មាន​បញ្ហា ត្រង់​ចំណុច​ណា​មួយ ដូចជា Sensor អុកស៊ីហ្សែន ប៊ូស៊ី និង​តម្រង​ខ្យល់ តម្រង​ប្រេង​ទៀតសោត នឹង​ធ្វើ​ឱ្យ​​រថយន្ត​ស៊ីប្រេង​ច្រើន ម្ល៉ោះ​ហើយ​​អ្នកបើកបរ គួរ​​យក​រថយន្ត​ទៅ​​​ពិនិត្យ​នៅ​​យានដ្ឋាន។ ចំណែក​គ្រឿង​ក្រោម​ក៏​អ៊ីចឹង​ដែរ ត្រូវ​ពិនិត្យ​ឱ្យ​ទៀងទាត់ ក្រែង​មាន​​បញ្ហា​ត្រង់​ផ្នែក​ណា​មួយ។ ​   ៧. បើក​រថយន្ត​ក្នុង​ល្បឿន​នៅ​លេខ​ខ្ពស់

រថយន្ត​មាន​ចំនួន​លេខ​ខុស​គ្នា ខ្លះ​មាន​៥​លេខ ខ្លះ​មាន​៦​លេខ ដូច្នេះ​លេខ​ទី៥ ​និង​ទី៦​នេះ ជា​លេខ​ខ្ពស់។ ឧទាហរណ៍ បើ​បើក​ក្នុង​ល្បឿន​លឿន​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​លើ​ផ្លូវ​ហាយវេ នៅ​ត្រឹម​លេខ​៣ រថយន្ត​នឹង​ស៊ី​ប្រេង​២៥% ច្រើន​ជាង​លេខ​៥​ឬ​លេខ​៦។ 

៨. មិន​ត្រូវ​បើក​រថយន្ត​ច្រងាប់ច្រងិល

បើក​លឿន ហើយ​បន្ថយ​ល្បឿន​លឿន រថយន្តនឹង​ស៊ីប្រេង​ច្រើន។ បើ​បើក​រថយន្ត​តាម​​លក្ខណៈ​ធម្មតា (Drive smoothly) មិន​ជាន់​ហ្វ្រាំង ​ឬ​ហ្គែរ​ខ្លាំងៗ នឹង​កាត់​បន្ថយ​អត្រា​ស៊ីប្រេង​បាន​ច្រើន។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា បើក​ដោយ​ប្រើ​តិចនិក​ល្អ ធ្វើ​ឱ្យ​រថយន្ត​សន្សំ​​ប្រេង​បាន​៣០%។

​ ៩. មិន​ត្រូវ​ផ្ទុក​ទម្ងន់​ធ្ងន់​ពេក

ចំណុច​ទី​៩​នេះ បើ​មិន​ចង់​ឱ្យ​រថយន្ត​ស៊ីប្រេង​ច្រើន សូម​កុំ​ផ្ទុក​​ទម្ងន់លើ​រថយន្ត​​ធ្ងន់​ពេក។ ទម្ងន់​ស្រាល រថយន្ត​​បញ្ចេញ​ឧស្ម័ន​កាបូនិក និង​ស៊ីប្រេង​តិច។ ​ ១០. ជ្រើស​ប្រេង​ឱ្យ​ត្រូវ​រថយន្ត ចូរ​ជ្រើស​ប្រេង​សាំង​គុណភាព​ល្អ ឱ្យ​ត្រូវ​នឹង​រថយន្ត​ដែល​កំពុង​ប្រើប្រាស់។ 

១១. កុំ​ជាន់​ហ្វ្រាំង​ពេក​ពេល​បើក

អ្នកបើកបរ​មួយ​ចំនួន មិន​ចោល​ទម្លាប់​ជាន់​ហ្វ្រាំង​រថយន្ត ពេល​បើក​បរ​ឡើយ។ ទម្លាប់​អាក្រក់​នេះ ធ្វើ​ឱ្យ​ម៉ាស៊ីន​រត់​តឹង ឆាប់​ធ្លាក់ និង​ស៊ីប្រេង​ច្រើន។   ១២. ជៀសវាង​បើក​លើ​ផ្លូវ​ពិបាក

ដើម្បី​ឱ្យ​រថ​យន្ត​សន្សំសំចៃ​ប្រេង​បាន​៣០% អ្នកបើកបរ​មិន​គួរ​បើក​លើ​ផ្លូវ​មាន​ក្រួស​ ភក់ ឬ​ផ្លូវ​ពិបាក​ផ្សេងៗ​ទៀត៕ ​

ប្រភព៖ Theglobeandmail   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី